ខេត្តបន្ទាយមានជ័យ ៖ បុរសចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្លក្រាម ចុះចាប់ឃាត់ខ្លួនភ្លាមបន្ទាប់ពីផឹកស្រាស្រវឹងយកចបកាប់វាយសំពងទៅលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមណ្ឌលសុខភាពឃុំ។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ១៥នាទី ព្រឹកថ្ងៃទី០៣ កុម្ភៈ ២០១៤ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។
លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា បុរសចិត្តកំណាចជាប្តីមានឈ្មោះ រុំ ពន្លក អាយុ ៤១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ អឿន ង៉ា អាយុ ៣៧ឆ្នាំ គ្រួសារនេះ មានទីលំនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។
លោកបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យឈានដល់អំពើហិង្សា គឺបុរសជាប្តីបានផឹកស្រាស្រវឹងជោគខ្លួន ហើយសុំលុយប្រពន្ធទៅទិញផឹកថែមទៀត តែប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ក៏ទាញយកចបកាប់វាយទៅលើប្រពន្ធត្រូវចំក្បាលបែកសន្លប់បាត់ស្មារតី បានអ្នកជិតខាងជួយទើបដឹងខ្លួនវិញ។ ក្រោយពីកើតហេតុ លោកបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញា កែវ សុគន្ធា ចាប់ឃាត់ខ្លួនប្តីបង្កហិង្សា បញ្ជូនទៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងបញ្ជូនមកស្នងការដ្ឋានចាត់ការបន្ត៕
ចែករំលែកព័តមាននេះ