ទីក្រុងប៉េកាំង ៖ សមាគមកីឡាបាល់ទាត់របស់ប្រទេសចិន ហៅកាត់ថា CFA កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថា ខ្លួនគ្រោងនឹងបង្កើតក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិ ដែលត្រូវបានស្គាល់ថា Esports។ ការប្រកាសពីស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ចិន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្របាល់ទាត់ ក៏ដូចជា Esports របស់ចិន បន្ទាប់ពីការបង្ហាញទម្រង់លេងមិនល្អរបស់ក្រុមជម្រើសជាតិឈុតធំចិន និងខកខានឱកាសប្រជែងកៅអីព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំក្រោយ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
CFA បានប្រកាសថា ក្រុមបាល់ទាត់ Esports ជម្រើសជាតិចិនដ៏ថ្មីសន្លាំង នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA សហព័ន្ធទ្វីបអាស៊ី AFC និងស្ថាប័នបាល់ទាត់ផ្សេងទៀត។
CFA កាលពីខែមុន បានបណ្តេញគ្រូបង្វឹកជម្រើសជាតិបុរសឈុតធំ លោក Branko Ivankovic បន្ទាប់ពីការចាញ់ក្រុមឥណ្ឌូណេស៊ីដោយលទ្ធផល ១-០ ដែលជាលទ្ធផលបញ្ចប់ក្តីសង្ឃឹមរបស់ចិន នៅក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ទ្វីបអាស៊ី។ ទោះជាយ៉ាងនេះក្តី ខណៈពេលដែលបច្ចុប្បន្នចិនធ្លាក់ចំណាត់ថ្នាក់ពិភពលោកដល់ទី៩៤ ដែលជាខកចិត្តខ្លាំងពីបណ្តាអ្នកគាំទ្រនោះ ក្រឡេកទៅវិស័យ Esports របស់ប្រទេសចិនឯណោះវិញ កំពុងរីកចម្រើនយ៉ាងខ្លាំង។
ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ ឧស្សាហកម្មទំនើបមួយនេះមានអ្នកប្រើប្រាស់ប្រមាណ ៤៩០លាននាក់ ដោយបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៨,៥ពាន់លានដុល្លារ និងបានរៀបចំការប្រកួតកីឡាចំនួន១២៤កម្មវិធី។ នៅឯព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៣ ក្រុម Esports របស់ចិនបានឈ្នះមេដាយមាសចំនួន៤គ្រឿងក្នុងចំណោម ៥ មេដាយមាស។
តាមរយៈភាពរីកចម្រើនឥតឈប់ឈរនេះហើយ ទើបបានជា CFA ចង់ប្រឡូកក្នុងវិស័យ Esports ប៉ុន្តែការហក់ចូលនេះ បានបង្កឱ្យមានប្រតិកម្មចម្រុះក្នុងចំណោមអ្នកគាំទ្របាល់ទាត់ចិន។ អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ម្នាក់បានសរសេរថា «ខ្ញុំគិតថា វាពិតជាអាចដំណើរការបាន ព្រោះយើងមានមូលដ្ឋានដ៏រឹងមាំ Esports ជាច្រើននៅក្នុងប្រទេសរបស់យើង ហើយការជ្រើសរើសអ្នកមានទេពកោសល្យ ជារឿងយុត្តិធម៌បំផុត»។
ទោះយ៉ាងណាក៏ដោយ ម្ចាស់គណនីផ្សេងទៀតហាក់មិនសូវមានសុទិដ្ឋិនិយមទេ ចំពោះរឿងនេះ ដោយមតិមួយបានសរសេរថា «ពួកគេបានធ្វើឱ្យបាល់ទាត់ពិតមានភាពរញ៉េរញ៉ៃរួចទៅហើយ ចុះឥឡូវនេះ ពួកគេចង់ធ្វើឱ្យកីឡាបាល់ទាត់អេឡិចត្រូនិករញ៉េរញ៉ៃទៀតឬយ៉ាងណា?



ចែករំលែកព័តមាននេះ