រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញក្នុងនាមជាអាជ្ញាធរដែនដី នឹងបើកកិច្ចប្រជុំសម្របសម្រួលរវាងតំណាងក្រុមហ៊ុនស៊ិនទ្រី និង តំណាងកម្មករ ។
ប្រភពពីមន្រ្តីសាលារាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនាម៉ោង៣រសៀលថ្ងៃទី០៤ កុម្ភៈ ២០១៤ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងក្រុមហ៊ុនស៊ិនទ្រី និង តំណាងកម្មករប្រមាណ៣-៤នាក់ ។
សូមបញ្ចាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងមួយថ្ងៃក្រោយពេលដែលកម្មករ-កម្មការិនីក្រុមហ៊ុនស៊ិនទ្រី ជាង១ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន៧ចំណុចកាលពីថ្ងៃទី០៣កុម្ភម្សិលមិញ ។ បើតាមក្រុមកម្មករការតវ៉ានោះបានផ្ទុះឡើងតំាងពីយប់ថ្ងៃទី២ កុម្ភៈ ២០១៤មកម៉្លេះ ។
លក្ខខណ្ឌការងារចំនួន៧ចំណុចដែលក្រុមកម្មករទាមទារនោះរួមមាន ៖
១-សុំឱ្យថៅកែដំឡើងប្រាក់ខែគោលក្នុងម្នាក់ចំនួន១៥០ដុល្លារក្នុង១ខែ ។
២-ស្នើសុំកុំឱ្យថៅកែកាត់ប្រាក់ថ្លៃកាត់សម្លៀកបំពាក់បុគ្គលិក កម្មករ កម្មការិនី ទាំងអស់ ។
៣-ទាមទារប្រាកដំណាច់ឆ្នាំ ។
៤-ស្នើសុំឱ្យមានប្រាក់ទ្រទ្រង់សុខភាព ការស្នាក់នៅនិងការធ្វើដំណើរ ។
៥-សុំឱ្យមានដំណោះស្រាយរាល់ពេលបុគ្គលិកកម្មករ មានគ្រោះថ្នាក់ចរាចរណ៍ ។
៦-ស្នើសុំប្រាក់ខែគោលចំនួន២០០ដុល្លារក្នុង១ខែសម្រាប់អ្នកបើកបររថយន្ត និងជាងជួសជុលរថយន្តដឹកជញ្ជូនសំរាម ។
៧-ស្នើសុំឱ្យមានបុគ្គលិកពេទ្យប្រចាំការនៅក្នុងក្រុមហ៊ុន ។
ក្រុមកម្មករបាននិយាយបន្តថា ពួកគេធ្វើការតវ៉ាដោយសន្តិវិធីមិនបានប្រើហិង្សាឬមានចេតនាប្រើហិង្សាណាមួយឡើយ និងត្រូវការឱ្យក្រុមហ៊ុនជួយពន្លឿនការដោះស្រាយ នូវលក្ខខណ្ឌការងារខាងលើ បើមិនដូច្នេះទេ ពួកគេមិនព្រមបញ្ឈប់ធ្វើការតវ៉ាឡើយ ។ ពួកគេដឹងថា លក្ខខណ្ឌការងារប៉ុណ្ណឹងមិនមានការលំបាកសម្រាប់ថៅកែនោះឡើយ ។ ពួកគេនិយាយត្អូញត្អែរថា សព្វថ្ងៃនេះពួកគេខិតខំធ្វើការងារខ្លាំងណាស់ ប៉ុន្តែចំណូលវិញបានទាបមិនសមនឹងកម្លាំងពលកម្មទេ ។ ហេតុដូច្នេះហើយទើបពួកគេ ត្រូវតែធ្វើការតវ៉ាដើម្បីក្រពះប៉ុណ្ណោះ មិនអាចយកប្រាក់ខែតិចតួចរបស់ខ្លួនទៅធ្វើជាអ្នកមានបាននោះឡើយ ។ ដូច្នេះលោកប្រធានក្រុមហ៊ុនគួរតែយល់ពីទុក្ខលំបាករបស់ពួកគេផង ។ ពួកគេរៀបរាប់ប្រាប់អ្នកកាសែតថា សម្រាប់កម្មករម្នាក់ធ្វើការវេនថ្ងៃបានទទួលប្រាក់ខែ៣១ម៉ឺនរៀល និងវេនយប់បាន៣៩ម៉ឺនរៀលប៉ុណ្ណោះ ។
មកដល់ព្រលប់ថ្ងៃទី០៣កុម្ភៈ ខាងក្រុមហ៊ុនបានផ្តល់បា្រក់បន្ថែម១៥ដុល្លារ តែខាងក្រុមកម្មករមិនទទួលយក ។
នៅរសៀលថ្ងៃទី០៤ កុម្ភៈ ២០១៤ កោះសន្តិភាពបានភ្ជាប់ទូរស័ព្ទទៅខាងក្រុមហ៊ុនដើម្បីសាកសួរអំពីដំណោះស្រាយ នៅគ្រាដែលប្រជាពលរដ្ឋសម្តែងកង្វល់ពីសំរាម តែត្រូវបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីបា្រប់មកវិញថា ទំនាក់ទំនងបន្តទៅថ្នាក់លើមិនទាន់បាន ៕
ចែករំលែកព័តមាននេះ