ពួកបាតុករប្រឆាំងថៃ កាលពីថ្ងៃទី៣ កុម្ភៈ បានបន្តចលនារបស់ពួកគេ ដោយសច្ចាទម្លាក់រដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ឱ្យទាល់តែបាន ក្រោយការបោះឆ្នោតដែលពោរពេញដោយការរាំងខ្ទប់ញ៉ាំងឱ្យសហរដ្ឋអាមេរិកចេញការព្រមានមួយប្រឆាំងការធ្វើរដ្ឋប្រហារជាយថាហេតុមួយ ។ បាតុករជាច្រើនរយនាក់នាំមុខដោយមេខ្លោងលោកស៊ូថេប ធឿកស៊ូបាន នាំគ្នាដើរហែក្បួនដើម្បីបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃទី២ កុម្ភៈ ពុំអាចបញ្ឈប់ការប្តេជ្ញាចិត្តរបស់ពួកគេបណ្តេញលោកស្រីយីងឡាក់ ចេញឡើយ ។
ក្រោយការបោះឆ្នោតសភាមុនកាលកំណត់នោះមកពុំទាន់មានលទ្ធផលណាមួយ ទោះបីមួយផ្នែកត្រូវបានចេញផ្សាយដោយគណៈកម្មាធិការបោះឆ្នោតនៅឡើយ ។ ពួកបាតុករបានរាំងខ្ទប់ការបញ្ជូនសន្លឹកឆ្នោត ព្រមទាំងបង្ខំឱ្យបិទទ្វារការិយាល័យបោះឆ្នោតចំនួន១០.០០០កន្លែង គឺប្រមាណជា១០% កាលពីថ្ងៃទី២ កុម្ភៈ។ ក៏ប៉ុន្តែគណៈកម្មាធិការបោះឆ្នោតប្រកាសពីអត្រាអ្នកចូលរួមបោះឆ្នោតថា មានដល់៤៥,៨៤% ដែរក្នុងចំណោមអ្នកបោះឆ្នោត៤៤,៦លាននាក់ដែលមានសិទ្ធិបោះឆ្នោត ។ ទោះបីជាយ៉ាងណា សម្រាប់ពួកបាតុករប្រឆាំងយល់ថា ការបោះឆ្នោតត្រូវទុកជាមោឃៈ ។
លោកអាប់ភីស៊ីត វេចាជីវ៉ា ប្រមុខគណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងសំខាន់ ដែលធ្វើពហិការដល់ការបោះឆ្នោតនោះអះអាងថា នឹងរៀបចំពាក្យបណ្តឹងទៅតុលាការប្រឆាំងការបោះឆ្នោតដែលលោកថា មិនស្របច្បាប់ដែលពុំស្របតាមរដ្ឋធម្មនុញ្ញ ឬបំណងប្រាថ្នារបស់ប្រជាជន ។ ចំណែកគណបក្សភឿថៃ ជាគណបក្សសង្ឃឹមឈ្នះឆ្នោតបានទទូចលើប្រការដែលថា ការបោះឆ្នោតនោះអាចរៀបចំធ្វើទៅបានដោយពុំមានបញ្ហាក្នុងផ្នែកមួយយ៉ាងធំរបស់ប្រទេសក្រោយពីវិបត្តិអស់រយៈពេល៣ខែ ហើយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់មក ។ ប្រការនោះបង្ហាញថា ប្រជាជនពាក់កណ្តាលចង់បានលទ្ធិប្រជាធិបតេយ្យ ហើយចង់ឱ្យមានសភាមួយ។
