រាជធានីភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈ កីឡាករល្បីឈ្មោះជាច្រើនរូបបានឡើងបង្ហាញសមត្ថភាពនៅលើសង្វៀនទូរទស្សន៍បាយ័នដែលខ្លះទទួលជោគជ័យខ្លះទទួលការអាម៉ាស់ដោយចៀសមិនរួចព្រោះការប្រកួតចុងក្រោយរមែងស្ដែងចេញលទ្ធផលបែបនេះ ។ នៅលើសង្វៀនទូរទស្សន៍បាយ័នបឹងស្នោកាលពីថ្ងៃអាទិត្យ មានការប្រកួតរវាងកីឡាករជាច្រើនរូបមិនខុសពីសព្វមួយដងបើទោះជាការប្រកួតនាគ្រានោះហាក់មិនសូវទាក់ទាញទស្សនិកជនឲ្យចូលទស្សនាកកកុញ ព្រោះត្រូវចំថ្ងៃដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន ។
លទ្ធផលការប្រកួតនៅលើសង្វៀននោះកីឡាករថៃ ប៊ុនហាន មកពីក្លិបបុរីនាគរាជ បានយកឈ្នះកីឡាករនូវ ស៊ីថា មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគីរី ដោយនឹកស្មានមិនដល់ ។ ការប្រកួតរវាងគូនេះក្នុងរយៈពេល៣ទឹកដំបូងមើលមិនឃើញពីភាពរញ្ជួយសង្វៀននោះទេ។ ប៉ុន្តែសន្ទុះនៃការវាយលុកនេះបានប្រែក្លាយជារឿងទាក់ទាញនៅពេលពួកគេវាយដោយការប្ដូរដាក់គ្នាទៅវិញទៅមកនៅ២ទឹកចុងក្រោយ។ ទាំងដៃទាំងជើង និងជង្គង់កីឡាករនូវ ស៊ីថា បានស្ទុះស្ទាមិនខុសពីលើកមុននោះទេ បើទោះជាគេមានកម្ពស់ និងដៃជើងខ្លីជាងគូប្រកួតក្ដី ។ ប៉ុន្តែគួរឲ្យស្ដាយលទ្ធផលចុងក្រោយនៅតែបង្ហាញថា ការប្រឹងប្រែងរបស់គេទាំងប៉ុន្មាននៅតែចាញ់ប្រៀបកីឡាករថៃ ប៊ុនហាន ដដែល។
ការបរាជ័យរបស់នូវ ស៊ីថា សម្រាប់ថៃ ប៊ុនហាន គឺជារឿងរីករាយសម្បើមណាស់ដោយសារគេសងសឹកបានសម្រេច បន្ទាប់ពីក្នុងជំនួបដណ្ដើមខ្សែក្រវាត់ក្រុមហ៊ុនសេងហុងហេងកាលពីឆ្នាំ២០១៣ គេធ្លាប់បរាជ័យយ៉ាងអាម៉ាស់នៅលើរេញ ។ ការប្រកួតលើកនេះថៃ ប៊ុនហាន បានទប់សន្ទុះវាយសន្ធាប់មិនឲ្យកីឡាករនូវ ស៊ីថា វាយចេញបានល្អដូចមុនទេដោយគេបានទាំងប្ដូរយុទ្ធសាស្រ្តដែលជាចំណុចខ្សោយរបស់ខ្លួនឲ្យទៅជាមានសន្ទុះក្នុងការលើកជើងធាក់ ប្រើកណ្ដាប់ដៃ ម៉ាត់ វាយកែងបានយ៉ាងស្រួលទៅលើនូវ ស៊ីថា ទៀតផង ។ យោងតាមភាពជាក់ស្ដែងបង្គោលខៀវនូវ ស៊ីថា មិនទទួលឱកាសដូចមុននោះទេ បន្ទាប់ពីបង្គោលក្រហមថៃ ប៊ុនហាន ដែលមានកម្ពស់អំណោយផលជាងប្ដូរយុទ្ធសាស្រ្តវាយទប់ដោយស្ទើរតែមិនអាចឲ្យនូវ ស៊ីថា វាយលុកចូលបាន ។ ទោះបីយ៉ាងណាកីឡាករនូវ ស៊ីថា ក៏នៅតែមានឱកាសវាយសង្គ្រុបលើថៃ ប៊ុនហាន ម្ដងម្កាលធ្វើឲ្យគេផ្ងារជើងមិនខុសពេលមុនដែរបើទោះជាលទ្ធផលចុងក្រោយគេក្លាយជាអ្នកចាញ់ពិន្ទុដែលមានន័យថាបណ្ដោយឲ្យថៃ ប៊ុនហាន សងសឹកបានសម្រេចនោះក៏ដោយ ។
នៅលើសង្វៀននោះដែរកីឡាករលួន សុខខេង ដែលជាជើងខ្លាំងម្នាក់មកពីក្លិបព្រះខ័នរាជ ក៏បានក្លាយជាអ្នកសន្លប់គួរឲ្យភ្ញាក់ផ្អើលផងដែរ ក្នុងទឹកទី១ក្រោមដៃរបស់កីឡាករឯម វត្ថា ដែលជាជើងខ្លាំងមកពីក្លិបឫទ្ធិពោធិ៍សែនជ័យ ។ គូនេះថ្វីដ្បិតតែបានបញ្ចប់ដោយប្រើរយៈពេលខ្លី ប៉ុន្តែការវាយលុករវាងពួកគេទាំងពីរបានធ្វើឲ្យអ្នកទស្សនាជក់ចិត្តភាគច្រើន ពិសេសនៅពេលដែលឯម វត្ថា មានឱកាសបង្ហាញយុទ្ធសាស្រ្តវាយលុកធ្វើឲ្យកីឡាករលួន សុខខេង សន្លប់ភ្លឹងតែម្ដងនៅលើរេញ ។ លួន