អ្នកជំនាញផ្នែកហុងស៊ុយនៅហុងកុងបានទស្សន៍ទាយថា ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំមមីឬឆ្នាំសេះដែលឈានមកដល់ក្នុងថ្ងៃ៣១ មករា ឆ្នាំ២០១៤នេះ ជាឆ្នាំដែលអាស៊ីត្រូវប្រឈមមុខនឹងទំនាស់គ្រោះធម្មជាតិ និងសីតុណ្ហភាពឡើងខ្ពស់ជាប្រវត្តិសាស្ត្រ រីឯសេដ្ឋកិច្ចមានសភាពទ្រឹង ។
លោកអាលៀន យ៉ាវ មនុស្សម្នាក់ក្នុងចំណោមគ្រូចិនសែដ៏ល្បីឈ្មោះបានថ្លែងថា ឆ្នាំនេះជាឆ្នាំសេះឈើ ភ្លើងអាចឆាបឆេះងាយ និងកើតក្តីវិនាសច្រើន រួមទាំងទំនាស់ ។ ទំនាស់ក្នុងឆ្នាំនេះអាចកើតមានសភាពតានតឹងផ្នែកការទូត រួមទាំងប្រើកម្លាំងទ័ព ជាពិសេសក្នុងចន្លោះខែកុម្ភៈឧសភា និងសីហា ត្រូវប្រុងប្រយ័ត្នឱ្យបានល្អ ដែលអាចឈានឆ្ពោះទៅរកសង្រ្គាមនៅលើកោះសេនកាគូ រវាងជប៉ុន និងចិន ជាក់ស្តែងឆ្នាំមមីនៅក្នុងឆ្នាំ១៩៥៤ អាមេរិក និងសហភាពសូវៀតបានសាកល្បងអាវុធនុយក្លេអ៊ែរ និងសង្រ្គាមបៀនឌៀនកូ នៅវៀតណាមបង្កឱ្យទ័ពបារាំងបរាជ័យ ។
ចំណែកគ្រូចិនសែ ចូវ ហុងមីងទាយថា ខណៈដែលអាមេរិក និងអឺរ៉ុប ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចងើបឡើង ប៉ុន្តែប្រទេសជាច្រើននៅអាស៊ីដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឥណ្ឌា និងប៉ាគីស្ថាននឹងមានផលប៉ះពាល់ជាអវិជ្ជមាន ។ លោកចូវ បញ្ជាក់ថា សេដ្ឋកិច្ចនៅអឺរ៉ុបនឹងរីកចម្រើន ប៉ុន្តែនៅបស្ចិមប្រទេស នឹងប្រឈមមុខលើបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ។
គ្រូចិនសែចូវ ទាយថា ឆ្នាំមមីនេះជាឆ្នាំលំបាក សម្រាប់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកដែលកើតក្នុងឆ្នាំឆ្លូវនៃឆ្នាំ ១៩៦១ និងប្រឈមមុខឧបសគ្គលើការដោះស្រាយបញ្ហានយោបាយ ។
ដោយឡែកគ្រូជំនាញផ្នែកហុងស៊ុយ ឈើងជីហាំងបញ្ជាក់ថា ក្នុងឆ្នាំនេះសីតុណ្ហភាពឡើងខ្ពស់ជាប្រវត្តិសាស្ត្រ និងមានគ្រោះធម្មជាតិ ព្រោះឥទ្ធិពលធាតុភ្លើង និងមានឱកាសខ្ពស់ក្នុងការផ្ទុះភ្នំភ្លើង និងរញ្ជួយដីជាច្រើនលើក ព្រោះផែនដីមានបំរែបំរួល ជាពិសេសនៅជប៉ុន ឥណ្ឌូនេស៊ី និងចិនត្រូវប្រុងប្រយ័ត្នឱ្យបានដិតដល់ ៕
ចែករំលែកព័តមាននេះ