សារព័ត៌មានរាយការណ៍ថា សភាតួកគីកាលពីយប់ថ្ងៃទី៥ កុម្ភៈ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ ដ៏ចម្រូងចម្រាស់ដែលពង្រឹងការត្រួតពិនិត្យរបស់រដ្ឋលើអុីនធើរណេត ដែលបែបនោះត្រូវបានពួកប្រឆាំងថា ជាការបំផ្លាញសេរីភាព ហើយអង្គការក្រៅរដ្ឋាភិបាលជាច្រើនក៏យល់ឃើញដូច្នោះដែរ ។
គម្រោងច្បាប់នោះអាចជាពិសេសឱ្យអាជ្ញាធររដ្ឋាភិបាលទទួលបន្ទុកខាងទូរគមនាគមន៍ TIB រាំងខ្ទប់ដោយពុំចាំបាច់មានការសម្រេចរបស់តុលាការបណ្តាបណ្តាញអុីនធើរណេត ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតឯកជន ឬដែលចេញផ្សាយខ្លឹមសារទាំងឡាយ ចាត់ទុកថា ជាការរើសអើសផ្សេងៗ ឬការប្រមាថ ។ ច្បាប់នោះក៏អនុញ្ញាតផងដែរដល់ TIB ប្តឹងតុលាការចំពោះពួកអ្នកផ្តល់បណ្តាញអុីនធើរណេត ហើយឱ្យរក្សាទុករយៈពេល២ឆ្នាំ នូវព័ត៌មានទាំងឡាយ ក្នុងបណ្តាញអុីនធើរណេត ដែលមើលដោយអ្នកប្រើអុីនធើរណេតម្នាក់ៗ ។
ដាក់ក្នុងក្របខណ្ឌនៃគម្រោងច្បាប់មួយដោយសមាជិកសភាម្នាក់ នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ AKP កំពុងកាន់អំណាចច្បាប់ថ្មីនោះ ត្រូវបានអនុម័តប៉ុន្មានម៉ោងក្រោយ ការជជែកដេញដោលគ្នាយ៉ាងខ្លាំង ពិសេសជាមួយក្រុមប្រឆាំងក្នុងសភា ។ សមាជិកសភានៃគណបក្សប្រឆាំងជាច្រើនរូប បានឡើងលើវេទិកាកាលពីថ្ងៃទី៥ កុម្ភៈ ដើម្បីបរិហារការត្រួតពិនិត្យបែបនេះ តាមរយៈច្បាប់ថ្មីនោះ ដោយរដ្ឋាភិបាលអ៊ិស្លាម-អភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រី វីសេប តៃយីប អ័រដូហ្គាន ដែលកាន់អំណាចចាប់តាំងពីឆ្នាំ២០០២មក ។
គណបក្ស AKP មានសំឡេងភាគច្រើនដាច់ខាត៣១៩កៅអី ក្នុងចំណោមកៅអីទាំង៥៥០ក្នុងសភា ។ ក្នុងរបាយការណ៍មួយស្តីពីតម្លាភាពចេញផ្សាយកាលពីខែធ្នូកន្លងមកនេះ ក្រុមហ៊ុនអុីនធើរណេតយក្ស GOOGLE ធ្លាប់បានចាត់បញ្ចូលប្រទេសតួកគី ជាមួយប្រទេសចិន ក្នុងចំណាត់ថ្នាក់ទីមួយ នៃការត្រួតពិនិត្យវេបសាយ ។ ការអនុម័តច្បាប់នេះ ធ្វើឡើងខណៈពេលរដ្ឋាភិបាលរបស់លោក អ័រដូហ្គាន ជួបប្រទះចាប់តាំងពីពាក់កណ្តាលខែធ្នូមក នឹងរឿងអាស្រូវពុករលួយធំមួយពុំធ្លាប់មានពីមុនមក ។ ម្យ៉ាងទៀត ប្រទេសនេះត្រូវរៀបចំធ្វើការបោះឆ្នោតក្រុងនាថ្ងៃទី៣០ មីនា ព្រមទាំងការបោះឆ្នោតប្រធានាធិបតី នាខែសីហា ឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