Marc Marquez បានក្លាយជាអ្នកបើកបរលឿនជាងគេក្នុងព្រឹត្តិការណ៍ប្រណាំងសាកល្បង Moto Grand Prix បើករដូវកាលថ្មីឆ្នាំ២០១៤នៅក្រុងសេប៉ាងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ទី៤ កុម្ភៈ ។ ក្នុងនាមជាអ្នកបើកបរឱ្យក្រុមហុងដា និងជាជើងឯកពិភពលោកឆ្នាំ២០១៣ កីឡាករអេស្ប៉ាញរូបនេះបានបញ្ចប់ការប្រណាំងមួយជុំទីលាន ដោយប្រើថិរវេលា២នាទី និង០.២៨៦វិនាទី នាំមុខកីឡាករអុីតាលី Valentino Rossi បើកបរឱ្យក្រុមយ៉ាម៉ាហាដែលប្រើអស់ថិរវេលាច្រើនជាង០.៥១៨វិនាទី ។
ចំណែកកីឡាករ Dani Pedrosa ដែលបើកបរឱ្យក្រុមហុងដាដែរនោះបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៣ បន្ទាប់ពីបានប្រើអស់ថិរវេលាច្រើនជាង០.៦២០វិនាទី ។ ឯកីឡាករអង់គ្លេស Bradley Smith បញ្ចប់ការប្រណាំងក្នុងលំដាប់ទី១០ ខណៈកីឡាករមិត្តរួមជាតិគេ Cal Crutchlow បញ្ចប់ក្នុងលំដាប់ទី១៤ ។ សូមបញ្ជាក់ថា ការប្រណាំងសាកល្បងត្រូវធ្វើ២លើកទៀត ។ ចំណែកការប្រណាំងបើកឆាកធ្វើនៅថ្ងៃទី២៣ ខែមីនា ក្នុងទីលាន Losail Circuit ប្រទេសកាតា ៕
ចែករំលែកព័តមាននេះ