រាជធានីភ្នំពេញ ៖ នារីជាកម្មករកាត់ដេរមា្នក់ខឹងសង្សារបែកចិត្តទៅមានអ្នកថ្មី បានដាច់ចិត្តលេបថ្នាំងងុយគេង ១០គ្រាប់ ប៉ងសម្លាប់ខ្លួន ត្រូវក្រុមគ្រួសារឃើញទាន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទៅ០៣ កុម្ភៈ ២០១៤ នៅចំណុចផ្ទះជួលជនរងគ្រោះ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះមានឈ្មោះ ភាព សុធា អាយុ ២២ឆ្នាំ ជាកម្មករកាត់ដេរនៅរោងចក្រម្តុំចោមចៅ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ តាមក្រុមគ្រួសារនារីរងគ្រោះ បានឲ្យដឹងថា នារីរងគ្រោះបានទាក់ទងជាមួយសង្សាររយៈពេល ២ឆ្នាំ មកហើយ នៅយប់ថ្ងៃកើតហេតុ ឃើញនាងនិយាយទូរស័ព្ទជិត ១ម៉ោង ដោយឈ្លោះប្រកែកគ្នាជាមួយសង្សារ។
បន្ទាប់មក នារីរងគ្រោះបានសួរទៅកាន់ក្រុមគ្រួសារថា មានថ្នាំកណ្តុរឬទេ លុះដល់ក្រុមគ្រួសារឆ្លើយថា អត់មាន ហើយតើសួររកធ្វើអ្វី នាងក៏ទៅទិញថ្នាំងងុយគេងលេបប៉ងសម្លាប់ខ្លួនតែម្តង។ បច្ចុប្បន្ន នារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