ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះ អុី អ៊ល អាយុ២៧ឆ្នាំ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១ កុម្ភៈ ពីបទចាប់រំលោភសេពសន្ថវៈក្មួយស្រី អាយុ១៥ឆ្នាំ នៅលើផ្ទះ គ្រាដែលឪពុកម្តាយនាងជាប់រវល់ទៅធ្វើចម្ការនៅស្រុកឆ្លូង ខេត្តក្រចេះ ។
លោកអនុសេនីយ៍ទោ ស៊ាន ម៉េងសា៊ មន្ត្រីនគរបាលយុត្តិធម៌ស្រុកតំបែរ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ មករា ជនឈ្មោះ អ៊ល ខណៈដើរឆ្លុះកង្កែបនៅខាងលិចភូមិមកដល់ផ្ទះរបស់ក្មួយស្រី ក៏ឆៀងចូលដើម្បីហៅឆ្កែមួយក្បាលទៅជាមួយដោយមានភ្លើងពិល ពាក់នៅនឹងក្បាលសម្រាប់បំភ្លឺផងដែរ ។ ពេលឡើងតាមជណ្តើរឃើញទ្វារមិនខ្ទាស់គន្លឹះ ក៏បើកចូលទៅឃើញក្មួយស្រី អាយុ១៥ឆ្នាំ ដេកនៅក្នុងបន្ទប់តែម្នាក់ឯង ។ គ្រានោះដោយផ្ទុះអារម្មណ៍ផ្លូវភេទ ក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែបានបន្តិចក្មួយស្រីដឹងខ្លួនក៏ធាក់មួយជើងផ្ទប់ទៅនឹងជញ្ជាំង ។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកនៅក្នុងផ្ទះ២នាក់ផ្សេងទៀត លុះពេលក្មួយស្រីយកពិលមកបញ្ចាំងមើលមុខដឹងថាជាឪពុកមា ក៏មិនហ៊ានធ្វើអ្វីទៀតទេ ដោយទុកឱ្យឪពុកមានោះដើរចុះតាមជណ្តើរត្រឡប់ទៅផ្ទះវិញ ។ នៅព្រឹកថ្ងៃទី១ កុម្ភៈ ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីង បានទទួលពាក្យបណ្តឹង ក៏កោះហៅជនឈ្មោះ អុី អ៊ល ដែលកំពុងសម្ងំនៅផ្ទះឪពុកក្មេក មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកតំបែរ ។ ជននេះឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មួយស្រីប្រាកដមែន ក្នុងពេលនោះសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនតែម្តង ។ លោកអនុសេនីយ៍ទោ ស៊ាន ម៉េងស៊ា បញ្ជាក់ថា នៅព្រឹកថ្ងៃទី២ កុម្ភៈ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្តទៅសាលាដំបូងខេត្តទៀត ។
ជនឈ្មោះ អុី អ៊ល គឺជាឪពុកមាសាច់ថ្លៃខាងម្តាយរបស់ក្មេងស្រីរងគ្រោះ ។ ជននេះបានឆ្លើយថា នៅយប់ថ្ងៃទី៣១ មករា នោះខ្លួនបានលួចឡើងចូលទៅក្នុងបន្ទប់ចាប់ក្មួយស្រីរំលោភប្រហែលជា១០នាទី ទើបក្មួយស្រីដឹងខ្លួនក៏ធាក់ត្រូវមួយជើងផ្ទប់ទៅនឹងជញ្ជាំងផ្ទះ ។ ខ្លួនត្រូវទទួលនូវការស្តីបន្ទោស និងស្ថិតក្នុងភាពស្តាយក្រោយ ហើយនិយាយថាខ្លួនមិនរត់ទៅណាទេ គឺប្រគល់ខ្លួនដល់សមត្ថកិច្ចឱ្យចាប់យកទៅផ្តន្ទាទោសចុះ៕
ចែករំលែកព័តមាននេះ