ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​​​​ឯក​រាជ្យ ? ​អហិ.ង្សា​ ខន្ដី ​ស​ច្ចៈ ​ទើប​ជា​ធ​ម៌​ដែល​​នាំ​ផ្លូវ​ទៅ​​រក​សុខ​​សន្ដិ​ភា​ព​​បាន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ សុខ​ សាធ​ អ្នក​និពន្ធ​សៀវ​ភៅ​ «កំណប់​សីល​ធម៌​» និង​ «កម្រង​អភិ​សមា​ចារ​» បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ ដោយ​ឆ្លុះ​បញ្ចាំង​ជុំវិញ​ការ​ដែល​ភិក្ខុ​សង្ឃ​មួយ​ចំនួន​បាន​មាន​ថេរដីកា​ថា​ ឆាន់​បាយ​ប្រជា​ជន​ ត្រូវ​តែ​ជួយ​ប្រជាជន​ដែល​មាន​ទុក្ខ​ ។

រាជធានីភ្នំពេញ​ ៖ លោក​ សុខ​ សាធ​ អ្នក​និពន្ធ​សៀវ​ភៅ​ «កំណប់​សីល​ធម៌​» និង​ «កម្រង​អភិ​សមា​ចារ​» បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ ដោយ​ឆ្លុះ​បញ្ចាំង​ជុំវិញ​ការ​ដែល​ភិក្ខុ​សង្ឃ​មួយ​ចំនួន​បាន​មាន​ថេរដីកា​ថា​ ឆាន់​បាយ​ប្រជា​ជន​ ត្រូវ​តែ​ជួយ​ប្រជាជន​ដែល​មាន​ទុក្ខ​ ។ តើ​ការ​សំអាង​បែប​នេះ​ ជា​ប្រការ​ត្រឹម​ត្រូវ​ ឬ​ក៏​អត់​ ជាមួយ​នឹង​កាយ​វិការ​លោត​កញ្ឆេង​ ច្រងេង​ច្រងាង​ ពោល​ពាក្យ​អសុរោះ​ ហិង្សា​ អា មឹង​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ និង​មនុស្ស​ឯ​ទៀត​ ដែល​យល់​ថា​ មិន​បាន​គាំទ្រ​រាល់​សកម្ម​ភាព​របស់​ខ្លួន​នោះ​ ។​

លោក​ សុខ​ សាធ​ បាន​សរសេរ​ក្នុង​អត្ថបទ​របស់​លោក​ មាន​ចំណង​ជើង​ថា​ តើ​សង្ឃ​ឯក​រាជ្យ​ជា​នរណា​ និង​មក​ពី​ណា ?​ នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រះ​ពុទ្ធ​សាសនា​ ធ្លាប់​ជា​សាសនា​ដែល​មាន​ឥទ្ធិ​ពល​ខ្ពស់​បំផុត​ដល់​កម្រិត​កំពូល​ ក្នុង​សម័យ​កាល​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ នៃ​ចក្រ​ភព​ខ្មែរ​ ជា​សម័យ​កាល​ដែល​ប្រទេស​ជាតិ​នេះ​មាន​ឯក​ភាព​ជាតិ​យ៉ាង​រឹង​មាំ​ ។​ ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​ដូច​ជា​ ប្រាសាទ​បាយ័ន​ ព្រះ​ខ័ន​ តាព្រហ្ម​ តាសោម​ បន្ទាយ​ក្តី​ ។ល។ ត្រូវ​បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​​សាសនា​ ។​ តែ​ជា​ប្រការ​គួរ​ឱ្យ​សោក​ស្តាយ​ជា​ទីបំផុត​ ដែល​ក្រោយ​មក​ ឥទ្ធិ​ពល​របស់​សាសនា​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​រលាយ​សាប​សូន្យ​តែ​ម្តង​ ក្នុង​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ប៉ុល​ ពត​ ។​ ទើប​តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​ មករា​ ឆ្នាំ​១៩៧៩​ ដែល​សាសនា​នេះ​បាន​ចាប់​កំណើត​ឡើង​វិញ​ មាន​អត្ថិ​ភាព​ និង​រីក​ចម្រើន​គួរ​ឱ្យ​មោទនៈ​ រហូត​ដល់​បច្ចុប្បន្ន​កាល​នេះ​ ។​

ឥឡូវ​នេះ​ ជា​ថ្មី​ម្តង​ទៀត​ សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ អាប់​ឱន​ និង​ឈាន​ទៅ​រក​ការ​រលំ​រលាយ​ម្តង​ទៀត​ ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ ។​ ប៉ុន្តែ​ម្តង​នេះ​ មិន​មែន​បណ្តាល​មក​ពី​កត្តា​ខាង​ក្រៅ​នោះ​ទេ​ គឺ​វា​ស្តែង​ចេញ​តាម​រូប​ភាព​នៃ​ «ដំណើរ​ច្រែះ​សុី​ដែក» ។ រឿង​អាស្រូវ​ជា​ច្រើន​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​សង្ឃ​គណៈ​ ដោយ​រំលោភ​បំពាន​វិន័យ​សង្ឃ​ដែល​ព្រះ​ពុទ្ធ​ជា​បរម​គ្រូ​នៃ​យើង​ បាន​សម្តែង​ និង​បញ្ញត្តិ​ទុក​មក​ ។​ បន្ថែម​ទៅ​លើ​រឿង​រ៉ាវ​​អស់​ទាំង​នោះ​​ នៅ​មាន​បុគ្គល​ពួក​ខ្លះ​ដែល​ជា​ក្រុម​ស្វែង​រក​ផល​ប្រយោជន៍​ពី​នយោ​បាយ​ និង​ជ្រក​ក្រោម​ស្លាក​ព្រះ​ពុទ្ធ​សាសនា​ ថ្មីៗ​នេះ​បាន​ពោល​អះ​អាង​ថា​ តួនាទី​របស់​ព្រះ​សង្ឃ​ដែល​ឆាន់​បាយ​ប្រជា​ជន​ ត្រូវ​តែ​ជួយ​ប្រជា​ជន​ នៅ​ពេល​ដែល​ពួក​គេ​មាន​ទុក្ខ​ ។ល។​ ទោះ​ជា​ដោយ​វិធី​ណា​ក៏​ដោយ​ បើ​និយាយ​ពី​សតិ​ញាណ​ គេ​ថ្លែង​ថា​ «វា​គ្មិន​អវិជ្ជា​ បណ្តោយ​ឱ្យ​អារម្មណ៍​របស់​ខ្លួន​និយាយ​ ហើយ​ពួក​គេ​បាន​សាង​ឡើង​នូវ​កំហុស​ស្ទួនៗ​ ដែល​សឹង​ជា​មូល​ហេតុ​នៃ​សេចក្តី​ទុក្ខ​ ។​ វាគ្មិន​ឈ្លាស​វៃ​ ទុក​ឱ្យ​វិចារណ​ញ្ញាណ​របស់​គេ​និយាយ​ ហើយ​រស់​នៅ​ក្នុង​សភាព​មួយ​សម​រម្យ​ ត្រឹម​ត្រូវ​ ប៉ុន្តែ​ដូច​ជា​មិន​មែន​ជីវិត​ពិត​នោះ​ទេ​ ។​ វា​គ្មិន​គតិ​បណ្ឌិត​ ទុក​ឱ្យ​គតិ​បណ្ឌិត​និយាយ​ ហើយ​ពួក​គេ​ក៏​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អរិយ​សច្ច​សកល» ។

