រាជធានីភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា និងមានកំណើនឡើងក្នុងឆ្នាំ២០១៤ នេះ បើទោះបីជាកម្ពុជាជួបបញ្ហាវិបត្តិនយោបាយក្តី ។ នៅក្នុងឆ្នាំ២០១៣-២០១៤ សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនពី៧% ទៅ៧,៥% ក្នុងពេលដែលឆ្នាំ២០១៤ នេះ គេព្យាការណ៍ថា នឹងឡើងដល់៧,២% ។ ការកើនឡើងនៃវិស័យសេដ្ឋកិច្ចត្រូវបានគេមើលឃើញថា វិស័យនានាដែលជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា បានបន្តដំណើរការដដែល ដូចជាវិស័យកាត់ដេរ វិស័យកសិកម្ម ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាដើម ហើយក្រៅពីនោះ វិស័យធនាគារនៅកម្ពុជា ក៏បានរំពឹងថា នឹងអាចរីកចម្រើនផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំដោយមានទាំងធនាគារក្នុងស្រុក និងធនាគារបរទេសមកវិនិយោគថ្មីៗជាដើម ។
យោងតាមប្រសាសន៍លោកអិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អិល ស៊ី បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៤ នេះ ធនាគារអេស៊ីលីដា នឹងរកប្រាក់ចំណេញឱ្យបាន១០០លានដុល្លារអាមេរិក ខណៈដែលឆ្នាំ២០១៣ ធនាគារអេស៊ីលីដា រកប្រាក់ចំណេញបានត្រឹមតែប្រហាក់ប្រហែលជាង៧៨លានដុល្លារប៉ុណ្ណោះ ។ លោកមានប្រសាសន៍ដូចនេះ ដោយសារតែលោកបានសំលឹងមើលឃើញថា ប្រជាជនកម្ពុជាជាច្រើនមានកម្រិតជីវភាពធូរធាអាចពង្រីកមុខរបរបានច្រើន ហើយកំណើន GDP ក៏ត្រូវបានគេវាយតម្លៃថា នឹងអាចកើនឡើងផងដែរ ក្នុងឆ្នាំ២០១៤ នេះ ៕
ចែករំលែកព័តមាននេះ