ខេត្តកំពង់ធំ ៖ ក្បួនរទេះដឹកឈើចេញពីព្រៃដូចហែកឋិនពុំត្រូវបានសមត្ថកិច្ច ឬស្ថាប័នណាចាត់វិធានការបង្ក្រាបនោះទេ ដែលត្រូវបានគេដឹងថា សមត្ថកិច្ចមេព្រៃអសមត្ថភាពក្នុងការទប់ស្កាត់ ការចូលអារឈើអានាធិបតេយ្យ ស្ថិតនៅក្នុងចំណុចស្នងអន ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមការឱ្យដឹងពីម្ចាស់រទេះដឹកឈើបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នមានរទេះដឹកឈើពី៣០ទៅ៤០គ្រឿងនោះទេ តែមុននឹងចេញមកដឹកត្រូវបានទូរស័ព្ទសុំលោកមេព្រៃ និងប៉ូលិស បរិស្ថាន ប៉េអឹម និងស្ថាប័នដទៃទៀតអស់ហើយ ដោយមានអ្នករត់ការ ។ ចំណែកពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកក្នុងមួយលើក១៥ម៉ឺនរៀលតែប៉ុណ្ណោះ ដែលឈ្មួញបានអារឈើស្តុកទុកក្នុងព្រៃក្រោយមកក៏បានឱ្យពួកគាត់ជាអ្នកទៅដឹកចេញពីព្រៃនៅចំណុចស្នងអន ក្បែរភ្នំជី រួចបាននាំយកឈើមកស្តុកទុកនៅក្នុងភូមិស្រែព្រីង រង់ចាំរថយន្តមកដឹកចេញនៅពេលយប់ ។ ប្រភពបានបន្តថា នៅពេលដែលរថយន្តរបស់ឈ្មួញបានចេញមកដឹកឈ្មួញបានយកឈើទាំងនេះដាក់រថយន្តយីឌុបផ្នែកខាងក្រោម និងបានដាក់ដំឡូងមីពីលើ ឬស្រូវពីលើ រួចដឹកចេញមកតាមផ្លូវបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកតិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឱ្យដឹងថា លោករីករាយ និងសហការជាមួយនឹងអ្នកសារព័ត៌មានដែលបានជួបនឹងបទល្មើសព្រៃឈើ សូមឱ្យទូរស័ព្ទមកលោក លោកនឹងចាត់កម្លាំងឱ្យចុះទៅបង្ក្រាបភ្លាម ដោយមិនអនុញ្ញាតឱ្យចូលកាប់រានព្រៃដោយអានាធិបតេយ្យនោះទេ ។ តែមានការលើកលែងចំពោះប្រជាពលរដ្ឋណា ដែលមានលំនៅឋានក្បែរព្រៃឈើ មានបំណងចង់សាងសង់ផ្ទះ អាចធ្វើការស្នើសុំកាប់ឈើធ្វើផ្ទះបាន ដោយមានការឯកភាពពីមេឃុំ អភិបាលស្រុក និងអភិបាលខេត្ត ព្រមទាំងមានគណៈកម្មការចុះត្រួតពិនិត្យជាក់ស្តែង និងតម្រូវឱ្យកាន់ឈើដែលកំណត់ឱ្យកាត់ មិនមែនកាត់តាមអំពើចិត្តដឹកបួនដប់រទេះ ហើយនៅតែមិនគ្រប់នោះទេ ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ ព្រោះព្រៃឈើកំពុងតែហិនហោចអស់ហើយ បើសមត្ថកិច្ចមិនមានឆន្ទះបង្ក្រាបទេនោះ ព្រៃឈើនឹងរលាយ ដោយសារដៃឈ្មួញជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