ពលរដ្ឋថៃកាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈ បាននាំគ្នាទៅបោះឆ្នោតសភាពោរពេញដោយគ្រោះថ្នាក់ ព្រោះតែមានការរាំងខ្ទប់ដោយពួកបាតុករ ដែលបានជំទាស់ដាច់អហង្ការមិនឱ្យមានការបោះឆ្នោត ហើយគណបក្សប្រជាឆាំងដ៏ធំ គឺគណបក្សប្រជាធិបតេយ្យបានធ្វើពហិការមិនចូលរួមឈរឈ្មោះបោះឆ្នោត ។ បណ្តាការិយាល័យបោះឆ្នោតជាទូទៅបានបើកទ្វារចាប់ពីម៉ោង៨ព្រឹកទៅ ហើយនាយករដ្ឋមន្ត្រីចាំផ្ទះលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលបានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៃសង្កាត់របស់លោកស្រី ដែលមានកិច្ចការពារខ្លាំងរបស់ប៉ូលិស ។
ដោយបដិសេធមិនលាលែងតាមការទាមទាររបស់ពួកបាតុករចាប់តាំងពី៣ខែមកហើយ លោកស្រីយីងឡាក់ បានស្នើឱ្យមានការបោះឆ្នោតមុនកាលកំណត់នេះដើម្បីរកច្រកចេញពីវិបត្តិ ។ ក៏បុ៉ន្តែពួកប្រឆាំងបានធ្វើពហិការ រួចការបោះឆ្នោតរងការរាំងខ្ទប់យ៉ាងខ្លាំង ។ គណៈកម្មាធិការបោះឆ្នោតថៃនិយាយថា ពួកបាតុករអាចរាំងខ្ទប់ការបោះឆ្នោត និងការរៀបចំបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតជាង១០% (៤៥មណ្ឌលក្នុងមណ្ឌលសរុប៣៧៥ ក្នុងទូទាំងប្រទេស) ។ សន្លឹកឆ្នោត និងហឹបឆ្នោតត្រូវរាំងខ្ទប់មិនឱ្យយកចេញពីមជ្ឈមណ្ឌលបែងចែកដែលឡោមព័ទ្ធដោយពួកបាតុករ ។ ខណៈដែលវិបត្តិបច្ចុប្បន្នបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់រួចហើយ ចំណែកមនុស្សជាច្រើនរយនាក់ទៀតត្រូវរបួស ប៉ូលិសថៃប្រមាណជា១៣០.០០០នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃទី២ កុម្ភៈ ក្នុងទូទាំងប្រទេសដើម្បីការពារការិយាល័យបោះឆ្នោតជាច្រើនពាន់កន្លែង ។
ដោយសារសភាពការណ៍នយោបាយ គណៈកម្មាធិការបោះឆ្នោតបានព្យាករណ៍ថា លទ្ធផលជាស្ថាពរនៃការបោះឆ្នោតនោះពុំអាចចេញមុនពេលច្រើនខែឡើយ រួចមានតែលទ្ធផលមួយផ្នែកទេ ដែលអាចដឹងនាយប់ថ្ងៃទី២ កុម្ភៈ ។
និយាយរួមទៅ សភាថៃនឹងពុំអាចរួមប្រជុំបានឡើយព្រោះបញ្ហាកូរ៉ូម៩៥% នៃសមាជិកសភាសរុបទាំង៥០០រូបក្នុងសភា ។ ក្រៅពីការរាំងខ្ទប់ដល់ការបែងចែកសន្លឹកឆ្នោត មណ្ឌលបោះឆ្នោតជាច្រើនពុំមានបេក្ខជនណាម្នាក់ឡើយ ព្រោះតែពួកបាតុកររារាំងដល់ការចុះឈ្មោះបេក្ខជន ។ វិបត្តិថ្មីនេះនៅថៃកើតមានពេលដែលប្រជាជនថៃជាច្រើនមានការព្រួយបារម្ភចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ភូមីបុលអាឌុលយ៉ាដេត ព្រះជន្ម៨៦ព្រះវស្សា ដែលសោយរាជ្យចាប់តាំងពីជាង៦០ឆ្នាំមកហើយ ។ ចំណែកបញ្ហាមនុស្សដែលដឹកនាំរដ្ឋាភិបាលដើម្បីធានាដល់ការឆ្លងកាត់ ក្រោយព្រះមហាក្សត្រអង្គនេះគឺជាបញ្ហាសំខាន់បំផុត ។ ប្រធានគណបក្ស «រ៉ាក់ប្រទេសថៃ» ត្រូវជនមិនស្គាល់មុខចោមរោមវាយពេលទៅបោះឆ្នោតកាលពីព្រឹកថ្ងៃទី២ កុម្ភៈ លោកស៊ូវីត កាមុលវិសិទ្ធ ប្រធានគណបក្ស «រ៉ាក់ប្រទេសថៃ» បានចាកចេញពីផ្ទះទៅការិយាល័យបោះឆ្នោត ស្ថិតនៅប្រហែល១០០ម៉ែត្រ ប៉ុន្ដែនៅមុនពេលទៅដល់មានបុរស៣នាក់ចោមរោមធ្វើបាប តែបានក្រុមអង្គរក្សលោករារាំង ក្រោយមកបុរសទាំង៣នាក់ត្រូវដកខ្លួន ។
លោកស៊ូវីត បានបញ្ជាក់ថា ថ្ងៃនេះ លោកមកបោះឆ្នោតក្នុងនាមជាពលរដ្ឋ ប៉ុន្ដែមិនអាចបោះឆ្នោតបាន ព្រោះមានការរារាំងនៅការិយាល័យបោះឆ្នោត និងបានប្រញាប់ត្រឡប់ទៅផ្ទះវិញ ដោយមិនបានប្ដឹងដល់អាជ្ញាធរឡើយ ក្រោយពេលកើតេហតុ ។ មេទ័ពជើងគោកបោះឆ្នោតនៅឯមណ្ឌលបោះឆ្នោតទី៦ លោកប្រាយុទ្ធ ច័ន្ទអូចា មេបញ្ជាការកងទ័ពជើងគោកថៃ បានធ្វើដំណើរទៅបោះឆ្នោតនៅឯការិយាល័យបោះឆ្នោតមួយក្រោមកិច្ចការពារដ៏តឹងរ៉ឹងពីកងទ័ពឈុតខ្មៅ ។ ស្របពេលជាមួយគ្នានេះ លោកប្រាយុទ្ធ ក៏បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដោយគ្រាន់តែថ្លែងក្នុងន័យខ្លីថា «ថ្ងៃនេះជាថ្ងៃបោះឆ្នោត» បន្ទាប់មកលោកធ្វើដំណើរទៅទីបញ្ជាការកងទ័ព រួមទាំងបានភ្លេចអត្ដសញ្ញាណប័ណ្ណនៅកន្លែងបោះឆ្នោតរួចបញ្ជាឱ្យកងការពារសន្ដិសុខនៅទីនោះរក្សាទុក ។ ទាក់ ទិននឹងការបោះឆ្នោតដែលពោរពេញដោយភាពតានតឹងនៅប្រទេសថៃ លោកពូជុង នូត្រាវង្ស លេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតបានថ្លែងក្នុងទិដ្ឋភាពជារួម ក្រោយពេលបើកដំណើរការបោះឆ្នោតក្នុងខេត្ដទាំង៧៧ ដោយលោកធ្វើការកត់សម្គាល់ថា មានខេត្ដ១០មិនអាចដំណើរការបាន ដោយសារតែមានការរារាំងពីក្រុមអ្នកតវ៉ា និងការបង្កអសន្ដិសុខដល់អ្នកបោះឆ្នោត ។
