Stephen Gallacher ការពារបានដោយជោគជ័យនូវពានជើងឯកនៃព្រឹត្តិការណ៍ប្រកួត Dubai Desert Classic ដែលមានទឹកប្រាក់រង្វាន់សរុប២លាន៥សែនដុល្លារអាមេរិក បន្ទាប់ពីធ្វើបានពិន្ទុ៧២បន្ថែមទៀតក្នុងជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី២ កុម្ភៈ នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។
Gallacher វ័យ៣៩ឆ្នាំ សម្រេចបានជោគជ័យជាមួយនឹងទឹកប្រាក់រង្វាន់ជាង៣០ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីធ្វើបានពិន្ទុ ៤បឺឌី នៅ៩ឡូចុងក្រោយ ។ សរុបលទ្ធផលទាំង៤ជុំគេធ្វើបាន ១៦អាន់ឌ័រ ២៧២នាំមុខ១ស្រ្តូកលើកីឡាករអាហ្សង់ទីន GRILLO Emiliano ដែលឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផល ១៥អាន់ឌ័រ ២៧៣ ខណៈកីឡាករអាមេរិក KOEPKA Brooks បញ្ចប់៤ជុំប្រកួត ធ្វើបានលទ្ធផល១៤អាន់ឌ័រ ២៧៤ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ស្ទួនជាមួយកីឡាករបារាំង WATTEL Romain ។
សម្រាប់ Gallacher នេះជាជ័យជម្នះក្នុងសមាគម European Tour លើកទី២ហើយបើគិតចាប់ពីខែតុលាឆ្នាំ២០០៤មក ។
ដោយឡែកក្នុងពេលជាមួយគ្នានោះ នៅសហរដ្ឋអាមេរិក កីឡាករម្ចាស់ផ្ទះ StadlerKevin បានយកឈ្នះពានជើងឯកព្រឹត្តិការណ៍ Phoenix Open ដែលមានប្រាក់រង្វាន់សរុប ៦លាន២សែនដុល្លារអាមេរិក បន្ទាប់ពីបញ្ចប់៤ជុំប្រកួតធ្វើបានលទ្ធផល១៦អាន់ឌ័រ ២៦៨។
វាជាលើកទី១ហើយ ដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះ យកឈ្នះពានសមាគម PGA Tour ។ ជ័យជម្នះលើកនេះ ក៏នាំឱ្យគេទទួលបានប្រាក់រង្វាន់១លាន និង១១ម៉ឺន៦ពាន់ដុល្លារផងដែរ ៕
ចែករំលែកព័តមាននេះ