សហគ្រាសរដ្ឋអីុស្រាអែល AEROSPACE INDUSTRIES (IAI) កាលពីថ្ងៃទី៤ កុម្ភៈ បានបង្ហាញនាវាប្រដេញគ្មានមនុស្សបើក USV ជាប្រព័ន្ធប្រយុទ្ធជើងទឹកឱ្យឈ្មោះថា KATANA (ដាវ) សម្រាប់ការពារសន្ដិសុខរបស់ប្រទេស ។ ប្រព័ន្ធ KATANA មានការបើកបរដោយស្វ័យប្រវត្ដិ ព្រមទាំងមានប្រព័ន្ធមួយដែលអាចគេចពីការបុកប៉ះអ្វីមួយ ។ វានៅមានឧបករណ៍ជាច្រើនទៀតក្នុងនោះមានប្រព័ន្ធកាមេរ៉ាអេឡិចត្រូនិក និងអាំងហ្វ្រារូ (INFRAROUGES) ប្រព័ន្ធគមនាគមន៍សម្រាប់ពេលមើលឃើញច្បាស់ និងពេលមើលមិនឃើញ(ពេលយប់) ប្រព័ន្ធកាមេរ៉ា ព្រមទាំងគ្រឿងសព្វាវុធ ។ នេះជាការអះអាងរបស់ IAI ក្នុងសេចក្ដីប្រកាសមួយ ។
IAI បញ្ជាក់ថា នាវាប្រយុទ្ធគ្មានមនុស្សបើកនោះផលិតដោយក្រុមហ៊ុន MALAM អាចបំពេញបេសកកម្មផ្សេងៗ ក្នុងនោះមានបេសកកម្មការពារបណ្ដាតំបន់សេដ្ឋកិច្ចពិសេស(ZEE)ព្រំដែនសមុទ្រ និងទីតាំងឧស្ម័ន បំពង់បង្ហូរប្រេងទាំងឡាយ ព្រមទាំងការពារសន្ដិសុខកំពង់ផែ ធ្វើការល្បាតក្នុងសមុទ្រមិនសូវជ្រៅ និងធ្វើសង្គ្រាមអេឡិចត្រូនិក ។ នាវានោះអាចផ្ដល់ផងដែរនូវរូបភាពស៊ើបការណ៍តាមការជាក់ស្ដែង គឺបណ្ដាគោលដៅនៅជិត ឬនៅឆ្ងាយ ហើយអាចដុតចោលប្រសិនបើចាំបាច់ ។
សេចក្ដីប្រកាសបន្ដទៀតថា ប្រព័ន្ធ KATANA អាចធ្វើប្រតិបត្ដិដោយស្វ័យប្រវត្ដិទាំងស្រុង ព្រមទាំងអាចត្រួតពិនិត្យពីចម្ងាយដោយសារប្រតិបត្ដិការមួយរបស់មនុស្ស ។មន្ដ្រី IAI ម្នាក់ពន្យល់ថា យើងមានមោទនភាពបង្ហាញនាវា USV ចុងក្រោយនេះរបស់យើងដែលជាផ្លែផ្កានៃដំណើរការអភិវឌ្ឍដែលប្រើពេលស្រាវជ្រាវជាច្រើនឆ្នាំ ។ ចំណែកអ្នកទទួលខុសត្រូវម្នាក់ទៀតរបស់សហគ្រាសនោះ បដិសេធពុំធ្វើអត្ថាធិប្បាយថា តើមានកុងត្រាដើម្បីលក់នាវាទំនើបនោះដែរ ឬយ៉ាងណាឡើយ។
នាវាគ្មានមនុស្សបើក USV ត្រូវបានកងទ័ពនៃប្រទេសជាច្រើនលើពិភពលោកចង់បានកាន់តែខ្លាំង ចាប់តាំងពីមានការវាយប្រហារអត្ដឃាតប្រឆាំងនាវាចម្បាំងអាមេរិក USS COLE កាលពីខែតុលា ឆ្នាំ២០០០ នៅឯកំពង់ផែក្រុងអាដេន ប្រទេសយេម៉ែន ដែលបណ្ដាលឱ្យនាវិកស្លាប់១៧នាក់ ហើយនាវិកជាច្រើនសិបនាក់ទៀតត្រូវរបួសមក ។ ក្រុមហ៊ុន RAFAEL ADVANCED DEFENSE SYSTEMS មានមូលដ្ឋាននៅក្រុងរ៉ាហ្វា បានចាប់ផ្ដើមផលិត PROJECTOR បំពាក់ដោយមីស៊ីល ដែលនោះជានាវាគ្មានមនុស្សបើក USV ប្រយុទ្ធដំបូងគេធ្វើប្រតិបត្ដិការលើពិភពលោក ក្រោយការវាយប្រហារនោះហើយមានការប្រឈមមុខនឹងការគំរាមកំហែងតាមផ្លូវទឹកថ្មីៗ ៕
ចែករំលែកព័តមាននេះ