ការបោះឆ្នោតសភាថៃត្រូវលុបចោលក្នុងខេត្ត៣ គឺខេត្តរ៉ាណុង ខេត្តសុងក្លា និងខេត្តត្រាង មកពីការរាំងខ្ទប់របស់ពួកបាតុករប្រឆាំងរដ្ឋាភិបាល ។ ក្នុងរាជធានីថៃ ក្រុងបាងកក ការបោះឆ្នោតលុបចោលក្នុងស្រុក៥ មកពីខ្វះបុគ្គលិក ព្រោះតែការរាំងខ្ទប់ ។ លោកសោមឆៃ ស្រុីស៊ូធីយ៉ាគន សមាជិកគណៈកម្មាធិការបោះឆ្នោតថៃពុំអាច បោះឆ្នោតក្នុងការិយាល័យបោះឆ្នោតស្ថិតនៅតាមដងវិថីផេកចាបូរី មកពីអវត្តមានមន្ត្រីទទួលបន្ទុកឃ្លាំមើលដំណើរការបោះឆ្នោត ក៏ប៉ុន្តែប្រធានគណៈកម្មាធិការបោះឆ្នោត លោក ស៊ូប៉ាឆៃ សោមចាវុើន អាចទៅបោះឆ្នោតបាន ។ អ្នកបោះឆ្នោតថៃប្រមាណជា៤៨,៧៧លាននាក់ត្រូវទៅបោះឆ្នោតក្នុងការិយាល័យឆ្នោះឆ្នោតចំនួន៩៣.៣០៥កន្លែងក្នុងប្រទេស ដែលបែងចែកជាមណ្ឌលបោះឆ្នោតចំនួន៣៧៥ ។ បើលទ្ធផលបោះឆ្នោតក្លាយជាមោឃៈ មេបាតុករគ្រោងរឹបអូសទ្រព្យលោកស្រីយីងឡាក់ ធ្វើជាសំណងលោកស៊ូថេប ធឿកស៊ូបាន មេដឹកនាំក្រុមបាតុករបានបញ្ជាក់ថា ប្រសិនបើពួកគេឈ្នះនឹងបានធ្វើកំណែទម្រង់នោះ ពួកគេដោយរឹបអូសទ្រព្យសម្បត្ដិរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ធ្វើជាថ្លៃសំណងដល់ការខាតបង់ថវិកាបោះឆ្នោតប្រហែល៣,៨ពាន់លានបាត ។
កាលពីថ្ងៃទី២ កុម្ភៈ នៅវេទិកា «លុមពីនី» លោកស៊ូថេប ធឿកស៊ូបាន មេដឹកនាំអ្នកតវ៉ាបានថ្លែងថា ការបោះឆ្នោតរបស់លោកស្រីយីងឡាក់ អាចធ្លាក់ក្នុងបរាជ័យ ព្រោះមានតំបន់និងខេត្ដជាច្រើនជួបនឹងវិបត្ដិ ដូច្នេះវាមិនខុសពីពាក្យថា ជាថ្ងៃនៃជ័យជម្នះរបស់ក្រុមអ្នកតវ៉ាឡើយ ។ ពួកយើងនឹងប្ដឹងទាមទារការខូចខាតពីលោកស្រីយីងឡាក់ ដែលរឹងទទឹងក្នុងការរៀបចំការបោះឆ្នោតដែលចំណាយថវិកាសរុបប្រហែល៣,៨ពាន់លានបាត។ នៅពេលការបោះឆ្នោតក្លាយជាមោឃៈមានន័យថា ពួកយើងឈ្នះដោយការកែទម្រង់លើកនេះ យើងត្រូវរឹបអូសទ្រព្យសម្បត្ដិធ្វើជាសំណងលើថវិកាបោះឆ្នោត ។ មុនការបោះឆ្នោតពោរពេញដោយគ្រោះថ្នាក់នៅថៃ នាថ្ងៃទី២ កុម្ភៈ សភាពការណ៍ពុំមានភាពស្ងប់ស្ងាត់ឡើយនៅក្រុងបាងកក ដោយសារមានការបាញ់ប្រហារ និងការផ្ទុះនានាកាលពីថ្ងៃទី១ កុម្ភៈ ។ យោងតាមពួកអ្នកជួយសង្គ្រោះថា មនុស្សយ៉ាងតិច៦នាក់បានត្រូវរបួសក្នុងពេលមានការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្ររដ្ឋាភិបាល និងពួកបាតុករប្រឆាំង ។ ពួកបាតុករប្រឆាំងដែលមានលោកស៊ូថេប ធឿកសូ៊បាន ជាមេខ្លោងបានលើកគ្នាទៅរាំងខ្ទប់អគារមួយជាកន្លែងសម្រាប់ការបោះឆ្នោតថ្ងៃទី២ កុម្ភៈ ដែលពួកប្រឆាំងសន្យារារាំង ។
