ក្រសួងសា្ថនការណ៍បន្ទាន់របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ទី១ កុម្ភៈ បានសន្យានឹងធ្វើឱ្យល្អប្រសើរនូវកេរ្តិ៍ឈ្មោះរបស់ខ្លួន និងដោះស្រាយស្ថានការណ៍អាសន្ននានាដែលអាចកើតឡើងក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងាក្រុងសូជី ។ លោក Aleksander Chupriyan អនុរដ្ឋមន្ត្រីក្រសួងស្ថានការណ៍បន្ទាន់ថ្លែងថា បុគ្គលិកសង្គ្រោះបន្ទាន់ប្រមាណ២ពាន់នាក់ត្រូវបានបណ្តុះបណ្តាលដល់ទៅជាង១.០០០ម៉ោង ហើយក្រុមសង្គ្រោះ និងស្វែងរកចំនួន៧០ ក៏ត្រូវបានរៀបចំឱ្យមានដែរ ដើម្បីជួយដល់អ្នកដែលជាប់នៅលើភ្នំ។លោកបន្តថា៖«យើងបានត្រៀមខ្លួនជាស្រេច ប៉ុន្តែសូមបែបន់ឱ្យក្រសួងនេះកុំមានវត្តមានទៅចុះ» ។
បន្ថែមពីនេះទៀត បុគ្គលិកពេទ្យពី១.២០០នាក់ទៅ១.៣០០នាក់ និងអ្នកស្ម័គ្រចិត្តជាជំនួយការដែលបានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត និងភាសា ក៏ត្រូវដាក់ឱ្យប្រចាំការ២៤ម៉ោងផងដែរ ពោលគឺអមដោយឧទ្ធម្ភាគចក្រ៧គ្រឿងសម្រាប់សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនៅលើភ្នំ ក្រុមម៉ូតូហោះ ក្រុមម៉ូតូកង់៤ ក្រុមម៉ូតូកង់ច្រវាក់ និងរថយន្តដែលអាចបើកបរនៅលើភ្នំបាន ។ ដោយឡែក នៅលើកំពូលភ្នំ Krasnaya Polyana សំណាញ់លួសពិសេសមួយខ្សែត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាពពីការបាក់ដី ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវរងាលើកទី២២នៅក្រុងសូជី ឆ្នាំ២០១៤នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៣ ខែកុម្ភៈដោយមានអត្តពលិកចូលរួមប្រហែលជា២.៥០០នាក់ មកពី៨៨ប្រទេស ៕
ចែករំលែកព័តមាននេះ