ខេត្តបាត់ដំបង ៖ បុរស៩នាក់បានបបួលគ្នាស្លៀកស្បង់ចីវរក្លែងបន្លំធ្វើជាលោកសង្ឃនាំគ្នាឆ្លងដែនចេញទៅបិណ្ឌបាតនៅប្រទេសថៃអស់រយៈពេលជាង១សប្តាហ៍ លុះវិលត្រឡប់មកទឹកដីខ្មែរវិញត្រូវកម្លាំងយោធាព្រំដែនឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ កុម្ភៈ ២០១៤ ខណៈដែលសង្ឃក្លែងក្លាយទាំងនេះកំពុងឆ្លងអូរព្រំដែនតាមច្រករបៀងមួយក្នុងភូមិប៊ួជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន។
លោកឈិត សេង អធិការរងស្រុកសំពៅលូនបានឱ្យដឹងថា សង្ឃក្លែងក្លាយទាំង៩នាក់នេះបានប្រើប្រាស់សម្ភារសង្ឃគ្រប់គ្នា។ លោកថា ក្រុមនេះស្លៀកស្បង់ចីវរ ហើយនាំគ្នាចេញទៅបិណ្ឌបាតនៅប្រទេសថៃ តែដោយសារពួកគេវិលចូលប្រទេសខ្មែរវិញតាមច្រករបៀងពេលយប់គួរឱ្យសង្ស័យទើបកម្លាំងយោធាព្រំដែនឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចរបស់លោកចាត់ការតែម្តងទៅ។
ក្រុមសង្ឃក្លែងក្លាយនេះបានសារភាពថា ពួកគេពិតជាមានចេតនាធ្វើជាសង្ឃក្លែងក្លាយមែន ប៉ុន្តែមិនមានចេតនាដើរបោកប្រាស់ប្រជាពលរដ្ឋក្នុងស្រុកខ្មែរទេ ។ ក្រុមនេះបន្តថា ដោយសារតែក្រុមគ្រួសារពួកគេមានជីវភាពដុនដាបពេកទើបបែកគំនិតនាំគ្នាទិញស្បង់ចីវរ បាត និងធ្វើឆាយាក្លែងក្លាយគ្រប់ៗគ្នាដើម្បីឆ្លងដែនទៅបិណ្ឌបាតនៅប្រទេសថៃ។
ពួកគេបានធ្វើដំណើរទៅបិណ្ឌបាតនៅប្រទេសថៃកាលពីថ្ងៃទី២៤ មករា ២០១៤ លុះរកលុយបានបន្តិចបន្តួចក៏នាំគ្នាត្រឡប់មកវិញ ប៉ុន្តែពេលដើរឆ្លងអូរព្រំដែនផុតបន្តិចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចែករំលែកព័តមាននេះ