លោកស៊ូណៃផាស៊ុន នៃអង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH និយាយថា នេះជាសញ្ញាគួរឱ្យព្រួយបារម្ភមួយចំពោះអ្វីដែលនឹងអាចកើតឡើងនាថ្ងៃទី២ កុម្ភៈ ខណៈវិបត្តិនៅថៃ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់រួចហើយ ។ អំពើហិង្សាអាចផ្ទុះឡើងយ៉ាងងាយស្រួលបំផុត ។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១ កុម្ភៈ កើតមាននៅជិតស្រុកឡាក់ស៊ី ក្រុងបាងកក ។ អ្នកកាសែតម្នាក់ស្ថិតក្នុងចំណោមអ្នករបួស ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា មានការផ្ទុះ៤ ត្រូវបានលាន់ឮប្រហែលជាការដុតផាវធំៗ ខណៈក្រុមទាំងពីរស្ថិតនៅចន្លោះពីគ្នាត្រឹម៨០០ម៉ែត្រ ។ អ្នកតាមដានជុំវិញវិបត្តិនយោបាយថៃបានវិភាគថា ក្នុងការបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី ជារឿងមួយដែលគេត្រូវតែធ្វើនៅក្នុងប្រទេសប្រជាធិបតេយ្យ ។ នៅប្រទេសថៃរដ្ឋាភិបាលដែលរងការរិះគន់ពីក្រុមបាតុករ បានសម្រេចរំលាយសភា និងរៀបចំការបោះឆ្នោតថ្មី។ ទីមួយបក្សកាន់អំណាចគឺបក្សភឿថៃដែលតែងតែឈ្នះរាល់ការបោះឆ្នោតតាំងពីឆ្នាំ២០០១ ដឹងថា ខ្លួននឹងឈ្នះឆ្នោតជាថ្មីគ្មានបញ្ហានោះទេ ។ មួយវិញទៀត តាមបក្សកាន់អំណាច ក្រៅតែពីការបោះឆ្នោតគេមើលមិនឃើញមានជម្រើសអ្វីផ្សេងដើម្បីបញ្ចប់វិបត្តិលើកនេះឡើយ ។
បើមើលជំហររបស់បក្សប្រឆាំងបច្ចុប្បន្ន វិបត្តិនយោបាយថៃនឹងមិនអាចដោះស្រាយបញ្ចប់ដោយសារការបោះឆ្នោតនេះទេ ព្រោះបក្សប្រឆាំងដឹងច្បាស់ថា បក្សកាន់អំណាចនឹងឈ្នះជាថ្មី ។ បក្សប្រជាធិបតេយ្យដែលមានអាយុជាង២០ឆ្នាំ និងដែលគាំទ្រដោយប្រជាជនទីក្រុង និងក្រុមបញ្ញវន្តដឹងថា ខ្លួននឹងចាញ់ប្រៀបនៅក្នុងការបោះឆ្នោត ។ មេដឹកនាំក្រុមប្រឆាំងដែលមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស៊ូថេប ប្រឆាំងនឹងការបោះឆ្នោត និងបានទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងបង្កើតក្រុមប្រឹក្សាប្រជាជនដែលនឹងដើរតួជំនួសសភា និងមានភារកិច្ចធ្វើកំណែទម្រង់ស៊ីជម្រៅមួយ ។ ដំណោះស្រាយរបស់បក្សប្រឆាំងជារឿងមិនអាចធ្វើទៅបាននៅក្នុងប្រទេសដែលអះអាងថា ប្រកាន់របបប្រជាធិបតេយ្យដូចជាថៃ ។ គណបក្សភឿថៃមិនព្រមដោយអះអាងថា វាមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ។ ការស្ទង់មតិចុងក្រោយបានបង្ហាញថា ប្រជាជនថៃជាច្រើនចង់សម្តែងមតិ សិទ្ធិរបស់គេតាមរយៈការបោះឆ្នោត ។
