រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់Metfone Cambodian League កាលពីថ្ងៃទី១ កុម្ភៈ នៅលើពីរទីលានដែលមានចំនួន៤ប្រកួតស្មើនឹង៨ក្រុមក្នុងនោះក្រុមខ្លាំងធ្លាប់លេងក្នុងលីកកំពូលមានចំនួន៦ក្រុម និងក្រុមចំណូលថ្មីមានចំនួន២ក្រុម ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺក្រុមចំណូលថ្មី TriAsia ខេត្តកណ្ដាល បង្ហាញភាពខ្លាំងរបស់ខ្លួនមិនគួរឱ្យជឿតាមរយៈការយកឈ្នះក្រុមខ្លាំងចម្ការកៅស៊ូបឹងកេត ។
សម្រាប់ការប្រកួតលើទីលានពហុកីឡដ្ឋានជាតិ ក្រុមចំណូលថ្មី TriAsia ខេត្តកណ្ដាល បានយកឈ្នះក្រុមខ្លាំងចម្ការកៅស៊ូបឹងកេតក្នុងលទ្ធផល២ទល់នឹង១ ។ នៅតង់ទី១ការប្រកួតរវាងក្រុមទាំងពីរមានសភាពស្វិតស្វាញយ៉ាងខ្លាំងដោយសារភាគីម្ខាងៗចង់ឈ្នះរៀងខ្លួនដោយលេងសម្រុកគ្នាទៅវិញទៅមកធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំងនិងផ្ដល់សម្រែកហ៊ោកញ្ជ្រៀវពេលឃើញក្រុមមួយបណ្ដើរបាល់ចូលទៅដល់មុខទីគូប្រកួតម្ដងៗ ។ សំឡេងហ៊ោយ៉ាងកងរំពងត្រូវបានបន្លឺឡើងនៅពេលកីឡាករគួច តូនី ពាក់អាវលេខ៤៤ របស់ក្រុមTriAsia ទាត់បាល់បញ្ចូលទីគូប្រកួតនៅនាទីទី៤៤ ហើយសំឡេងហ៊ោនេះត្រូវបានគេឮសូរកាន់តែខ្លាំងនៅពេលកីឡាករជនជាតិហូឡង់ Van Der Hooft Elroy ពាក់អាវលេខ៤៩ របស់ក្រុមចម្ការកៅស៊ូបឹងកេតរកបានគ្រាប់បាល់១គ្រាប់តាមស្មើវិញនៅម៉ោងបន្ថែមក្នុងតង់ទី១ ។
នៅតង់ទី២ការប្រកួតរវាងក្រុមទាំង២កាន់តែមានសភាពស្វិតស្វាញជាងមុនជាពិសេសក្រុមចម្ការកៅស៊ូបឹងកេតលេងហាក់មានការប្រយ័ត្នប្រយែងជាងមុនដោយសារឃើញភាពខ្លាំងរបស់ក្រុមចំណូលថ្មីTriAsia ដែលមិនអាចមើលស្រាលបាន ។ ទោះបីជាយ៉ាងណាក្រុមTriAsia បានធ្វើឱ្យក្រុមចម្ការកៅស៊ូបឹងកេតដែលធ្លាប់ទទួលបានជើងឯកអាម៉ាស់មុខយ៉ាងខ្លាំងតាមរយៈការស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ទៀតនៅនាទីទី៧៣ដោយកីឡាករសួង វីរៈ ពាក់អាវលេខ៣២ ។ លទ្ធផលនាំមុខ២-១នេះបានបន្តរហូតដល់ចប់ការប្រកួត៩០នាទីតែម្ដងទោះបីក្រុមចម្ការកៅស៊ូបឹងកេតខិតខំលេងសម្រុកដើម្បីរកគ្រាប់បាល់តាមស្មើវិញយ៉ាងណាក៏ដោយក៏មិនអាចទម្លុះរបាំងការពាររបស់ក្រុមTriAsia បានឡើយ ។
មួយប្រកួតទៀតក្រុមWestern Uni FC ប្រកួតឈ្នះក្រុមសាកលវិទ្យាល័យអាសីុអឺរ៉ុបក្នុងលទ្ធផល៣ទល់១ ។ នៅតង់ទី១ទោះបីក្រុមទាំង២ប្រឹងលេងសម្រុកគ្នាយ៉ាងណាក្ដីក៏គ្មានឱកាសរកបានគ្រាប់បាល់សូម្បី១គ្រាប់ ។ លុះចូលដល់តង់ទី២កីឡាករពាក់អាវលេខ១០របស់ក្រុមWestern Uni FC បានទាត់បាល់បញ្ចូលទីគូប្រកួតចំនួន២គ្រាប់តែម្នាក់ឯងតាមរយៈការបញ្ជូនបាល់ឱ្យយ៉ាងល្អពីមិត្តរួមក្រុមរបស់ខ្លួននៅនាទីទី៥៩ និង៧០ ។ តែនៅនាទីទី៨១កីឡាករពាក់អាវលេខ១៣ របស់ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្មោះទី ប៊ុនវិចិត្រ រកបានគ្រាប់បាល់១គ្រាប់ឱ្យក្រុមរបស់ខ្លួន តែ១នាទីក្រោយមកគឺនៅនាទីទី៨២ កីឡាករពាក់អាវលេខ៩របស់ក្រុមWestern Uni FC ឈ្មោះM.Privat រកបានគ្រាប់បាល់ឱ្យក្រុមរបស់ខ្លួនបាន១គ្រាប់ទៀតធ្វើឱ្យចប់ការប្រកួតក្រុម Western Uni FC ឈ្នះក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប៣ទល់១ ។
ដោយឡែកការប្រកួតនៅទីលានស្ដាតចាស់ឯណោះវិញក្រុមNaga Corp ដែលជាក្រុមជើងឯកHun Sen-Cup ឆ្នាំ២០១៣ ប្រកួតស្មើក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល០ទល់នឹង០ ។ ក្រុមទាំង២នេះទោះបីលេងសម្រុកគ្នាយ៉ាងណាក៏ដោយក៏មិនអាចបំបែកលទ្ធផលពងមាន់បានដែរ ។ មួយប្រកួតទៀតក្រុមជើងឯកLeague ឆ្នាំ២០១៣ ខេត្តស្វាយរៀង ប្រកួតឈ្នះក្រុមចំណូលថ្មីAlbirex Niigata Phnom Penh ក្នុងលទ្ធផល៦ទល់២ ។ នៅតង់ទី១ក្រុមAlbirex Niigata ហាក់ដូចជាលេងបានល្អដោយរកគ្រាប់បាល់នាំមុខក្រុមខេត្តស្វាយរៀងមួយគ្រាប់មុន ។ ចូលដល់តង់ទី២ក្រុមខេត្តស្វាយរៀងបានប្ដូរទម្រង់លេងពីការលេងស្លូតមកលេងកាចបែបសម្រុករហូតរកបានគ្រាប់បាល់ចំនួន៦គ្រាប់ក្នុងខណៈដែលក្រុមAlbirex Niigata រកបានតែ១គ្រាប់បន្ថែមទៀតនោះ ។ នៅថ្ងៃអាទិត្យម្សិលមិញមានលេងតែ២ប្រកួតប៉ុណ្ណោះក្នុងនោះក្រុមភ្នំពេញក្រោនប្រកួតជាមួយក្រុមក្រសួងការពារជាតិ និងមួយប្រកួតទៀតក្រុមបៀលប្រាយយូណាយធីត ប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលការប្រកួតទាំង២ប្រកួតនេះធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕
ចែករំលែកព័តមាននេះ