សម្រាប់ស្ត្រីជប៉ុន ត្រូវគេហៅ «មេធ្មប់» ជារឿងអាម៉ាស់ ព្រោះអីខ្លួនចាស់លែងស្អាតលែងផូរផង់ហើយ ប៉ុន្តែទស្សនាវដ្តី Bisuto បានខ្ចីពាក្យនេះរៀបចំការប្រកួត «បវរនារី» ដោយដាក់ឈ្មោះថា «មេធ្មប់ស្អាត» ដើម្បីលើកតម្កើងស្ត្រីមេផ្ទះដែលមានអាយុពី៣៥ឆ្នាំឡើងទៅ ដែលនៅមានសម្រស់ទាក់ទាញខ្លាំង ។
ពិធីប្រកួត «មេធ្មប់ស្អាត» លើកទី៤ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ស្ត្រីមេផ្ទះឈ្មោះ ម៉ាយូមី នីស៊ីមូរ៉ា អាយុ៣៩ឆ្នាំ បានគ្រងងារជា «មេធ្មប់ស្អាតបំផុត» ។ អ្នកស្រី នីស៊ីមូរ៉ា និយាយថា អ្នកស្រីអាចរក្សារាងឱ្យស្រឡូនសិចស៊ី អាស្រ័យដោយចូលចិត្តរាំតាមបទចម្រៀងក្នុង DVD របស់ក្រុមតន្ត្រី Girls Generation (កូរ៉េខាងត្បូង) ។ រាល់ពេលទំនេរ អ្នកស្រីតែងចាក់បទចម្រៀងទាំងនោះលោតរាំសប្បាយម្នាក់ឯង ទោះប្តីម្តងម្កាលរអ៊ូថា តម្លង់ពេញផ្ទះក្តី ។ ក្រៅពីនេះ អ្នកស្រីប្រយ័ត្នប្រយែងចំពោះការហូបចុកដើម្បីកុំឱ្យធាត់ ។ ទន្ទឹមនឹងប្រយ័ត្នប្រយែងរឿងហូបចុក គឺឧស្សាហ៍ហាត់ប្រាណដោយដើរថ្មើរជើងយ៉ាងទៀងទាត់ជាប់ជាប្រចាំ ។
អ្នកស្រី នីស៊ីមូរ៉ា ដណ្តើមបានជ័យជម្នះលើបេក្ខនារី១៩នាក់ក្នុងជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះជាបន្តបន្ទាប់តាំងពីជុំដំបូងបំផុតដែលមានបេក្ខនារីរហូតដល់២.៤០០នាក់ ។ សម្លៀកបំពាក់ក្នុងការប្រកួត «មេធ្មប់ស្អាត» មានសម្លៀកបំពាក់សម្រាប់ងូតទឹក សម្លៀកបំពាក់រាត្រីសមោសរដូចការប្រកួតបវរកញ្ញាដែរ ។ ទស្សនាវដ្តី Bisuto ប្រើពាក្យ «មេធ្មប់ស្អាត» តាំងពីឆ្នាំ២០០៩ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ ស្រីៗមានគ្រួសារអាយុ៣៥ឆ្នាំឡើងទៅ ដែលកំពុងមើលឃើញខ្លួនឯងថាអាក្រក់ដូចខ្មោច ពេលប្រៀបធៀបខ្លួនឯងជាមួយពួកបវរកញ្ញា និងការនិយមស្រីក្មេង ស្អាតៗសម្រាប់បង្ហាញម៉ូដ ៕
ចែករំលែកព័តមាននេះ