​ការ​ចូល​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​ហ្វូង​បាតុ​ករ​ ជាមួយ​នឹង​កាយ​វិការ​លោត​កញ្ឆេង​ ច្រងេង​ច្រងាង​ ពោល​ពាក្យ​អសុរោះ​ ហិង្សា​ អា មឹង​ ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ និង​មនុស្ស​ដទៃ​ទៀត​ ដែល​មិន​គាំទ្រ​ និង​ព្យាយាម​ទប់​ស្កាត់​បាតុ​កម្ម​ហិង្សា​របស់​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជា​ «សង្ឃ​ឯក​រាជ្យ​» នោះ​ ត្រូវ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​អម្ចាស់​ ពិត​ជា​បាន​ត្រាស់​សម្តែង​ និង​បញ្ញត្តិ​ទុក​មក​ថា​ សង្ឃ​ជា​សាវ័ក​របស់​ព្រះ​អង្គ​ ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧត្តម​ភេទ​ ជា​ស្រែ​បុណ្យ​ ជា​សរណ​បុគ្គល​ (បុគ្គល​ជា​ទីពឹង​ ទី​រឭក)​ ។ល។​ នោះ​ ហើយ​ដែល​ឆាន់​បាយ​ប្រជា​ជន​ ត្រូវ​តែ​ជួយ​ប្រជា​ជន​ដែល​មាន​ទុក្ខ​ ដូច​អ្វី​ដែល​ «សង្ឃ​ឯក​រាជ្យ» បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​មែន
​ឬ ?​ ពាក់​ព័ន្ធ​នឹង​សំណួរ​នេះ​ ព្រះ​ពុទ្ធ​ជាបរម​គ្រូ​នៃ​យើង​ មុន​ព្រះ​អង្គ​យាង​ចូល​ព្រះ​បរិ​និព្វាន​ ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​សាវ័ករ​របស់​ព្រះ​អង្គដែល​កំពុងតែ​មាន​ទុក្ខ​ក្រៀម​ក្រំ​ថា ៖​ «ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អត់​ពី​តថា​គត​ទៅ​ ធម៌​ឯ​ណា​ដែល​តថា​គត​បាន​សម្តែង​ហើយ​ វិន័យ​ឯណា​ដែល​តថា​គត​បាន​បញ្ញត្តិ​ទុក​ហើយ​ ធម៌​ និង​វិន័យ​នោះ​ជា​គ្រូ​របស់​អ្នក​ហើយ…» ។​ ដោយ​ធម៌​ និង​​វិន័យ​ទាំងអស់​នោះ​ មាន​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ ​ទើប​បាន​ជាអ្នក​ប្រាជ្ញ​ បណ្ឌិត​ទាំងឡាយ​តែង​ពោល​ថា​ ៖ «គម្ពីរ​ព្រះត្រៃ​បិដក​ជាព្រះ​ពុទ្ធ​សាសនា ឬ​ព្រះ​ពុទ្ធ​សាសនា​គឺ​គម្ពីរ​ព្រះ​ត្រៃ​បិដក» ។​