សុខខេងត្រូវគេឃើញសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួនឡើយទោះបីអាជ្ញាកណ្ដាលរាប់ដល់១០ពោលគឺរហូតទាល់តែការកំណត់ចាញ់ឈ្នះត្រូវបានប្រកាសឡើង និងមានអ្នកឲ្យទឹកគ្រាហ៍ចេញពីរេញប្រដាល់ទើបគេឃើញកីឡាកររូបនេះដឹងខ្លួននិងមានស្មារតីពេញលេញជាថ្មី ។ លទ្ធផលរវាងគូនេះបានធ្វើឲ្យអ្នកគាំទ្រយ៉ាងហោចជាងពាក់កណ្ដាលភ្ញាក់ផ្អើលពិសេសនៅពេលដែលឃើញកីឡាករឯម វត្ថា មានសមត្ថភាពប្រើស្នៀតពិសេសវាយចូលបានពេញទំហឹងដែលអាចធ្វើឲ្យកីឡាករលួន សុខខេង សន្លប់ដោយគ្មានការតវ៉ា ។ ក្រុមគណៈកម្មការបានអះអាងថា នឹងរៀបចំឱ្យលួន សុខខេង ធ្វើការសងសឹកឡើងវិញឆាប់ៗ ដើម្បីឲ្យគេអស់ចិត្តក្នុងការប្រកួតលើកក្រោយ ។ នៅលើរេញនោះកីឡាករសូ សុផាត មកពីក្លិបតោមាសកីឡាដែលប្រកួតសាកល៦ទឹកចាញ់កីឡាករអាត់ មាស មកពីក្លិបអារុណរះដោយពិន្ទុ និងកីឡាករឯម ផ្លាទីន មកពីក្លិបឫទ្ធិពោធិ៍សែនជ័យ វាយកីឡាករម៉ន ចាន់នី មកពីក្លិបព្រែកឯងកីឡាឲ្យសន្លប់ក្នុងទឹកទី១ ។
នៅថ្ងៃអាទិត្យនោះដែរ ប៉ុន្តែនៅសង្វៀនស្ទឹងមានជ័យក៏មានការប្រកួតរវាងគូល្អៗផងដែរ ដូចជា កីឡាករឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ វាយឈ្នះកីឡាករវ៉ាន់ ចាន់វ៉េត មកពីក្លិបគជសារកីឡាដោយពិន្ទុ ។ នេះជាការប្រកួតគូឯក ដែលធ្វើឲ្យអ្នកទស្សនារំភើបនិងរំជួលចិត្តយ៉ាងខ្លាំងក្នុងរយៈពេល៥ទឹកដែលអ្នកទាំងពីរវាយលុកគ្នា ។ នៅរេញប្រដាល់ទាំងមូល គេស្ទើរតែឃើញកីឡាករបង្គោលក្រហមឃីម ឌីម៉ា មិនផ្ដល់ឱកាសឲ្យវ៉ាន់ ចាន់វ៉េត បង្គោលខៀវមានដង្ហើមដកនោះឡើយជាមួយនឹងសន្ទុះវាយកែង ម៉ាត់ដោយកណ្ដាប់ដៃនិងទាត់ដោយជើង ។ តាំងពី៣ទឹកដំបូងពួកគេទាំងពីរធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវបើទោះជានៅសង្វៀនទាំងមូលមិនសូវមានអ្នកទស្សនាកកក្ដាំងដូចអំឡុងចុងសប្ដាហ៍កន្លងមក ។ ទោះបីយ៉ាងណាវ៉ាន់ ចាន់វ៉េត ក៏ធ្វើឲ្យអ្នកតស៊ូនៅលើសង្វៀនប្រដាល់ដាក់ទ្រុងរូបនេះបាក់មុខដោយរន្ទះជើង និងកណ្ដាប់ដៃម្ដងៗនោះដែរជាការតបតចំពោះឃីម ឌីម៉ា ដែលប្រឹងវាយសន្ធាប់ ។ ឃីម ឌីម៉ា ថ្វីបើឈ្នះពិន្ទុនៅវគ្គចុងក្រោយ ប៉ុន្តែគេហាក់មិនសូវអស់ចិត្តប៉ុន្មានឡើយដែលទំនងមកពីគេមានបំណងផ្ដួលកីឡាករបង្គោលខៀវ វ៉ាន់ ចាន់វ៉េត ឲ្យសន្លប់ដើម្បីបង្កើនក្រេឌីតខ្លួនឯងច្រើនជាង ។
ចំពោះគូផ្សេងកីឡាករឃឹម ពេជ្រចិន្តា មកពីក្លិបបុរីនាគរាជ វាយឈ្នះកីឡាករប៉ូ វណ្ណស័ក្ត មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។ ប៉ុន្តែលទ្ធផលនេះត្រូវគេឃើញដោយសារតែកីឡាករបង្គោលខៀវប៉ូ វណ្ណស័ក្ត ថែមខុសលក្ខន្តិកៈទៅលើដៃគូនៅទឹកទី៣ប៉ុណ្ណោះ ។ ក្នុងនោះកីឡាករស្វាយ រដ្ឋា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ វាយឈ្នះកីឡាករវី សាវុធ មកពីក្លិបឥន្ទ្រីកីឡាដោយពិន្ទុ និងកីឡាការិនីវី ស្រីខួច ដែលជាម្ចាស់ពានអនុស្សាវរីយ៍ប្រចាំឆ្នាំ២០១៣ នៅទូរទស្សន៍បាយ័ន បានវាយឈ្នះកីឡាការិនីសូយ គឹមហៀង មកពីក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