រាជធានីភ្នំពេញ ៖ អ្នកបើកបររ៉ឺម៉កម៉ូតូម្នាក់ ត្រូវបុរសម្នាក់ជិះម៉ូតូឆាលីតាមកៀរឲ្យដួល រួចយកដុំថ្មគប់បណ្តាលឲ្យបែកមុខហូរឈាមស្រោចរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ស័ក្តិ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកបើកបររ៉ឺម៉កម៉ូតូ រងរបួសធ្ងន់បែកក្បាលបែកមុខ ចំណែកអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ មី អូន ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសជើងស្រាលដោយសារក្រឡាប់រ៉ឺម៉កម៉ូតូ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីម្នាក់បានហៅរ៉ឺម៉កម៉ូតូជិះពីផ្សារកាណាឌីយ៉ា ទៅផ្ទះម្តុំភូមិដំណាក់ធំ៣ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឆាលី ពណ៌ស ១គ្រឿង ជិះតាមកៀរឆ្វេងស្តាំដោយមិនដឹងមូលហេតុអ្វីឡើយ បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ដួល ហើយបុរសរូបនោះ ក៏បានស្ទុះទៅយកដុំថ្មគប់ទៅលើបុរសអ្នកបើកបររ៉ឺម៉កម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង៕
ចែករំលែកព័តមាននេះ