គម្ពីរ​ព្រះ​ត្រៃបិដក​នេះ​ចែកចេញ​ជា​បី​ផ្នែក​ផ្សេង​គ្នាគឺ​ ផ្នែក​វិន័យ​បិដក​ ផ្នែក​ព្រះ​សូត្រ​ ឬ​សុតន្ត​បិដក ​និង​ផ្នែក​អភិធម្ម​បិដក ។​ ដោយ​ឡែក​ អ្វីដែល​មាន​នៅ​ក្នុង​វិន័យ​បិដក​នោះ​គឺ​ជាធម៌​ ជា​វិន័យ​ដែល​ព្រះ​ពុទ្ធ​ជា​អម្ចាស់​បាន​ត្រាស់​សម្តែង​ និង​បញ្ញត្តិ​ទុក​មក​យ៉ាង​ពិត​ប្រាកដ​ មិន​មែន​សម្រាប់​តែ​ព្រះសង្ឃ​ដែល​ជា​ភិក្ខុ​ ​និង​សាមណេរ​បុ៉ណ្ណោះ​ទេ​ គឺ​សម្រាប់​ពុទ្ធ​បរិស័ទ​ដែល​ជា​គ្រហស្ថ​ គោរព និង​ប្រតិបត្តិ​ផង​ដែរ ។​ តែ​គួរ​សោក​ស្តាយ​ នៅ​ក្នុង​វិន័យ​បិដក​ដែល​មាន​ទាំង​អស់​១៣​គម្ពីរ​ក្នុង​បណ្តា​១១០​គម្ពីរ​នោះ​ មិន​មាន​ឃើញ​កន្លែងណាម​ួយ​ដែល​ព្រះពុទ្ធ​ជា​បរម​គ្រូ​បញ្ញត្តិ​ថា​ សាវ័ក​ទាំងឡាយ​របស់​ព្រះ​អង្គ​ដែល​ជា​ភិក្ខុ​ សាមណេរ​ ត្រូវតែ​ជួយ​ប្រជាជន​នៅ​ពេល​ដែល​ពួកគេ​មាន​ទុក្ខ​ដូច​អ្វីដែល​ក្រុម​ «សង្ឃ​ឯក​រាជ្យ»​ បាន​អះ​អាង​ ​និង​កំពុង​ធ្វើ​នៅ​កម្ពុជា​នោះ​ឡើយ ។​ ពិត​មែន​តែ​មាន​ការបែង​ចែក​រវាង​វិន័យ​សម្រាប់​សង្ឃ​ និង​វិន័យសម្រាប់​គ្រហស្ថ​ក៏​ដោយ​ ក៏​ពុទ្ធ​បរិស័ទ​ដែល​ជា​គ្រហស្ថ​ គួរតែ​យល់​ដឹង​អំពី​វិន័យ​សម្រាប់​សង្ឃ​ឱ្យ​បាន​ច្រើន​ផងដែរ​ «ចៀស​វាង​ធ្វើ​ការ​គោរព​បូជា​ទាំងងងឹត​ចំពោះ​សង្ឃ​បង់​វិន័យ​ សង្ឃ​ក្លែង​ក្លាយ​ សង្ឃ​ដែល​ជាស្រែ​បាប»។​

នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដើម្បី​ធ្វើ​បុណ្យ​​ឧទ្ទិស​កុសល​ជូន​ជីដូន​ជីតា​ បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ឱ្យ​បាន​សម្រេច​ផល​នោះ​ កូន​ចៅ​ត្រូវ​ធ្វើ​តាម​រយៈ​អ្នក​មាន​សីល​ដែល​ពុទ្ធ​​សាសនិក​ទាំងឡាយ​តែង​តែ​យល់​ថា​អ្នក​មាន​សីល​នោះ​ គឺ​អ្នក​​បួស​ហ្នឹង​ឯង​ ហើយ​បើ​ធ្វើ​តាម​រយៈ​អ្នក​បួស​ដែល​ជា​សង្ឃ​​បង់​វិន័យ​ និងទ្រុស្ត​សីល​វិញ​នោះ​ ទោះ​ជា​ខំ​ប្រឹង​បរិច្ចាគ​ធន​ធាន​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​បាន​បុណ្យ​កុសល​អ្វី​មក​ដល់​ខ្លួន​ឡើយ​ ហើយ​បុណ្យ​កុសល​ដែល​ឧទ​្ទិស​ជូន​ជីដូន​ជីតា​ បុព្វ​ការី​ជន​នោះ​ ក៏​រឹត​តែ​មិន​បាន​ដល់​ថែម​ទៀត​ផង ។​ ពាក់​ព័ន្ធ​នឹង​រឿងព្រះសង្ឃ​ឆាន់បាយ​ប្រជា​ជន​ ត្រូវ​តែ​ជួយ​ប្រជាជន​នេះ​ទៀត​ វា​ពិត​ជា​មិន​ខុស​​អ្វី​ទេ​ បើ​បដិបត្តិ​ឱ្យបានត្រឹម​ត្រូវ​តាម​ព្រះ​វិន័យ​ដែល​ជា​ពុទ្ធ​ប្បញ្ញត្តិ​ពិត​ប្រាកដ​នោះ ។​ តួនាទី​សំខាន់​របស់​ព្រះសង្ឃ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ ដែល​ព្រះ​ពុទ្ធ​ជាអម្ចាស់បាន​សម្តែង​ទុក​មក​ គឺ​ការ​ព្យា​យាម​រៀន​សូត្រ​ធម៌​វិន័យ​របស់​ព្រះ​អង្គ​ និង​ផ្សព្វ​ផ្សាយ​ធម៌​វិន័យ​នោះ​ដល់​ពុទ្ធ​បរិ​ស័ទ​ដែល​ជា​គ្រហស្ថ​ ឱ្យបាន​យល់​ជ្រួត​ជ្រាប​ពី​សីល​ធម៌​ព្រះ​ពុទ្ធ​សាសនា​ ឱ្យ​ស្គាល់​បុណ្យ​ស្គាល់​បាប​ លះ​បង់​អំពើ​ជា​អកុសល​ ហើយ​ងាក​មក​រក​អំពើ​ដែល​ជា​កុសល​វិញ ។ល។​ ដូច​ពុទ្ធ​ភាសិត​មួយ​ឃ្លា​បាន​ចែង​ថា​ ៖​

-«សព្វ​បាបស្ស​ អករណំ ការ​មិន​ធ្វើ​អំពើ​បាប​ទាំង​ពួង​ ដោយ​កាយ​ ដោយ​វាចា និង​ដោយ​ចិត្ត​១
-​កុសលស្សូ បសម្បទា​ ការ​ញ៉ាំង​កុសល​ឱ្យ​ដល់​ព្រម​ដោយ​កាយ​ ដោយ​វាចា និង​ដោយ​ចិត្ត​១​
-​សចិត្ត​បរិយោ​ ទបនំ​ ការ​ជម្រះ​ចិត្ត​ឱ្យ​បរិសុទ្ធ​ មិន​មាន​កិលេស​ ជា​គ្រឿង​សៅ​ហ្មង​១​
-​ឥតំ​ ពុទ្ធានសាសនំ​ ពាក្យ​នេះ​ឯង​ជា​សាសនៈ​ ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​» ។
នៅ​ក្នុង​សម័យ​ពុទ្ធ​កាល​ ក៏​ដូច​ជា​សម័យ​បច្ចុប្បន្ន​កាល​នេះ​ដែរ​ ទំនាស់​តែង​កើត​មាន​ជា​ធម្មតា​ ដូច​ជា​ទំនាស់​ក្នុង​គ្រួសារ​ ក្នុង​សង្គម​ និង​រហូត​ដល់​មាន​ទំនាស់​រវាង​ប្រទេស​ និង​ប្រទេស​ថែម​ទៀត​ផង​ ។​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ មិន​ដែល​បដិសេធ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ និង​ជួយ​រក​ដំណោះ​ស្រាយ​នោះ​ឡើយ​ តែ​វិធី​ដោះ​ស្រាយ​របស់​ព្រះ​អង្គ​ គឺ​ផ្អែក​លើ​សច្ច​ធម៌​ និង​អហិង្សា​ លើ​ការ​អត់​ឱន​ និង​យោគ​យល់​គ្នា​ ។​

