រាជធានីភ្នំពេញ ៖ បុរសម្នាក់បាត់លុយពីហោប៉ៅចំនួន២៦០ដុល្លារ ខណៈដែលចូលម៉ាស្សាហើយដោះខោព្យួរនៅលើជញ្ជាំង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ កុម្ភៈ ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះស្រ៊ុញ គង់ អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅកន្លែងម៉ាស្សានោះដោយឱ្យនារីម៉ាស្សាកោសជប់ និងធ្វើសរសៃឱ្យអស់រយៈពេលមួយម៉ោង ពេលរួចរាល់រូបគេបានទៅយកខោស្លៀកវិញ ស្រាប់តែឃើញខោដាក់ខុសប្រក្រតី ក៏មានការសង្ស័យឆែកកាបូបមើលបាត់លុយអស់តែម្តង ។
បុរសរងគ្រោះបានស្រែកឆោឡោឱ្យនារីម៉ាស្សាយកលុយមកឱ្យវិញ ប៉ុន្តែពួកគេបានប្រកែកថា មិនបានយកទេ ។ ដោយសារភាគីទាំង២ជជែកគ្នាខ្លាំងៗ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដែរ ។ សមត្ថកិច្ចបានឃាត់ខ្លួននារីម៉ាស្សា២នាក់នោះ ដើម្បីយកទៅធ្វើការសាកសួរ ។
ចែករំលែកព័តមាននេះ