សំបុត្រគំរាមចាប់ជំរិតពីជនអនាមិកមួយច្បាប់ប្រឆាំងនឹងអត្តពលិកអូទ្រីស២រូបដែលគ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្រុងសូជី ត្រូវបានទទួលដោយគណៈកម្មាធិការកីឡាអូឡាំពិករបស់ប្រទេសអូទ្រីស ។ នេះបើយោងតាមការអះអាងរបស់លោក Peter Mennet ដែលជាអគ្គលេខាធិការកាលពីថ្ងៃអង្គារទី៤ កុម្ភៈ ។
សំបុត្រអនាមិកត្រូវបានគេប្លុងចោលក្នុងប្រអប់ប្រៃសណីយ៍នៅការិយាល័យគណៈកម្មាធិការកីឡាអូឡាំពិករបស់ប្រទេសអូទ្រីស ទីក្រុងវីយែន កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ ។ ក្នុងសំបុត្របានសរសេរគំរាមចាប់ជំរិតអត្តពលិក២រូបឈ្មោះ Marlies Schild និង Janine Flock ។
ទាក់ទិននឹងការគំរាមនេះ គណៈកម្មាធិការកីឡាអូឡាំពិករបស់ប្រទេសអូទ្រីសបានបញ្ជាក់ថា ខ្លួនបានជូនដំណឹងដល់ភ្នាក់ងារឧក្រិដ្ឋកម្មសហព័ន្ធ និងអាជ្ញាធររុស្ស៊ីរួចជាស្រេចហើយ ។ លោក Mennet បាននិយាយថា បណ្តាអត្តពលិកអូទ្រីសនឹងត្រូវបានការពារសន្តិសុខដោយកម្លាំងប៉ូលិសពិសេសនៅពេលពួកគេចាកចេញពីភូមិគ្រឹះអូឡាំពិក ។
គួរកត់សម្គាល់ថា ការគំរាមចាត់ជំរិតអត្តពលិកអូទ្រីសបានកើតមានក្រោយពីការគំរាមរបស់ពួកភេរវជនប្រឆាំងនឹងបណ្តាគណៈកម្មាធិការអូឡាំពិកអឺរ៉ុប ដែលមកចូលរួមការប្រកួតនៅក្រុងសូជី ។ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ការគំរាមទាំងអស់នេះគឺតែងកើតមានជាធម្មតានៅមុនការប្រកួតព្រឹត្តិការណ៍កីឡាធំៗ ៕
ចែករំលែកព័តមាននេះ