ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ហៅ​ស្ពាន​ព្រែក​សំរោង​ស្ថាបនា​បាន​95%​ហើយ​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​កណ្តាល​ និង​រាជ​ធានី​ភ្នំពេញ​ ពិសេស​អ្នក​រស់​នៅ​ក្រុង​តាខ្មៅ​ និង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ មាន​ការ​ត្រេក​អរ​ និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ឃើញ​សំណង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ ហៅ​ស្ពាន​ព្រែក​សំរោង​ បាន​សាង​សង់​តភ្ជាប់​ហើយ​ គឺ​បាន​ប្រមាណ​៩៥​ភាគ​រយ​ នៅ​តែ​ការ​កសាង​ផ្នែក​សោភ័ណ​ភាព​ទៀត​ប៉ុណ្ណោះ​ គឺ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ និង​លែង​

ខេត្ត​កណ្តាល​ ៖ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​កណ្តាល​ និង​រាជ​ធានី​ភ្នំពេញ​ ពិសេស​អ្នក​រស់​នៅ​ក្រុង​តាខ្មៅ​ និង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ មាន​ការ​ត្រេក​អរ​ និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ឃើញ​សំណង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ ហៅ​ស្ពាន​ព្រែក​សំរោង​ បាន​សាង​សង់​តភ្ជាប់​ហើយ​ គឺ​បាន​ប្រមាណ​៩៥​ភាគ​រយ​ នៅ​តែ​ការ​កសាង​ផ្នែក​សោភ័ណ​ភាព​ទៀត​ប៉ុណ្ណោះ​ គឺ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ និង​លែង​ពិបាក​ឆ្លង​ទូកដ​ទៀត​ហើយ​ ។​

លោក​ ម៉ឹង​ យូរ​ឡេង​ ប្រធាន​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ឱ្យ​ដឹង​ថា​ សំណង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ ហៅ​ស្ពាន​ព្រែក​សំរោង​ រហូត​ដល់​ពេល​នេះ​ ស្ថាបនា​បាន​ប្រមាណ​៩៥​ភាគ​រយ​ ហើយ​ គឺ​នៅ​សល់​តែ​ការ​កសាង​ផ្នែក​សោភ័ណ​ភាព​ និង​ការ​ស្ថាបនា​ផ្លូវ​នៅ​គល់​ស្ពាន​ទាំង​សង​ខាង​ទៀត​ប៉ុណ្ណោះ​ ។​ ស្ពាន​ឆ្លង​ទន្លេ​បាសាក់​នេះ​ បាន​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ក្រុម​ហ៊ុន​សំណង់​សៀង​ហៃ​ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៣៣​លាន​ដុល្លារ​អាមេរិក​ ជា​កម្ចី​ប្រាក់​សម្បទាន​របស់​ប្រទេស​ចិន​ និង​មួយ​ចំនួន​ទៀត​ជា​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ។​ ស្ពាន​នេះ​ជា​ប្រភេទ​ស្ពាន​បេតុង​ខ្សែ​កាប​រឹត​ មាន​ប្រវែង​៨៥៥​ម៉ែត្រ​ ទទឹង​១៣​ម៉ែត្រ​កន្លះ​ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​៧ម៉ែត្រ​ គន្លង​ផ្លូវ​សម្រាប់​ទោ​ចក្រ​យាន​យន្ត​ និង​ចិញ្ចើម​ផ្លូវ​ទាំង​សង​ខាង​ ។​ ក្បាល​ស្ពាន​ត្រើយ​ខាង​លិច​ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ និង​ត្រើយ​ខាង​កើត​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ។​

ស្ពាន​នេះ​គ្រោង​ចំណាយ​ពេល​សាង​សង់​ចំនួន​៤២​ខែ​ ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី​៦​ កក្កដា​ ឆ្នាំ​២០១១​ ហើយ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ​ ។​ ស្ពាន​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរា​ចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ជា​ផ្លូវ​វាង​តែប៉ុណ្ណោះ​ទេ​ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ សម្រាប់​រួម​ចំណែក​អភិវឌ្ឍន៍​ និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​សង្គម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​ ពិសេស​បាន​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​កើត​ និង​ត្រើយ​ខាង​លិច​ទន្លេ​បាសាក់​ ដែល​កន្លង​មក​មាន​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​កសិ​ផល​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ ត្រូវ​ឆ្លង​ទូកដ​ និង​ចំណាយ​ថវិកា​ថែម​ទៀត​ផង​ ។​
សមិទ្ធ​ផល​ថ្មី​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​នេះ​ គឺ​ជា​ការ​ស្រមើ​ស្រមៃ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ត្រើយ​ខាង​លិច​ និង​ត្រើយ​ខាង​កើត​ទន្លេ​បាសាក់​ជាយូរ​មក​ហើយ​ រហូត​មក​ដល់​ពេល​នេះ​ ការ​ស្រមើ​ស្រមៃ​ និង​ការ​រំពឹង​ទុក​នេះ​ គឺ​ពិត​ជា​បាន​ដូច​បំណង​មែន​ ៕​