ខេត្តកំពត ៖ គោចំនួន៣ក្បាលរបស់លោកប្រធានភូមិគាថាវង្សលើ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ត្រូវបានចោរលួចដឹកយកទៅបាត់ កាលពីយប់ថ្ងៃទី៣០ មករា និងនៅយប់ថ្ងៃទី៣១ មករា គោចំនួន៦ក្បាលទៀតក៏ត្រូវចោរលួចទៅបាត់ដែរ នៅក្នុងភូមិសាស្រ្ដស្រុកអង្គរជ័យ ។
មន្ដ្រីនគរបាលស្រុកបន្ទាយមាសនិយាយថា គោចំនួន៣ក្បាលរបស់លោកប្រធានភូមិគាថាវង្សលើ ដែលចោរលួចទៅបាត់នោះមានឈ្មោល២ក្បាល និងមេ១ក្បាល ។ កន្លងមកនៅស្រុកបន្ទាយមាស សកម្មភាពចោរលួចគោបានស្ងប់ស្ងាត់យូរហើយ ទើបតែឥឡូវនេះកម្រើកឡើងវិញ ស្របពេលនឹងបុណ្យចូលឆ្នាំចិន-វៀតណាមមក
ដល់ ។ ចំណែកនៅស្រុកអង្គរជ័យវិញ ក៏មានសកម្មភាពចោរលួចគោដែរ គឺនាយប់ថ្ងៃទី៣១ មករា នៅឃុំអង្គភ្នំតូច មានចោរលួចគោអ្នកភូមិចំនួន៣ក្បាលនិងនៅឃុំអង្គរជ័យមានចោរលួចគោចំនួន៣ក្បាលដែរ ។ លោកអនុសេនីយ៍ទោ ញ៉ូង ចាន់ដារិទ្ធ នាយប៉ុស្ដិ៍នគរបាលឃុំអង្គរជ័យឱ្យដឹងថា ពលរដ្ឋនៅឃុំអង្គរជ័យត្រូវចោរលួចគោចំនួន៣ក្បាលយកទៅបាត់ ដែលមានមេ១ក្បាល និងឈ្មោល២ក្បាល ។
គោមេ១ក្បាលនោះទើបកើតកូន ហើយចោរដឹកយកតែមេ ឯកូនគោទុកឱ្យម្ចាស់វិញ ។ ម្ចាស់គោមិនសង្ឃឹមថា រកឃើញគោមកវិញទេ ព្រោះចោរលួចដឹកយកទៅបាត់ហើយ កម្រនឹងរកឃើញណាស់ ទោះជាយ៉ាងណា ទាំងសមត្ថកិច្ចនិងម្ចាស់គោកំពុងតាមស្វែងរកយ៉ាងដុតដៃដុតជើងបំផុត ៕
ចែករំលែកព័តមាននេះ