រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសុខ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងលោកវេជ្ជបណ្ឌិត គ្រូពេទ្យ ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបបានចូលរួមទិវាពិភពលោកស្តីពីជំងឺមហារីក ក្រោមប្រធានបទ«យុវជនពួតដៃគ្នាកាត់បន្ថយជំងឺមហារីកមាត់ស្បូន» នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៤ ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីនោះថា គំនិតផ្តួចផ្តើមអំពីការប្រយុទ្ធប្រឆាំងជំងឺមហារីកស្បូននេះ មានសារសំខាន់ណាស់ ដោយពិចារណាទៅលើភាពធ្ងន់ធ្ងរនៃប្រភេទជំងឺនេះ ដែលក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង១៥០០នាក់ ស្លាប់ដោយសារជំងឺមហារីកជារៀងរាល់ឆ្នាំមានលើសពីពាក់កណ្តាលដែលបានស្លាប់ដោយជំងឺមហារីកមាត់ស្បូន ហើយជនរងគ្រោះនៃជំងឺនេះគឺជាស្ត្រី ។ ចំនួនតួលេខដ៏ខ្ពស់នេះ ស្ត្រីគឺជាជនរងគ្រោះ និងជាគ្រោះថ្នាក់មួយដែលទាមទារឲ្យយុវជនយើងបន្តយកចិត្តទុកដាក់ស្វែងយល់ និងបន្តផ្សព្វផ្សាយពីវិធីសាស្ត្រក្នុងការទប់ស្កាត់ជំងឺនេះឲ្យជ្រាបដល់ស្រទាប់ប្រជាពលរដ្ឋ ជាពិសេសយុវជននិងយុវនារីកម្ពុជាយើង ព្រោះបើតាមវេជ្ជបណ្ឌិតជំនាញជំងឺនេះ អាចទប់ស្កាត់បាន១០០ភាគរយឲ្យតែយើងយកចិត្តទុកដាក់។
លោកជឿជាក់ថា តាមរយៈបទពិសោធន៍នៃយុទ្ធនាការនាពេលកន្លងមក យុវជនយើងនឹងអាចចូលរួមចំណែកធ្វើឲ្យយុទ្ធនាការនេះកាន់តែទទួលបានជោគជ័យមួយកម្រិតថែមទៀត ពិសេសក្រោមប្រធានបទ«យុវជនព្រួតដៃគ្នាកាត់បន្ថយជំងឺមហារីកមាត់ស្បូន» ។ ការផ្តើមយុទ្ធនាការចេញពីយុវជនគឺជាចំណែកមួយដែលយុវជនយើងអាចធ្វើបាន មិនត្រឹមតែចូលរួមចំណែកក្នុងការកាត់បន្ថយការរីករាលដាលនិងការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះក៏ចូលរួមចំណែកផងដែរ ក្នុងការរួបរួមគ្នាគិតគូរអំពីសុខុមាលភាពស្ត្រីដែលនៅក្នុងបរិបទកម្ពុជាយើង ផ្តល់តម្លៃជាពិសេសដល់ស្ត្រីដែលជាថ្នាក់ដឹកនាំ ជាមាតា ជាភរិយា ជាបងនិងជាប្អូននៅក្នុងគ្រួសារនិងសង្គមជាតិទាំងមូល ៕
ចែករំលែកព័តមាននេះ