ក្រសួងការពារជាតិអីុរ៉ាក់ ថ្លែងកាលពីថ្ងៃទី៣ កុម្ភៈ ថា កងទ័ពអីុរ៉ាក់ជួយទ្រទ្រង់ដោយពួកកុលសម្ព័ន្ធបានបើកការវាយប្រហារនានាប្រឆាំងបណ្ដាក្រុមបះបោរក្នុងខេត្ដអានបាភាគខាងលិចប្រទេស ដោយសម្លាប់ពួកសកម្មប្រយុទ្ធ៥៧នាក់។ ក្នុងសេចក្ដីប្រកាសមួយ ក្រសួងនេះនិយាយថា ការប្រយុទ្ធគ្នាដែលមានសភាពខ្លាំងក្លា កាលពីយប់ថ្ងៃទី២ មកទី៣ កុម្ភៈ ហើយចប់នាព្រឹកថ្ងៃទី៣ កុម្ភៈ ក៏អាចកម្ទេចកាំភ្លើងយន្ដធុនធ្ងន់២ដើមដាក់លើរថយន្ដ២គ្រឿងផងដែរ ។
ប្រភពព័ត៌មានប៉ូលិសមួយ និងសាក្សីទាំងឡាយគូសបញ្ជាក់ថា កងទ័ពរដ្ឋាភិបាលបានបង្កើនចាប់តាំងពីយប់ថ្ងៃទី២ កុម្ភៈ និងព្រឹកថ្ងៃទី៣ កុម្ភៈ នូវការបាញ់ផ្លោងលើទីក្រុងរ៉ាម៉ាឌី និងទីក្រុងហ្វាល់លូចា បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើន តែនៅពុំទាន់អាចបញ្ជាក់បាននៅឡើយ ។ ខេត្ដអានបាគឺជាទីលាននៃការប៉ះទង្គិចគ្នាយ៉ាងសាហាវនានាដែលផ្ទុះឡើងក្រោយពីប៉ូលិសអីុរ៉ាក់កម្ទេចទីតាំងតវ៉ាប្រឆាំងរដ្ឋាភិបាល មួយនៅជិតទីក្រុងរ៉ាម៉ាឌី កាលពីខែធ្នូកន្លងមក ៕
ចែករំលែកព័តមាននេះ