ខេត្តកណ្តាល ៖ ស្ត្រីវិកលចរិតម្នាក់ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកស្លាប់យ៉ាងអាណោចអាធ័មបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៤ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយថា កាលពីព្រលប់មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះដើរទៅមកតាមចិញ្ចើមថ្នល់ ដោយមានសតិមិនប្រក្រតី ហើយមិនមែនជាអ្នករស់នៅក្នុងស្រុកនេះទេ ស្រាប់តែនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមថ្នល់យ៉ាងអាណោចអាធ័ម ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយពីពិនិត្យ កោសល្យវិច័យរួច សមត្ថកិច្ចកងរាជអាវុធហត្ថ និងប៉ូលិសប៉ុស្តិ៍បានឱ្យដឹងថា ស្ត្រីរងគ្រោះស្លាប់ដោយរថយន្តមិនស្គាល់អត្តសញ្ញាណបុក ហើយក៏បានដឹកយកសពទៅតម្កល់ទុកនៅក្នុងបរិវេណវត្តស្ទឹង ស្ថិតក្នុងឃុំសំរោងធំ៕
ចែករំលែកព័តមាននេះ