ក្រសួងការពារជាតិកូរ៉េខាងត្បូងធ្វើការកត់សម្គាល់ កាលពីថ្ងៃទី៣ កុម្ភៈថា ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ បានកាត់បន្ថយការឃោសនារបស់ខ្លួនប្រឆាំងកូរ៉េខាងត្បូង តាមបណ្ដោយព្រំដែននៃតំបន់ហាមមិនឱ្យមានកងទ័ព ក្រោយពីស្នើឱ្យបញ្ចប់ការបរិហារបង្កាច់បង្ខូចគ្នា ដើម្បីកែលម្អទំនាក់ទំនងរវាងកូរ៉េទាំង២ ។
ក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះបានកាត់បន្ថយកម្មវិធីវិទ្យុផ្សាយ តាមរយៈប្រដាប់បំពងសំឡេងដាក់នៅតាមបណ្ដោយព្រំដែន ហើយឈប់បញ្ជូនខិត្ដប័ណ្ណឃោសនាកាត់តាមព្រំដែននៅជិតឆ្នេរសមុទ្រភាគខាងលិច ចាប់តាំងពីកូរ៉េខាងជើងស្នើនូវសំណើសន្ដិភាពមួយចំនួនចំពោះក្រុងសេអ៊ូលមក ។ លោក KIM MIN SEOK អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងថ្លែងថា ការគំរាមកំហែងរបស់កូរ៉េខាងជើង និងការផ្សាយការឃោសនាប្រឆាំងក្រុងសេអ៊ូលបន្ដកាត់បន្ថយពី១ថ្ងៃទៅ១ថ្ងៃ ក៏ប៉ុន្ដែកូរ៉េខាងជើងនៅពុំទាន់បញ្ឈប់សកម្មភាពឯទៀតៗដូចជា សមយោធាជាដើមឡើយ ។ ចាប់តាំងពីក្រុងព្យុងយ៉ាងអំពាវនាវ កាលពីពាក់កណ្ដាលខែមករា ដល់ក្រុងសេអ៊ូលឱ្យបញ្ឈប់រាល់សកម្មភាពបង្កហេតុ និងការបរិហារនានាមក ពុំមានប៉េងប៉ោងហោះភ្ជាប់ដោយពាក្យឃោសនាត្រូវបានបង្ហោះឡើយនៅជិតរណសិរ្សខាងលិច ។
ប្រទេសកូរ៉េទាំង២ បានព្រមព្រៀងជួបពិភាក្សាទល់មុខគ្នានាថ្ងៃទី៥ កុម្ភៈ វេលាម៉ោង១០ព្រឹកនៅ JONGIL-GAK ខាងផ្នែកកូរ៉េខាងជើងនៃភូមិប៉ានមុនហ្សូម ដើម្បីពិភាក្សាគ្នាពីបញ្ហាជួបជុំសាច់ញាតិគ្រួសារដែលព្រាត់គ្នា ។ កិច្ចប្រជុំការងារនោះផ្ដោតលើកាលបរិច្ឆេទ ទីកន្លែងនិងបែបបទនៃការជួបជុំគ្នាក្រោយពីក្រុងសេអ៊ូលស្នើឱ្យការជួបជុំសាច់ញាតិគ្រួសារព្រាត់គ្នាធ្វើចាប់ពីថ្ងៃទី១៧ទៅ២២ កុម្ភៈ ខាងមុខនេះ។
នាព្រឹកថ្ងៃទី៣ កុម្ភៈ កូរ៉េខាងជើងស្នើឱ្យមានកិច្ចប្រជុំការងារមួយ នាថ្ងៃទី៥ឬទី៦ កុម្ភៈ លើបញ្ហាជួបជុំសាច់ញាតិព្រាត់គ្នានៅភូមិបានម៉ុនហ្សូម ។ សំណើនោះរបស់ក្រុងព្យុងយ៉ាងធ្វើឡើងក្រោយពីខ្លួនកាត់បន្ថយការឃោសនាប្រឆាំងក្រុងសេអ៊ូល តាមបណ្ដោយព្រំដែន ៕
ចែករំលែកព័តមាននេះ