ខេត្តប៉ៃលិន ៖ ផ្លូវលំមួយកន្លែងមានប្រវែងជាង ៧០០០ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការឈូសឆាយទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងដាក់ប្រព័ន្ធលូបង្ហូរទឹក តាមរយៈក្រុមហ៊ុនមួយឈ្មោះ វីវៈ សុផាណា ដែលទទួលជំនួយពីប្រជាពលរដ្ឋជប៉ុន ហើយផ្លូវលំមួយខ្សែនេះ ស្ថិតនៅខាងត្បូងជាប់នឹងផ្លូវជាតិលេខ៥៧A ក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពី លោក រស់ ធីរៈ ប្រធានក្រុមហ៊ុន វីរៈ សុផាណា (VRP) បានឲ្យដឹងថា ផ្លូវលំមួយខ្សែប្រវែងជាង ៧គីឡូម៉ែត្រ ត្រូវបានអាជ្ញាធររៀបចំឈូសឆាយតាំងពីខែមិថុនា ឆ្នាំ២០១៣ កន្លងមក ដើម្បីឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ តាមរយៈម្ចាស់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ។
លោក រស់ ធីរៈ បានបន្តថា ចំណែកប្រព័ន្ធស្ពាន លូបង្ហូរទឹក ខាងក្រុមហ៊ុនរបស់លោកជាអ្នកធ្វើដោយទទួលជំនួយពីប្រជាពលរដ្ឋជប៉ុន ហើយរហូតមកដល់ពេលនេះ ខាងលោកធ្វើបានប្រហែល ៩០ភាគរយ ហើយ ដោយធ្វើផ្លូវលូបង្ហូរទឹកធំៗ ចំនួន ៣កន្លែង ផ្លូវលូបង្ហូរទឹកតូចៗ ចំនួន ១២កន្លែង និងដាក់លូភ្លោះចំនួន ១កន្លែងទៀត។
លោកបានបញ្ជាក់ទៀតថា នៅពេលនេះ ផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលមានកម្ពស់ ៧ជាន់ មានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅលេងកម្សាន្តជាងមុន ហើយនៅថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម នាឆ្នាំនេះ គេសង្កេតឃើញមានម៉ូតូ និងរថយន្តជាច្រើនគ្រឿង បានធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋាននេះ យ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់។
បន្ទាប់ពីផ្លូវថ្នល់ និងប្រព័ន្ធលូធ្វើជិតរួចរាល់ លោកសង្កេតឃើញមានភ្ញៀវទេសចរក្នុងខេត្តខ្លះទៀតមកពីខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងមកពីរាជធានីភ្នំពេញ ក៏ចូលមកលេងបណ្តើរៗ យ៉ាងច្រើនកុះករផងដែរ៕
ចែករំលែកព័តមាននេះ