កីឡាករវាយសីលំដាប់ទី១ ពិភពលោកជាតិម៉ាឡេស៊ី Lee Chong Wei បានបញ្ជាក់ថា ខ្លួននឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ All-England Badminton Championships ដែលនឹងត្រូវរៀបចំធ្វើនៅទីក្រុង Birmingham ប្រទេសអង់គ្លេស ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមីនាខាងមុខ ។
Chong Wei ដែលទើបបានយកឈ្នះពាននៅប្រទេសរបស់ខ្លួនកាលពីខែមករាកន្លងមកកំពុងសម្លឹងរកការឈ្នះពាននៅប្រទេសអង់គ្លេសជាថ្មីម្តងទៀត ។ សូមរំលឹកថា កីឡាករម៉ាឡេស៊ីរូបនេះធ្លាប់បានយកឈ្នះជើងឯក All-England BadmintonChampionships ចំនួន២លើករួចមកហើយ គឺនៅឆ្នាំ ២០១០ និង២០១១ ។
យ៉ាងណាក៏ដោយ បំណងដែលយកឈ្នះពាន All-England Badminton Championshipsលើកទី៣ របស់គេអាចនឹងជួបឧបសគ្គខ្លះៗដ្បិត Chen Long ដែលជាកីឡាករការពារជើងឯកបានបញ្ជាក់យ៉ាងមុតមាំថា ខ្លួននឹងការពារពានឆ្នាំចាស់ឱ្យខាងតែបាន ។
កាលពីប្រកួតបើករដូវកាលនៅប្រទេសកូរ៉េខាងត្បូង គឺកីឡាករចិនរូបនេះហើយដែលបានបំបាក់ Chong Wei ។ ដោយឡែកអតីតម្ចាស់ជើងឯក All-England Badminton Championships ៣រូបមកពីប្រទេសចិនគឺនាង Li Xuerui, Wang Yihan និងនាង Wang Shixian ក៏បានបញ្ជាក់ពីការចូលរួមប្រកួតប្រជែងនៅឆ្នាំនេះផងដែរ ៕
ចែករំលែកព័តមាននេះ