រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី ក្រុមហ៊ុនប្រមូលសំរាមមួយនៅរាជធានីភ្នំពេញឈ្មោះស៊ិនទ្រី ប្រមាណជាង១ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារ ចំនួន៧ចំណុចសំខាន់ៗពីក្រុមហ៊ុន ដែលការតវ៉ានោះបានផ្ទុះឡើងនៅយប់ថ្ងៃទី២ កុម្ភៈ និងបន្តរហូតមកដល់ព្រឹកថ្ងៃទី៣ កុម្ភៈ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ។
ការតវ៉ានេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ កុម្ភៈ ដោយក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបានប្រមូលផ្តុំគ្នានៅក្នុងចំណតរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ក្រុមកម្មករបាននិយាយប្រាប់អ្នកកាសែតថា ពួកគេមានគ្នាជាង១ពាន់នាក់ ក្នុងនោះមានចាប់តាំងពីអ្នកបោសសំរាម ប្រមូលសំរាម រហូតដល់អ្នកបើកបររថយន្តនិងជាងជួសជុលរថយន្តដឹកសំរាម បានប្រមូលផ្តុំគ្នាតវ៉ាទាមទារនូវលក្ខខណ្ឌការងារចំនួន៧ចំណុច
សំខាន់ៗគឺ ៖
១-សុំឱ្យថៅកែដំឡើងប្រាក់ខែគោលក្នុងម្នាក់ចំនួន១៥០ដុល្លារក្នុង១ខែ ។
២-ស្នើសុំកុំឱ្យថៅកែកាត់ប្រាក់ថ្លៃកាត់សម្លៀកបំពាក់បុគ្គលិក កម្មករ កម្មការិនី ទាំងអស់ ។
៣-ទាមទារប្រាកដំណាច់ឆ្នាំ ។
៤-ស្នើសុំឱ្យមានប្រាក់ទ្រទ្រង់សុខភាព ការស្នាក់នៅនិងការធ្វើដំណើរ ។
៥-សុំឱ្យមានដំណោះស្រាយរាល់ពេលបុគ្គលិកកម្មករ មានគ្រោះថ្នាក់ចរាចរណ៍ ។
៦-ស្នើសុំប្រាក់ខែគោលចំនួន២០០ដុល្លារក្នុង១ខែសម្រាប់អ្នកបើកបររថយន្ត និងជាងជួសជុលរថយន្តដឹកជញ្ជូនសំរាម ។
៧-ស្នើសុំឱ្យមានបុគ្គលិកពេទ្យ ប្រចាំការនៅក្នុងក្រុមហ៊ុន ។
ក្រុមកម្មករបាននិយាយបន្តថា ពួកគេធ្វើការតវ៉ាដោយសន្តិវិធីមិនបានប្រើហិង្សាឬមានចេតនាប្រើហិង្សាណាមួយឡើយ និងត្រូវការឱ្យក្រុមហ៊ុនជួយពន្លឿនការដោះស្រាយ នូវលក្ខខណ្ឌការងារខាងលើ បើមិនដូច្នេះទេ ពួកគេមិនព្រមបញ្ឈប់ធ្វើការតវ៉ាឡើយ ។ ពួកគេដឹងថា លក្ខខណ្ឌការងារប៉ុណ្ណឹងមិនមានការលំបាកសម្រាប់ថៅកែនោះឡើយ ។ ពួកគេនិយាយត្អូញត្អែរថា សព្វថ្ងៃនេះពួកគេខិតខំធ្វើការងារខ្លាំងណាស់ ប៉ុន្តែចំណូលវិញបានទាបមិនសមនឹងកម្លាំងពលកម្មទេ ។ ហេតុដូច្នេះហើយទើបពួកគេត្រូវតែធ្វើការតវ៉ាដើម្បីក្រពះប៉ុណ្ណោះ មិនអាចយកប្រាក់ខែតិចតួចរបស់ខ្លួនទៅធ្វើជាអ្នកមានបាននោះឡើយ ។ ដូច្នេះលោកប្រធានក្រុមហ៊ុនគួរតែយល់ពីទុក្ខលំបាករបស់ពួកគេផង ។ ពួកគេរៀបរាប់ប្រាប់អ្នកកាសែតថា សម្រាប់កម្មករម្នាក់ធ្វើការវេនថ្ងៃបានទទួលប្រាក់ខែ៣១ម៉ឺនរៀល ។ ចំណែកវេនយប់បាន៣៩ម៉ឺនរៀលប៉ុណ្ណោះ ។ ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរបានឱ្យដឹងថាបន្ទាប់ពីក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រីធ្វើការតវ៉ាទាំងយប់នោះ លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ បានចុះទៅធ្វើការសម្របសម្រួលភ្លាមៗដែរ ដោយបានពន្យល់ណែនាំដល់កម្មករទាំងអស់ឱ្យយល់ដឹងពីច្បាប់នៃការតវ៉ាផ្សេងៗ ហើយពួកគេក៏បំបែកគ្នាត្រឡប់ទៅផ្ទះវិញ ។ លុះព្រឹកឡើងថ្ងៃទី៣ កុម្ភៈ ទើបពួកគេប្រមូលផ្តុំគ្នាតវ៉ាបន្តទៀត ដោយមានចាក់ធុងបាសរាំកម្សាន្តនៅមុខក្រុមហ៊ុនផងដែរ ។
គិតត្រឹមរសៀលថ្ងៃទី៣ កុម្ភៈ មិនទាន់មានដំណោះស្រាយបែបណាមួយនៅឡើយទេ ។ ការធ្វើការតវ៉ារបស់បុគ្គលិកកម្មករប្រមូលសំរាមនេះ បើអូសបន្លាយយូរថ្ងៃតទៅទៀតនោះ នឹងបង្កឱ្យមានការប៉ះពាល់ដល់បញ្ហាសំរាមដែលកំពុងកកស្ទះគរចោលនៅតាមដងផ្លូវព្រោងព្រាត និងប៉ះពាល់ដល់បញ្ហាបរិស្ថានក្នុងទីក្រុងមិនខានឡើយ ។ ជាពិសេសនៅតាមផ្សារនានាដែលក្នុង១ថ្ងៃមានសំរាមរាប់តោនត្រូវដឹកចេញមិនឈប់ឈរនោះ ពេលនេះអត់មានអ្នកមកកើបប្រមូលយកទេ ចៀសមិនរួចពីស្អុយពេញរាជធានីមិនខានឡើយ ។ កោះសន្តិភាពកាលពីម្សិលមិញពុំអាចសុំការបំភ្លឺបានទេ តាមទូរស័ព្ទជាមួយប្រធានក្រុមហ៊ុនស៊ិនទ្រី ៕
ចែករំលែកព័តមាននេះ