ខេត្តកំពត ៖ ជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាម០៣នាក់ បានត្រូវសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយនគរបាលក្រុងកំពត ចាប់ខ្លួនកាលពីវេលាយប់ថ្ងៃទី០១ កុម្ភៈ ២០១៤ ពាក់ព័ន្ធចាក់សម្លាប់បុរសវិកលចរិតម្នាក់ ។
លោក លក ញ៉វ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ កែវ ម៉េត អាយុ៣៨ឆ្នាំ ជាជនមានសតិមិនប្រក្រតី មានទីលំនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ត្រូវគេចាក់ស្លាប់ កាលពីយប់ថ្ងៃទី០១ កុម្ភៈ នៅខាងមុខហាងកាហ្វេមួយកន្លែង កណ្តាលក្រុងកំពត ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។ លោកបន្តថា ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម់ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្ត កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលក្រុងកំពត បានចុះស្រាវជ្រាវស៊ើបអង្កេត រកឃើញវត្ថុតាងដាវសាម៉ូរ៉ៃមួយដើមនៅក្បែរកន្លែងកើតហេតុ និងឈានទៅឃាត់ខ្លួនជនសង្ស័យ០៣នាក់ ។
ជនសង្ស័យទី១-ឈ្មោះ សេន នី ភេទប្រុស អាយុ២០ឆ្នាំ ,ទី២-ឈ្មោះ សើ ហ្វាស្ស៊ី ភេទប្រុស និងទី៣-ឈ្មោះ សាន់ សើ ភេទប្រុស អាយុ៦៥ឆ្នាំ ទាំង៣នាក់ជាជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅក្នុងក្រុងកំពត ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី០៣ កុម្ភៈ ជនសង្ស័យទាំង៣នាក់ កំពុងត្រូវបាននគរបាលសួរនាំ ពាក់ព័ន្ធនឹងមូលហេតុដែលចាក់សម្លាប់បុរសខាងលើ ៕
ចែករំលែកព័តមាននេះ