រាជធានីភ្នំពេញ ៖ ពុធ ហុ៊ច មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន ធ្លាប់បានយកឈ្នះ Amadeu Christiano ដោយពិន្ទុម្តង ហើយ កាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈគេបានធ្វើឱ្យកីឡាករប្រេសីុលរូបនេះ ស្គាល់រសជាតិនៃការបរាជ័យជាលើកទី២ម្តងទៀតទាល់តែបាន នៅក្នុងជំនួបសងសឹកនៅលើសង្វៀនស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ ។
នៅទឹកទី១ Amadeu Christiano បានដើរចូលយា៉ងងងើលទាត់មកលើ ពុធ ហ៊ុច ទាំងកំរោល ប៉ុន្តែមិនទទួលបានផលឡើយ ដោយសារ ពុធ ហ៊ុច ហាក់ដូចជាដឹងសន្ទុះជើងទាត់របស់គូប្រកួតមុន ទើបគេអាចគេច និងរងទាន់រហូត រួចធ្វើការទាត់សងវិញភ្លាមៗជាមួយនឹងការវាយមា៉ត់ទៅលើមុខ និងពោះទឹក ។ ទោះបីយា៉ងណា រាល់ការវាយនិងទាត់សងរបស់ ពុធហ៊ុច មិនអាចបង្ខំឱ្យកីឡាករប្រេសីុលរូបនេះ ដកថយបានឡើយ ផ្ទុយទៅវិញគេកាន់តែដើរចូលនិងវាយសម្រុកលើសដើម តែមិនអាចធ្វើអីពុធ ហ៊ុច បានឡើយ ។ និយាយរួមការដើរចូលវាយបែបកំរោលចូលរបស់ Amadeu Christiano មិនខុសពីធ្វើបាវខ្សាច់ឱ្យ ពុធ ហ៊ុច វាយលេងឡើយ ។ ចូលដល់ទឹកទី៤ និងទឹកទី៥ កីឡាករប្រេសីុលហាក់បាត់បង់កម្លាំងអស់ពីក្នុងខ្លួនរលីង ដោយសារគេវាយសម្រុកខ្លាំងពេកតាំងពីទឹកទី១មកជាឱកាសរបស់ ពុធ ហ៊ុច ធ្វើការវាយលុកចូលចំគោលដៅបានច្រើន ទើបជ័យជម្នះបានធ្លាក់មកក្នុងកណ្តាប់ដៃគេជាលើកទី២ ។
រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ បានផ្តួលកីឡាករអៀរឡង់ Pickens Kamen O’Jay ឱ្យសន្លប់នៅត្រឹមទឹកទី៣ ។ រឿង សោភ័ណ្ឌ បើទោះជាមិនធ្លាប់ស្គាល់ពីល្បិចប្រកួតរបស់កីឡាករអៀរឡង់ក្តី ក៏គេគ្មានការកោតក្រែងសូម្បីតែបន្តិច ព្រោះគ្រាន់តែចាប់ផ្តើមភ្លាមគេបានដើរចូលវាយប្រាវៗតែម្តង មិនចាំបាច់ស្ទាបស្ទង់យូរឡើយ ។ ចំណែកកីឡាករអៀរឡង់ ក៏បានវាយតបវិញភ្លាមៗដែរ ប៉ុន្តែល្វែងខាងក្រោមរបស់គេ ហាក់ដូចជាទន់ជ្រាយសម្បើមណាស់ ជាហេតុធ្វើឱ្យ រឿង សោភ័ណ្ឌ ចាប់ចំណុចខ្សោយបាន ក៏បានព្យាយាមទាត់ជើងក្រោមជាញឹកញាប់ និងដើរចូលចាប់វាយជង្គង់ និងកែងចូលចំកន្លែងសំខាន់ៗពេញៗតែម្តង ។ Pickens Kamen O’Jay ចាប់ផ្តើមស្រុតចុះកម្លាំងយា៉ងខ្លាំងនៅក្នុងទឹកទី២និងទី៣ ជាពិសេសទឹកទី៣តែម្តង ធ្វើឱ្យ រឿង សោភ័ណ្ឌ មានឱកាសចូលវាយតាមចិត្តត្រូវចំសៀតផ្កា និងពោះទឹកពេញៗ បណ្តាលឱ្យកីឡាករអៀរឡង់រូបនេះ ដួលមិនអាចក្រោកប្រកួតតទៅទៀតបាន ។
ក្រៅពីគូអន្តរជាតិនេះទៅ នៅលើសង្វៀនដដែលកីឡាករ ធី តុងហីុ មកពីក្លិបសាលវ័ន្តកីឡា ផ្តួលកីឡាករ សួង សុវណ្ណថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិឱ្យសន្លប់នៅត្រឹមទឹកទី៤ ។ កីឡាករ នួន សេតសង់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ផ្តួលកីឡាករ វង្ស គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ឱ្យលើកទង់ជ័យសសុំចុះចាញ់នៅត្រឹមទឹកទី៣ ។ កីឡាករ ម៉ន លីហួរ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯងកីឡា ផ្តួលកីឡាករ រាជសីហ៍ ចាន់ឌី មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀននៅត្រឹមទឹកទី២ ៕
ចែករំលែកព័តមាននេះ