ដោយសារតែពហិការ និងរារាំងដំណើរការបោះឆ្នោតគណបក្សប្រជាធិបតេយ្យ និងក្រុមប្រឆាំងបានទទួលរងការរិះគន់ខ្លាំងពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រជាជនថៃ ។ គេបានរិះគន់បក្សប្រឆាំងថា មិនហ៊ានដើរក្នុងនយោបាយប្រឈមមុខនឹងរដ្ឋាភិបាលតាមផ្លូវច្បាប់ គឺតាមផ្លូវបោះឆ្នោតព្រោះគ្មានសមត្ថភាពដើម្បីប្រមូលសំឡេងគាំទ្រដើម្បីអាចឈ្នះឆ្នោតបាន ។ តាមអ្នកជំនាញបក្សប្រជាធិបតេយ្យថៃកំពុងធ្វើកំហុសមួយដ៏ធ្ងន់ធ្ងរ ដោយសារតែការលាលែងជាក្រុមរបស់សមាជិកសភាមកពីក្រុមប្រឆាំង និងសម្រេចមិនចូលរួមនៅក្នុងការបោះឆ្នោត ។ ម្យ៉ាងទៀត តាមច្បាប់បើសិនជាបក្សប្រឆាំងពហិការមិនចូលរួមបោះឆ្នោតនោះពួកគេនឹងអាចបាត់បង់សិទ្ធិដើម្បីឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតលើកក្រោយ ។ បក្សប្រជាធិបតេយ្យកំពុងលេងល្បែងគ្រោះថ្នាក់ បុ៉ន្តែយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេ ដែលបក្សប្រជាធិបតេយ្យគាំទ្រដោយរាជវង្សថៃ ធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោត។ កាលពីឆ្នាំ២០០៦ បក្សនេះបានធ្វើពហិការម្តងហើយរហូតធ្វើឱ្យរដ្ឋាភិបាលរបស់លោកថាក់ស៊ីន ដែលចេញពីការបោះឆ្នោតរង្គោះរង្គើ និងក្រោយមកត្រូវកងទ័ពធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច ។ បក្សប្រឆាំងអាចនឹងដើរតាមសេណារីយ៉ូដដែលនេះ គឺធ្វើឱ្យប្រទេសនៅបន្តជួបអស្ថិរភាពក្រោយការបោះឆ្នោតរហូតដល់ជំរុញកងទ័ពឱ្យធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ។ បុ៉ន្តែរហូតមកដល់ពេលនេះ កងទ័ពថៃអះអាងថា នឹងមិនលូកដៃក្នុងវិបត្តិនយោបាយថៃ គឺដូចជាគ្មានរដ្ឋប្រហារយ៉ាងដូច្នេះដែរ ។
ការបោះឆ្នោតនៅប្រទេសថៃ ស្ថិតនៅក្នុងភាពអាប់អួរ ជ្រួលច្របល់ មិនអាចរកពាក្យអ្វីមករៀបរាប់បានទេ ។ នៅក្នុងកាលៈទេសៈដែលការបោះឆ្នោតរៀបចំយ៉ាងប្រថុចញ៉ុច យុទ្ធនាការឃោសនាបោះឆ្នោតត្រូវធ្វើឡើងដោយមិនពេញលេញ ។ ក្រុមប្រឆាំងបានរារាំងមិនឱ្យគេចុះឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ។ នៅថ្ងៃនេះទៀត