ដេលីម៉េល កាលពីថ្ងៃទី៣ កុម្ភៈ ២០១៤ ផ្សាយថា ក្នុងបរិវេណដ៏ជ្រួលច្របល់នៃការតវ៉ាបណ្តេញលោកប្រធានាធិបតីវិកទ័រ យ៉ានូកូវិច នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែនចេញពីអំណាច កើតមានហេតុការណ៍គួរឱ្យចាប់អារម្មណ៍មួយ គឺយុវជន២នាក់ប្រកាសសុំគូស្នេហ៍រៀបការ។
លោកអូឡេកសាន ស្តាឆេវស្គី ជាជាងថតបានចាប់យករូបភាពគូស្នេហ៍មួយគូនៅបរិវេណក្បែរទីលាន «អាំងដេប៉ង់ដង់» ក្នុងពេលយប់ខណៈពួកគេពាក់មួកសុវត្ថិភាព និងអាវការពារគ្រាប់ ។ ខាងប្រុសបានលុតជង្គង់នៅចំពោះមុខគូស្នេហ៍ ហើយប្រើមេក្រូរៀបរាប់ពីទឹកចិត្តស្រឡាញ់ និងសុំភាគីខាងស្រីដែលជាគូស្នេហ៍រៀបការ ។ បន្ទាប់មកយុវជននោះបានបំពាក់ចិញ្ចៀនឱ្យនារីគូសេ្នហ៍ ។
ចំណែកគូស្នេហ៍មួយគូទៀត ខាងប្រុសឈ្មោះជេនយ៉ា អាយុ២៣ឆ្នាំ និងខាងស្រីឈ្មោះណាស្តាយ៉ា អាយុ១៧ឆ្នាំ បានជួបគ្នានៅក្នុងចំណោមអ្នកតវ៉ា បណ្តេញប្រធានាធិបតីចេញពីអំណាច ។
ភាគីខាងប្រុសបានប្រកាសសុំខាងស្រីរៀបការដូចគ្នា ។ ការតវ៉ារបស់ក្រុមបាតុករដែលមានទំនោរទៅលើសហគមន៍អឺរ៉ុប (EU) មានប្រហែល២០.០០០នាក់ បានបោះទីតាំងនៅបរិវេណទីលាន«អាំងដេប៉ង់ដង់» ដោយដាក់គំនាបឱ្យលោកប្រធានាធិបតីលាលែងពីតំណែង និងបានអំពាវនាវដល់ប្រទេសនៅលោកខាងលិចចូលចរចា ដើម្បីដោះស្រាយបញ្ហាទំនាស់ដែលបានអូសបន្លាយពេលជាង២ខែមកហើយ៕
ចែករំលែកព័តមាននេះ