សម្តេចស៊ីក ម៉ូហាម៉េដ ប៊ីនរ៉ាឈីតអាល់ម៉ាកទូម ចៅហ្វាយក្រុងឌូបៃបានប្រកាសកាលពីថ្ងៃទី២៨ មករា ២០១៤ ថាត្រៀមចំណាយប្រាក់បង្កើតឆ្នេរខ្សាច់សិប្បនិមិត្តប្រវែង១៤គីឡូម៉ែត្រដោយចាត់ទុកជាផ្នែកមួយក្នុងគម្រោងមេហ្គាប្រូជែក មានតម្លៃជាង៨.១៦០លានដុល្លារ ដើម្បីបង្កើតទីក្រុងថ្មីដោយដាក់ឈ្មោះតាមឈ្មោះរបស់ទ្រង់ ។
គម្រោងការមេហ្គាប្រូជែកក្នុងការបង្កើតទីក្រុងថ្មីនេះរំពឹងថា នឹងសាងសង់រួចរាល់ក្នុងចន្លោះឆ្នាំ២០១៨ទៅ២០១៩ ឬនៅមុនពេលដែលក្រុងឌូបៃធ្វើជាម្ចាស់ផ្ទះរៀបចំការតាំងពិព័រណ៍ទំនិញអន្តរជាតិ២០២០ ។ ទីក្រុងម៉ូហាម៉េដ ប៊ីនរ៉ាឈីត ស៊ីទីនេះនឹងចំណាយប្រាក់សម្រាប់សាងសង់ជាង៨.១៦០លានដុល្លារ ។
ក្រៅពីមានឆ្នេរខ្សាច់សប្បនិមិត្តប្រវែង១៤គីឡូម៉ែត្រ និងបឹងទឹកប្រៃយកលំនាំតាមធម្មជាតិដែលមានទំហំជាង៧គីឡូម៉ែត្រនោះ នៅផ្នែកខាងក្នុងទីក្រុង ម៉ូហាម៉េដ ប៊ីនរ៉ាឈីត ស៊ីទី មានសណ្ឋាគារថ្មីជាង១០០ ឧទ្យានកំសាន្ត និងឧទ្យានសាធារណៈជាច្រើនទៀត ។
កាលពីសប្តាហ៍មុន សម្តេចស៊ិក ម៉ូហាម៉េដ ប៊ីនអាល់ម៉ាកទូម ជាព្រះរាជវង្សក្នុងក្រុងឌូបៃ ទើបតែលេចឮដំណឹងថា ព្រះអង្គបានចំណាយប្រាក់ផ្ទាល់របស់ព្រះអង្គទិញរថយន្តអាចបើកបរនៅលើទឹកយកលំនាំតាមរថយន្តស៊ើបការណ៍របស់ ជេម ស្ប៊ន០០៧ ចំនួន៦គ្រឿង ទុកសម្រាប់ប្រើប្រាស់លំហែព្រះកាយរបស់ព្រះអង្គ ដោយរថយន្តមួយគ្រឿងមានតម្លៃប្រហែល១៣៥.០០០ដុលា្លរ ។
កាលពីមុននេះមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធ្លាប់បានក្រើនរំលឹកដល់សមជិករាជវង្សឌូបៃពីការចំណាយប្រាក់ដ៏ហួសហេតុដោយបញ្ជាក់ថា សេដ្ឋកិច្ចរបស់ឌូបៃអាចប្រឈមមុខនឹងការខាតបង់បន្ថែម ប្រសិនបើគ្មានផែនការលើការចំណាយស៏សមស្រប ក្រោយពីសេដ្ឋកិច្ចទើបងើបខាងផ្នែកអចលនទ្រព្យក្នុងរវាងឆ្នាំ២០០៨-២០០៩ ៕
ចែករំលែកព័តមាននេះ