រីឯរដ្ឋមន្ត្រីការងារលោកចាឡឺម យូបាមរុ៉ង ទទួលបន្ទុកអនុវត្តការប្រកាសអាសន្ននៅក្រុងបាងកក ព្យាករណ៍ពីជ័យជម្នះមួយរបស់គណបក្សភឿថៃ ដែលទទួលបានអាសនៈពី២៦៥ ទៅ២៨៩ ។ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១១ គណបក្សភឿថៃធ្លាប់ទទួលបានសំឡេងភាគច្រើនដាច់ខាតរួចហើយក្នុងចំណោមកៅអីសភាទាំង៥០០ ។ភាពមិនច្បាស់លាស់យ៉ាងខ្លាំងគឺក្រោយព្រឹត្តិការណ៍នៃការបោះឆ្នោតនោះ ពិសេសលើការរៀបចំការបោះឆ្នោតថ្មីសម្រាប់ពួកអ្នកបោះឆ្នោត ដែលខកខានពុំបានបោះឆ្នោតកាលពីថ្ងៃទី២ កុម្ភៈ ។
លទ្ធផលនៃការបោះឆ្នោតអាចក្រោយរយៈពេលជាច្រើនសប្តាហ៍ ហើយអាចជាច្រើនខែទៀតផងមុនពេលចេញផ្សាយ ។ សរុបមកសភាមិនអាចរួមប្រជុំបានមកពីបញ្ហាកូរ៉ូម៩៥% នៃសមាជិកសភាសរុបទាំង៥០០រូប ហើយការបោះឆ្នោតពុំអាចធ្វើទៅបានក្នុងមណ្ឌលបោះឆ្នោតជាច្រើនកន្លែង ។
ប្រឈមមុខចំពោះភាពមិនច្បាស់លាស់ទាំងនោះ សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តយោធារបស់ថៃ ជាលើកដំបូងរយៈពេល៣ខែនៃវិបត្តិនិយាយថា អាមេរិកពុំចង់ឃើញ ទោះក្នុងករណីបែបណាមួយក្តីនូវរដ្ឋប្រហារ ឬអំពើហិង្សានៅប្រទេសថៃឡើយ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី JENNIFER PSAKI ពេលសួរពីអន្តរាគមន៍ជាយថាហេតុមួយរបស់កងទ័ពថៃដ៏មានឥទ្ធិពលអះអាងថា យើងនិយាយដោយផ្ទាល់ចំពោះគ្រប់សមាសភាពទាំងអស់នៃសង្គមថៃ ដើម្បីបញ្ជាក់ច្បាស់ថា វាជាការសំខាន់ដែលត្រូវលុបបំបាត់ចោលទំនាស់នយោបាយតាមរយៈមធ្យោបាយប្រជាធិបតេយ្យ និងធ្វើទៅតាមរដ្ឋធម្មនុញ្ញ ។
ទោះបីជាយ៉ាងណា បាតុកម្មទាមទារបង្កើតក្រុមប្រឹក្សាប្រជាជនមួយមិនបាច់បោះឆ្នោតជំនួសរដ្ឋាភិបាលលោកស្រីយីងឡាក់ ពេលនេះហាក់ដូចជាចុះខ្សោយខ្លាំង ។ ពេលធ្វើសកម្មភាពតវ៉ាដំបូងមានមនុស្សចូលរួមដល់ទៅច្រើនរយពាន់នាក់ តែកាលពីថ្ងៃទី៣ កុម្ភៈ នៅសល់តែបុ៉ន្មានរយនាក់បុ៉ណ្ណោះដែលហែក្បួនដើរប្រមូលប្រាក់ពីពួកអ្នកដំណើរដូចដែលលោកស៊ូថេប ធ្លាប់ធ្វើរៀងមករយៈពេលបុ៉ន្មានសប្តាហ៍ចុងក្រោយនេះ ។ ម្យ៉ាងទៀតពួកអ្នកតវ៉ាបានរើទីតាំងបោះជំរំមួយចំនួននៅតាមផ្លូវបំបែកសំខាន់ៗនៃក្រុងបាងកកក្នុងចលនារាំងខ្ទប់ក្រុងបាងកកផងដែរ ៕
ចែករំលែកព័តមាននេះ