ខេត្តកំពត ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើមួយកន្លែងឆេះអស់គ្មានសល់ ខណៈដែលម្ចាស់មិននៅផ្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាល្ងាចថ្ងៃទី២ កុម្ភៈ ២០១៤ ស្ថិតនៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។
ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះជាប្តីឈ្មោះហែម ងយ ភេទប្រុស អាយុ៤២ឆ្នាំ ចំណែកប្រពន្ធឈ្មោះលឹម យ៉ាត អាយុ៣៨ឆ្នាំ ។ ប្រភពពីម្ចាស់ផ្ទះបាននិយាយឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដាក់ដាំបាយចោល ហើយដើរទៅបន្ទុំចេកមួយភ្លែត ស្រាប់តែកូនស្រីអាយុ៣ឆ្នាំមកលេងភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីបន្តិចទេ ។
លោកគឹម ខេង ប្រធានឃុំស្តេចគង់ខាងលិចបានឱ្យដឹងថា គ្រួសារដែលត្រូវភ្លើងឆេះផ្ទះនោះ គឺជាគ្រួសារក្រីក្របំផុត ហើយពេលនេះ ជួបគ្រោះមហន្តរាយទៀត លោកបានសុំឱ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាបណ្តោះអាសន្នជូនគ្រួសារនេះផង។
ចែករំលែកព័តមាននេះ