អង្គការបរិស្ថាន SEA SHEPHERD កាលពីថ្ងៃទី២ កុម្ភៈ បានចោទប្រកាន់កងនាវាចាប់ត្រីបាឡែនជប៉ុនថា បុកដោយចេតនានូវនាវា១គ្រឿង ក្នុងចំណោមនាវារបស់ខ្លួនក្នុងមហាសមុទ្រអូស្ត្រាល់ ក្នុងពេលមានការប្រឈមមុខដាក់គ្នាមួយ ។
អង្គការនេះអះអាងថា នាវាឈ្មោះ BOB BARKER រងការបុកពីនាវាឈ្មោះ YUSHIN MARU លេខ-២រវាងនាវាចាប់ត្រីបាឡែន ពេលនាវានោះប៉ុនប៉ងរារាំងនាវារបស់ក្រុម SEA SHEPHERD មិនឱ្យចូលទៅក្បែរនាវារោងចក្រត្រី NISSAHIN MARU ។ SEA SHEPHERD នាឆ្នាំនេះ បានប្រមូលនាវា៣គ្រឿង សម្រាប់ធ្វើយុទ្ធនាការប្រឆាំងបណ្តានាវាចាប់ត្រីបាឡែនជប៉ុន ក្នុងមហាសមុទ្រអង់តាក់ទិក ។
យោងតាម SEA SHEPHERD ថាពួកជប៉ុនសាកល្បងធ្វើឱ្យខូចស្លាបចក្រ នៃនាវារបស់ខ្លួនជាមួួយការប្រើខ្សែកាប ហើយប្រើកាណុងបាញ់ទឹកដាក់ក្រុមនាវិកនៃនាវា BOB BARKER ។
ការប៉ះទង្គិចគ្នាពុំបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ។ ការប៉ះទង្គិចគ្នាខ្លាំងក្លា ធ្លាប់កើតមានរួចមកហើយរវាងកងនាវាចាប់ត្រីបាឡែនជប៉ុន និងនាវារបស់អង្គការការពារបរិស្ថាននោះ ៕
ចែករំលែកព័តមាននេះ