ប្រធានាធិបតីអ៊ុយក្រែនលោកវិកទ័រ អុីយ៉ានូកូវីត កាលពីល្ងាចថ្ងៃទី៣ កុម្ភៈ បានព្រមានប្រឆាំងលទ្ធិជ្រុលនិយមរបស់ពួកប្រឆាំងនៅមុនពេលទស្សនកិច្ចថ្មីមួយទៀតរបស់ប្រមុខការទូតអឺរុ៉បនៅអុ៊យក្រែន ដែលផ្តោតលើសំណើសុំជំនួយរបស់លោកខាងលិច និងការបន្តឡើងវិញនូវការងាររបស់សភា ។
ប្រធានាធិបតីអ៊ុយក្រែនដែលចូលធ្វើការវិញកាលពីថ្ងៃទី៣ កុម្ភៈ ក្រោយលោកនៅស្ងៀមស្ងាត់រយៈពេល៤ថ្ងៃមកពីលោកឈឺនោះ បានឆ្លៀតឱកាសនៃការជួបគ្នាមួយជាមួយបណ្តាអ្នកចូលរួមប្រជុំតុមូលមួយដើម្បីបរិហារពីលទ្ធិជ្រុលនិយមរបស់ពួកបាតុករ ។ លោកចោទប្រកាន់ពួកប្រឆាំងថា អុជអាលឱ្យមានកំហឹងក្នុងការតស៊ូដើម្បីអំណាច ។
សេចក្តីថ្លែងការណ៍នោះធ្វើឡើងជួនពេលគ្នានឹងសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសរុស្ស៊ី ដែលអំពាវនាវបុ៉ន្មានម៉ោងមុននេះដល់ពួកប្រឆាំងអ៊ុយក្រែនឱ្យបោះបង់ចោលការគំរាមកំហែង និងបណ្តាឱសានវាទដើម្បីអាចឱ្យអុ៊យក្រែនចាកចេញផុតពីវិបត្តិយ៉ាងជ្រៅដោយធ្វើសកម្មភាពក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ៕
ចែករំលែកព័តមាននេះ