ក្រុមប្រឆាំងដែលគាំទ្រដោយបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីលោកអាប់ភីស៊ីត បានប្រមូលផ្តុំគ្នាហ៊ុមព័ទ្ធរារាំងមិនឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត អាចចេញទៅចែកចាយសន្លឹកឆ្នោត និងហិបឆ្នោតទៅដល់ការិយាល័យបោះឆ្នោតនៅបណ្តាខេត្តភាគខាងត្បូង ។ មន្ត្រីបោះឆ្នោតមួយរូបបានវាយតម្លៃថា ដោយសារតែការរារាំងរបស់ក្រុមប្រឆាំង ការិយាល័យបោះឆ្នោតប្រមាណ១០ភាគរយនៃការិយាល័យសរុបនឹងត្រូវបិទទ្វារតែម្តងនៅថ្ងៃ អាទិត្យ ។ នៅតាមតំបន់ខ្លះទៀត មានការលើកឡើងពីកង្វះមន្ត្រីគ្រប់គ្រងការិយាល័យបោះឆ្នោត ដែលធ្វើឱ្យគេបារម្ភថា ដំណើរការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅដោយត្រឹមត្រូវ និងមានសុពលភាព ។ មេដឹកនាំបក្សប្រជាធិបតេយ្យ លោកអាប់ភីស៊ីត អតីតនាយករដ្ឋមន្ត្រីថៃ បានថ្លែងបញ្ជាក់រួចហើយថា បក្សប្រឆាំងនឹងមិនទៅចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យទេ ។ ការបោះឆ្នោតនោះប្រធានបក្សប្រឆាំងអះអាងថា នឹងមិនអាចបញ្ចប់វិបត្តិនៅប្រទេសថៃទេ ។
ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីជាបក្សប្រឆាំងធ្វើពហិការ ក៏ការបោះឆ្នោតនឹងអាចប្រព្រឹត្តទៅបានដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ពោលគឺប្រជាជនត្រូវគេអញ្ជើញឱ្យទៅសម្តែងមតិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ។ ប៉ុន្តែអ្វីដែលគេបារម្ភ គឺគេខ្លាចថាអំពើហិង្សានឹងអាចកើតមានដូចកាលពីការបោះឆ្នោតកាលពីចុងខែធ្នូ ។ ការរារាំងរបស់ក្រុមប្រឆាំងរហូតបង្កឱ្យមានអំពើហិង្សា នឹងអាចធ្វើឱ្យគេបិទការិយាល័យបោះឆ្នោតនៅថ្ងៃអាទិត្យ ។ ការបិទការិយាល័យបោះឆ្នោតនឹងធ្វើឱ្យបាត់ជំនឿទុកចិត្តលើលទ្ធផលបោះឆ្នោត ព្រោះថាគេមិនដឹងថា តើវាសម្តែងមតិចង់បានប៉ុន្មានភាគរយរបស់ប្រជាជន ។ ចង់ឬមិនចង់ លទ្ធផលបោះឆ្នោតនឹងមិនអាចគេយកទៅប្រើការបាន ជាពិសេសដើម្បីបិទបញ្ចប់វិបត្តិនយោបាយថៃ ។ ត្រូវដឹងថា ខ្វះការចូលរួមពីក្រុមប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំ និងសំខាន់ ហើយនិងខ្វះបេក្ខជនតំណាងរាស្ត្រថ្មីនោះ នឹងអាចធ្វើសភាថ្មី គ្មានសមាជិកគ្រប់គ្រាន់ដើម្បីអាចប្រកាសបង្កើតរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