ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច បើ​គ្រួសារ​មាន​មនុស្ស​មិន​ទទួលខុសត្រូវ​រឿង​លុយកាក់?

4 ឆ្នាំ មុន

ពេល​ដែល​ជួបជុំ​គ្រួសារ​ម្តង​ៗ អ្នក​ប្រហែលជា​តែងតែ​លឺ​ពី​បទ​ពិសោធន៍​ជោគជ័យ​របស់​បងប្អូន​មួយ​ចំនួន​ក្នុង​ការងារ ឬ​អាជីវកម្ម​របស់​ពួក​គេ ឬ​រឿង​ដ៏​សោកសៅ​របស់​បងប្អូន​ផ្សេង​ទៀត​ទាក់ទិន​នឹង​កំហុសឆ្គង និង​ការ​សម្រេចចិត្ត​ខុស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​លុយ​ជា​ច្រើន​ជាដើម ។ ការ​ធ្វើការ​សម្រេចចិត្ត​ខុស​មិនមែន​ជា​រឿង​ប្លែក​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ។…

ពេល​ដែល​ជួបជុំ​គ្រួសារ​ម្តង​ៗ អ្នក​ប្រហែលជា​តែងតែ​លឺ​ពី​បទ​ពិសោធន៍​ជោគជ័យ​របស់​បងប្អូន​មួយ​ចំនួន​ក្នុង​ការងារ ឬ​អាជីវកម្ម​របស់​ពួក​គេ ឬ​រឿង​ដ៏​សោកសៅ​របស់​បងប្អូន​ផ្សេង​ទៀត​ទាក់ទិន​នឹង​កំហុសឆ្គង និង​ការ​សម្រេចចិត្ត​ខុស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​លុយ​ជា​ច្រើន​ជាដើម ។

ការ​ធ្វើការ​សម្រេចចិត្ត​ខុស​មិនមែន​ជា​រឿង​ប្លែក​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ។ មនុស្ស​មួយ​ចំនួន​ប្រព្រឹត្ត​កំហុសឆ្គង​ហើយ​តែ​មិន​ទទួលស្គាល់​ថា វា​ជា​កំហុសឆ្គង​របស់​ខ្លួន​ឡើយ ។ ផ្ទុយ​មក​វិញ ពួក​គេ​បែរជា​ស្តីបន្ទោស​អ្នក​ដទៃ ឬ​សង្គម​ទៅ​វិញ និង​ងាក​មក​អ្នក​ឲ្យ​ផ្តល់​ជា​ជំនួយ​ដល់​ពួក​គេ ។

ដូច្នេះ​ប្រសិនបើ គ្រួសារ​របស់​អ្នកមាន​សមាជិក​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ​រឿង​លុយកាក់​ដូច​ខាងលើ តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច ?
ចម្លើយ​ដ៏​ងាយ គឺ​អ្នក​មិន​អាច​ធ្វើ​អ្វី​ឲ្យ​ពួក​គេ​បាន​ទេ ។ អ្នក​គ្រាន់តែ​អាច​អង្គុយ​ចុះ និង​ស្តាប់​ពី​រឿងហេតុ​ដែល​បាន​កើតឡើង​លើ​ពួក​គេ​ប៉ុណ្ណោះ ហើយ​រាល់​ដំបូន្មាន​របស់​អ្នក​ប្រហែលជា​មិន​អាច​ត្រូវ​បាន​ទទួលយក​ដោយ​ពួក​គេ​ដែរ ។

ផ្ទុយ​មក​វិញ អ្នក​គួរតែ​ស្វែងរក​ចំណុចប្រសព្វ រួច​លួច​ផ្តល់​ជា​ដំបូន្មាន​ដល់​ពួក​គេ​ជាដើម ។ ឧទាហរណ៍​ដូច​ជា ប្រាប់​ពី​បទ​ពិសោធន៍​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ និង​ប្រាប់​ពី​ដំណោះស្រាយ​ដែល​ជោគជ័យ​ពេល​ដែល​ជួប​បញ្ហា​ដូច ឬ​ស្រ​ដៀង​គ្នា​ជាដើម ។ ចុះ​ប្រសិនបើ​ក្នុង​ករណី​ពួក​គេ​ស្នើ​សុំ​ខ្ចីប្រាក់​របស់​អ្នក​វិញ ? ប្រសិនបើ​អ្នក​គិត​ថា ពួក​គេ​មិន​មាន​ទំ​នួ​ស​ខុស​ត្រូវ​គ្រប់គ្រាន់​ទេ​នោះ អ្នក​មិន​គួរ​មាន​សម្ពាធ​ក្នុង​ការ​យល់ព្រម​រហូត​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ព្យាយាម​ស្វែងរក​វិធី​ផ្សេង ដើម្បី​ជួយ​ពួក​គេ​វិញ ។

ឧទាហរណ៍​បើសិន​បើ​ពួក​គេ​ស្នើ​ខ្ចីប្រាក់ ព្រោះតែ​បាត់បង់​ការងារ អ្នក​អាច​ណែនាំ​ពួក​គេ​ទៅ​កាន់​ក្រុមហ៊ុន ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែល​កំពុង​តែ​ស្វែងរក​បុគ្គលិក​ជាដើម ។ កត្តា​មួយទៀត​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ជម្លោះ​ក្នុង​គ្រួសារ​ជា​ច្រើន​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ព្យាយាម​បង្ខំ​ឲ្យ​មនុស្ស​ម្នាក់​ប្រកាន់​គំនិត និង​តម្លៃ​ដូច​អ្នក​ដែរ ។ មិន​ថា ម្នាក់​នោះ​ជា​មិត្ត ឬ​បងប្អូន​អ្នក​ទេ ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទំនាក់ទំនង​ល្អជា​មួយ​ពួក​គេ​ប៉ុណ្ណោះ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ស្តាប់​ពី​ជីវិត​របស់​ពួក​គេ​ដោយ​ចង​ចាំ​ថា ពួក​គេ​ជា​មនុស្ស​ដែល​ដើរ​ផ្លូវខុស​ពី​អ្នក ។ អ្នក​ក៏​មិនដឹង​ដែរ​ថា ដំណោះស្រាយ​ដែល​ល្អ​ជាងគេ​សម្រាប់​ពួក​គេ​គឺ​អ្វី ៕ កែសម្រួល​ដោយ​៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