រហូតមកដល់ដើមសប្តាហ៍នេះមានរឿងរ៉ាវល្អខ្លះនិងមិនល្អច្រើន ដែលបានកើតមាននៅតំបន់អាស៊ី ។ វិបត្តិនយោបាយនៅប្រទេសថៃកំពុងអូសបន្លាយទិន្នន័យសេដ្ឋកិច្ចល្អពីប្រទេសឥណ្ឌូណេស៊ី និងកិច្ចប្រជុំរបស់ធនាគារកណ្តាលអូស្ត្រាលី ទំនងជារក្សាអត្រាការប្រាក់ថេរដដែល ខណៈដែលសកម្មភាពផលិតកម្មរបស់ប្រទេសចិនឯណោះវិញបានធ្លាក់ចុះគ្រាន់តែបើកឆាកឆ្នាំថ្មីភ្លាម ។
ដូចការគ្រោងទុកប្រទេសថៃបានរៀបចំការបោះឆ្នោតជាតិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២ កុម្ភៈ តែជាការបោះឆ្នោតពោរពេញដោយគ្រោះថ្នាក់ព្រោះតែមានការរាំងខ្ទប់ពីសំណាក់ហ្វូងបាតុករដែលបានជំទាស់ដាច់អហង្ការមិនឱ្យមានការបោះឆ្នោត ។ ជារឿងមួយមិនធ្លាប់មានសម្រាប់ប្រទេសថៃក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ដោយប្រទេសនេះបានជួបនឹងឱនភាពពាណិជ្ជកម្ម២២,១៩ពាន់លានដុល្លារជាលើដំបូងកាលពីឆ្នាំ២០១៣ ។ វិស័យទេសចរណ៍របស់ថៃបានរងនូវការធ្លាក់ចុះជាខ្លាំងចាប់តាំងពីខែតុលាឆ្នាំ២០១៣មក ដោយសារតែអស្ថិរភាពនយោបាយក្នុងប្រទេសបង្កឡើងដោយហ្វូងបាតុករតវ៉ាទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីណាវ៉ាត្រា ។
មានសញ្ញានៃភាពល្អប្រសើរទៀតហើយ សម្រាប់ប្រទេសឥណ្ឌូណេស៊ី ។ ជញ្ជីងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីអាចជួយប្រទេសនេះឆ្លងផុតព្យុះភ្លៀងដែលកំពុងវាយប្រហារទីផ្សារកំពុងលូតលាស់ ។ បណ្តាសេដ្ឋវិទូដែលបានអង្កេតដោយសារព័ត៌មាន Reuters បានព្យាករថា សេដ្ឋកិច្ចឥណ្ឌូណេស៊ី នឹងកើនឡើង៥,៣% បើធៀបនឹងឆ្នាំកន្លងទៅ ។ ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះរូបិយប័ណ្ណប្រទេសកំពុងលូតលាស់មួយចំនួនរាប់ចាប់ពីប្រទេសតួកគី អាហ្វ្រិកខាងត្បូង និងអាងហ្សង់ទីន បានស្ថិតនៅក្រោមសម្ពាធថ្មី ។ អ្នកវិភាគនិយាយថា ដោយសារកាត់កាត់បន្ថយកម្មវិធីជំរុញសេដ្ឋកិច្ចរបស់ធនាគារកណ្តាលអាមេរិក ទីផ្សារកំពុងលូតលាស់ជាច្រើនបានរងនូវផលប៉ះពាល់ ជាពិសេសបណ្តាប្រទេសដែលមានកម្រិតបំណុលខ្ពស់ ឬប្រទេសដែលមានឱនភាពគណនីចរន្តខ្ពស់ងាយរងគ្រោះបំផុត ។ ងាកទៅប្រទេសអូស្ត្រាលីវិញ ធនាគារកណ្តាលប្រទេសនេះ បានរក្សាអត្រាការប្រាក់ថេរដដែលពោលគឺត្រឹម២,៥% ៕
ចែករំលែកព័តមាននេះ