ពលរដ្ឋថៃកាលពីថ្ងៃអាទិត្យ ទី២ កុម្ភៈ បាននាំគ្នាទៅបោះឆ្នោតសភាពោរពេញដោយគ្រោះថ្នាក់ ព្រោះតែមានការរាំងខ្ទប់ដោយពួកបាតុករក្រោយមានការតស៊ូតាមដងវិថីនៃក្រុងបាងកក។
បណ្តាការិយាល័យបោះឆ្នោតជាទូទៅបានបើកទ្វារចាប់ពីម៉ោង៨ព្រឹកទៅ ហើយនាយករដ្ឋមន្ត្រីចាំផ្ទះលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលបានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៃសង្កាត់របស់លោកស្រី ដែលមានកិច្ចការពារខ្លាំងរបស់ប៉ូលិស ។
ដោយបដិសេធមិនលាលែងតាមការទាមទាររបស់ពួកបាតុករចាប់តាំងពី៣ខែមកហើយ លោកស្រីយីងឡាក់ បានស្នើឱ្យមានការបោះឆ្នោតមុនកាលកំណត់នេះដើម្បីរកច្រកចេញពីវិបត្តិ ។ ក៏ប៉ុន្តែពួកប្រឆាំងបានធ្វើពហិការ រួចការបោះឆ្នោតរងការរាំងខ្ទប់យ៉ាងខ្លាំង ។
គណៈកម្មាធិការបោះឆ្នោតថៃនិយាយថា ពួកបាតុករអាចរាំងខ្ទប់ការបោះឆ្នោត និងការរៀបចំបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតជាង១០% (៤៥មណ្ឌលក្នុងមណ្ឌលសរុប៣៧៥ ក្នុងទូទាំងប្រទេស) ។ សន្លឹកឆ្នោត និងហឹបឆ្នោតត្រូវរាំងខ្ទប់មិនឱ្យយកចេញពីមជ្ឈមណ្ឌលបែងចែកដែលឡោមព័ទ្ធដោយពួកបាតុករ ។
ខណៈដែលវិបត្តិបច្ចុប្បន្នបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់រួចហើយ ចំណែកមនុស្សជាច្រើនរយនាក់ទៀតត្រូវរបួស ប៉ូលិសថៃប្រមាណជា១៣០.០០០នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃទី២ កុម្ភៈ ក្នុងទូទាំងប្រទេសដើម្បីការពារការិយាល័យបោះឆ្នោតជាច្រើនពាន់កន្លែង ។
ដោយសារសភាពការណ៍នយោបាយ គណៈកម្មាធិការបោះឆ្នោតបានព្យាករណ៍ថា លទ្ធផលជាស្ថាពរនៃការបោះឆ្នោតនោះពុំអាចចេញមុនពេលច្រើនខែឡើយ រួចមានតែលទ្ធផលមួយផ្នែកទេ ដែលអាចដឹងនាយប់ថ្ងៃទី២ កុម្ភៈ ។
និយាយរួមទៅ សភាថៃនឹងពុំអាចរួមប្រជុំបានឡើយព្រោះបញ្ហាកូរ៉ូម៩៥% នៃសមាជិកសភាសរុបទាំង៥០០រូបក្នុងសភា ។ ក្រៅពីការរាំងខ្ទប់ដល់ការបែងចែកសន្លឹកឆ្នោត មណ្ឌលបោះឆ្នោតជាច្រើនពុំមានបេក្ខជនណាម្នាក់ឡើយ ព្រោះតែពួកបាតុកររារាំងដល់ការចុះឈ្មោះបេក្ខជន ។
វិបត្តិថ្មីនេះនៅថៃកើតមានពេលដែលប្រជាជនថៃជាច្រើនមានការព្រួយបារម្ភចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ភូមីបុលអាឌុលយ៉ាដេត ព្រះជន្ម៨៦ព្រះវស្សា ដែលសោយរាជ្យចាប់តាំងពីជាង៦០ឆ្នាំមកហើយ ។ ចំណែកបញ្ហាមនុស្សដែលដឹកនាំរដ្ឋាភិបាលដើម្បីធានាដល់ការឆ្លងកាត់ ក្រោយព្រះមហាក្សត្រអង្គនេះគឺជាបញ្ហាសំខាន់បំផុត ៕
ចែករំលែកព័តមាននេះ