មន្ដ្រីជាន់ខ្ពស់ម្នាក់នៃកងឆ្មាំព្រំដែនរាយការណ៍ កាលពីថ្ងៃទី៣ កុម្ភៈ ថា នាវាដឹកប្រេង១គ្រឿងដោតទង់ជាតិសិង្ហបុរីដែលបុកផែពេលទៅដល់កំពង់់ផែកូរ៉េខាងត្បូងមួយ កាលពីដំណាច់ខែមករា នោះបានធ្លាយប្រេងចូលសមុទ្រដល់ទៅ១៦៤តោនដែលនោះជាបរិមាណមួយខ្ពស់ជាងការវាយតម្លៃកាលពីមុន ។
នាវាចំណុះ១៦៤.១៦៩តោននោះបានចាកចេញពីប្រទេសអង់គ្លេស កាលពីដើមខែធ្នូ ហើយបានបុកប៉ះផែនៅកំពង់ផែ YEOSU ស្ថិតនៅចម្ងាយ៤៥០គីឡូម៉ែត្រ ភាគនិរតីក្រុងសេអ៊ូលកាលពីថ្ងៃទី៣១ មករា កន្លងមកនេះ ។ គ្រោះថ្នាក់នេះនាំឱ្យបែកធ្លាយបំពង់បង្ហូរប្រេង៣បណ្ដាលឱ្យប្រេងធ្លាយចេញទៅក្នុងសមុទ្រចំនួន១៦៤.០០០លីត្រ ។ បរិមាណប្រេងដែលធ្លាយចេញនេះមានដល់ទៅ២៥ដង ខ្ពស់ជាងការប្រកាសពីដំបូងថាមានត្រឹមតែ៨០០លីត្រ ។
ចាប់តាំងពីមានគ្រោះថ្នាក់នោះមក ប៉ូលិសសមុទ្របានដាក់ពង្រាយនាវាដល់ទៅ២០០គ្រឿង ក្នុងនោះមាននាវារបស់កងឆ្មាំឆ្នេរសមុទ្រ៦០គ្រឿង ដើម្បីទប់ទល់នឹងការធ្លាយប្រេងនោះ។ ប្រេងអណ្ដែតដែលមានស្រទាប់ក្រាស់ត្រូវបានយកចេញពីសមុទ្រដោយជោគជ័យ៕
ចែករំលែកព័តមាននេះ