ទន្ទឹម​នឹង​ប្រៀន​ប្រដៅ​ និង​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​ ព្រះ​វិន័យ​របស់​ព្រះ​អង្គ​ ព្រះពុទ្ធ​នៅ​បាន​ជួយ​ដោះ​ស្រាយ​វិវាទ​ជា​ច្រើន​ផង​ដែរ​ ដូច​ជា​ នា​សម័យ​ថ្ងៃ​មួយ​ ប្រជា​រាស្ត្រ​នៃ​នគរ​ «កោលិយៈ» និង​នគរ​ «សក្យៈ» ដែល​ជា​ប្រទេស​ជិត​ខាង​គ្នា​ពីរ​ ស្ថិត​នៅ​ជាប់​នឹង​ដង​ស្ទឹង​ «រោហិណី» មាន​ទំនាស់​នឹង​គ្នា​ ដោយ​សារ​តែ​ដណ្តើម​ទឹក​គ្នា​ ដែល​ស្ទើរ​តែ​រីង​ស្ងួត​អស់​ទៅ​ហើយ​នោះ​ ដើម្បី​ស្រោច​ស្រព​ស្រែ​រៀងៗ​ខ្លួន​ ។​ ក្រោយ​ពី​ការ​ជេរ​ប្រមាថ​ និង​វាយ​តប់​គ្នា​ទៅ​វិញ​ទៅ​មក​ ព័ត៌​មាន​នេះ​ក៏​បាន​លេច​ឮ​ទៅ​ដល់​ព្រះ​រាជា​នៃ​ប្រទេស​ទាំង​ពីរ​ ។​ ពេល​នោះ​ ទំនាស់​លែង​ជា​ទំនាស់​បញ្ហា​ទឹក​ធ្វើ​ស្រែ​ទៀត​ហើយ​ ព្រោះ​ព័ត៌​មាន​ដែល​ព្រះ​រាជា​ទទួល​បាន​ គឺ​ជា​ការ​ជេរ​ប្រមាថ​ចំពោះ​ព្រះ​រាជា​ ពី​សំណាក់​ប្រជា​រាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ ។​ អធិករណ៍​នេះ​ បាន​ឈាន​ដល់​ការ​ត្រៀម​កម្លាំង​ទ័ព​​រៀងៗ​ខ្លួន​ដើម្បី​ធ្វើ​សង្គ្រាម​ ។​ បន្ទាប់​មក​ រឿង​រ៉ាវ​ខាង​លើនេះ​ ក៏​បាន​លេច​ឮ​ទៅ​ដល់​ព្រះ​ពុទ្ធ​ជា​អម្ចាស់​ ដែល​កំពុង​គង់​សមាធិ​នៅ​ឯ​ក្រុង​កបិល​ភស្តុ​ (នគរ​សក្យៈ)​ ។​ ព្រះ​អង្គ​ឈ្វេង​យល់​ថា​ បញ្ហា​នេះ​ធ្ងន់​ធ្ងរ​ណាស់​ បើ​ព្រះ​អង្គ​មិន​ប្រញាប់​ទៅ​ជួយ​ទេ​ ពួក​គេ​នឹង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មិន​ខាន​ ។​ ពេល​យាង​ទៅ​ដល់​ ព្រះ​អង្គ​បាន​គង់​ប្រថាប់​នៅ​ចន្លោះ​កង​ទ័ព​ទាំង​សង​ខាង​ដែល​ត្រៀម​នឹង​ប្រយុទ្ធ​គ្នា​ ។​ ខណៈ​នោះ​ ព្រះ​អង្គ​បាន​ត្រាស់​សួរ​ទៅ​ព្រះ​រាជា​ «សក្យៈ»​ អំពី​មូល​ហេតុ​​ដែល​បណ្តាល​ឱ្យ​មាន​អធិករណ៍​នេះ​កើត​ឡើង​ ។​

ទាំង​ព្រះ​រាជា​ ទាំង​មហា​មន្ត្រី​ក្នុង​ព្រះ​រាជ​វាំង​ សុទ្ធ​តែ​មិន​បាន​ដឹង​ពី​មូល​ហេតុ​ពិត​នៃ​ជម្លោះ​នោះ​ទាំង​អស់​ ។​ ទី​បញ្ចប់​ មាន​តែ​ពល​ករ​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ ដែល​ទូល​ថ្វាយ​ការ​ពិត​ថា​ ទំនាស់​នេះ​កើត​ចេញ​ពី​ការ​ដណ្តើម​ទឹក​គ្នា​ធ្វើ​ស្រែ​ប៉ុណ្ណោះ​ ។​ បន្ទាប់​មក​ ព្រះ​ពុទ្ធ​បាន​ត្រាស់​សួរ​ទៅ​ព្រះ​រាជា​ «សក្យៈ​» ថា​ តើ​ទឹក​នោះ​ថ្លៃ​ប៉ុន្មាន​ ?​ ព្រះ​រាជា​ឆ្លើយ​តប​ថា​ ទឹក​នោះ​មាន​តម្លៃ​តិច​តួច​ណាស់​ ។​ ព្រះ​ពុទ្ធ​បាន​សួរ​ទៀត​ថា​ បពិត្រ​ព្រះ​មហា​រាជ​ ចុះ​មនុស្ស​ទាំង​ឡាយ​របស់​ព្រះ​អង្គ​ មាន​តម្លៃ​ប៉ុន្មានដែរ​ ?​ បពិត្រ​ព្រះ​អង្គ​ មនុស្ស​ទាំង​អស់​នោះ​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ទេ​ ។​ ទី​បញ្ចប់​ ព្រះ​ពុទ្ធ​ជា​អម្ចាស់​បាន​ជួយ​បំបែក​អធិ​ករណ៍​នោះ​បាន​ដោយ​ជោគ​ជ័យ​ ។​ អធិករណ៍​ខាង​លើ​នេះ​ បើ​ព្រះ​អង្គ​ទៅ​មិន​ទាន់​ពេល​ទេ​នោះ​ ស្ទឹង​ «រោហិណី»​នឹង​ក្លាយ​ជា​ស្ទឹង​ឈាម​បាត់​ទៅ​ហើយ​ ។​ បន្ទាប់​មក​ ព្រះ​អង្គ​ក៏​បាន​ណែ​នាំ​ឱ្យ​ប្រជា​រាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​ រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​គ្នា​ លះ​បង់​នូវ​គំនុំ​សង​សឹក​នឹង​គ្នា​ទៅ​ថ្ងៃ​ក្រោយ​ ។​ រឿង​ដែល​បាន​ដក​ស្រង់​មក​ជា​គតិ​ខាង​លើ​នេះ​ សម​ល្មម​នឹង​ពុទ្ធ​បរិស័ទ​ដែល​ជា​សង្ឃ​សាវ័ក​ពិត​ប្រាកដ​ និង​ពុទ្ធ​បរិស័ទ​ដែល​ជា​គ្រហស្ថ​អាច​យល់​បាន​ និង​ប្រតិបត្តិ​តាម​បាន​ ដោយ​លះ​បង់​នូវ​ហិង្សា​ទាំង​បី​គឺ​ ហិង្សា​ដោយ​គំនិត​ ហិង្សា​ដោយ​ពាក្យ​សម្តី​ និង​ហិង្សា​ដោយ​កាយ​ (វៀរ​ប្រព្រឹត្ត​​ខុស​ក្នុង​កាយ​កម្ម​ វចី​កម្ម​ មនោ​កម្ម​)​ ដោយ​នាំ​គ្នា​ងាក​មក​រក​គម្ពីរ​ព្រះ​ត្រៃ​បិដក​ ដែល​ជា​ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង​ ។​

ព្រះ​ពុទ្ធ​បាន​ប្រៀន​ប្រដៅ​ ធម៌​អហិង្សា​ ធម៌​ខន្តី​ និង​សច្ច​ធម៌​ ដែល​សុទ្ធ​តែ​ជា​ធម៌​នាំ​ផ្លូវ​មនុស្ស​ទៅ​រក​សន្តិ​ភាព​ ។​
ទង្វើ​ផ្ទុយ​ពី​នេះ​ មនុស្ស​ជាតិ​ពិត​ជា​មិន​អាច​ឃើញ​នូវ​ពន្លឺ​សន្តិ​ភាព​បាន​ឡើយ​ ។​
«ធម្មោ​ ហវេ រក្ខតិ​ ធម្មចារី» ធម៌​រមែង​រក្សា​នូវ​អ្នក​ដែល​ប្រព្រឹត្ត​ធម៌​ ៕​