ខេត្តសៀមរាប ៖ សាលាក្បាច់គុនល្បុក្កតោនៅក្នុងខេត្តសៀមរាបចំនួន៤ទីតាំងដែលជាថ្នាលបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីបន្តវេន បាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារនូវការដោះស្រាយជាបន្ទាន់ដើម្បីកុំឱ្យដួលរលំ ខណៈខេត្តមួយនេះមានមូលដ្ឋានរឹងមាំជាងគេក្នុងការចងក្រងឯកសាររស់ រហូតកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការដាក់បញ្ចូលគុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ២០២២ទៀតផង ។
ក្រុមគ្រូបង្វឹកបារម្ភខ្លាចគុនល្បុក្កតោលែងមានវត្តមាននៅខេត្តសៀមរាបទៀត ហេតុនេះពួកគាត់បានដង្ហោយឱ្យមានការជួយទំនុកបម្រុងពីភាគីពាក់ព័ន្ធដើម្បីឱ្យសាលាគុនក្នុងខេត្តនេះមានលទ្ធភាពបណ្តុះបានធនធានបន្តវេនប្រកបដោយគុនភាពកាន់តែច្រើនឈានទៅដណ្តើមមេដាយជូនជាតិនៅលើឆាកអន្តរជាតិ ។
ជាក់ស្ដែងបន្ទាប់ពីគុនល្បុក្កតោបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោ រួមគ្នាដណ្តើមបានមេដាយមាស៨ ប្រាក់៨ និងសំរឹទ្ធ៣ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ជាលើកដំបូង គួរជាទីមោទនក្រៃលែង។
លោក ពក អៀង និងប្អូនប្រុស លោក ពក សំអេង និងលោក ពក ផល្លី ដែលបានរួមគ្នាបើកសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ តាំងពីឆ្នាំ២០១៨មកនោះ បានមើលឃើញជារួមថា គុនល្បុក្កតោ នៅពេលនេះមានភាពផុសផុលច្រើនជាងមុនមែន ប៉ុន្តែដំណើរការបណ្តុះបណ្តាលធនធានអ្នកបន្តវេន ពិតជាមានការពិបាក ដែលធ្វើឱ្យសាលាគុនមួយចំនួននៅក្នុងខេត្តសៀមរាបត្រូវបង្ខំចិត្តបិទទ្វារ។
ប្រធានសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង បានឱ្យដឹងថា សាលារបស់លោកបានបិទកាលកូវីដ១៩មួយរយៈ រួចក៏បើកវិញក្រោយកូវីដ ហើយបច្ចុប្បន្ន មានកូនសិស្សចូលហាត់ចំនួន៤០នាក់ ប៉ុន្តែការបើកក្លិបមួយៗជួបការពិបាកទៅលើការជួលទីតាំងហ្វឹកហាត់ ថ្លៃសម្ភារហាត់ រីឯការរកចំណូលដើម្បីផ្គត់ផ្គង់ដល់សាលាគុន ក៏មានបញ្ហាពិបាកច្រើន។
លោកបានបញ្ជាក់ថា ពីមុននៅខេត្តសៀមរាបនេះ មានក្លិបច្រើនដែរ ប៉ុន្តែដោយសារវិបត្តិផ្សេងៗធ្វើឱ្យចំនួនក្លិបដែលបន្តមានសកម្មភាពដល់សព្វថ្ងៃ សល់ត្រឹមប្រមាណ៤ប៉ុណ្ណោះ ព្រោះជាធម្មតាការបើកក្លិបរបស់ពួកយើង អត់មានទទួលបានការជួយឧបត្ថម្ភគាំទ្រពីខាងណាទេ យើងធ្វើដោយចិត្តស្រឡាញ់ ចង់ជួយផ្សព្វផ្សាយ និងពង្រីកគុនល្បុក្កតោឱ្យបានធំទូលាយ តែនៅពេលគាត់មានខ្ទង់ចំណាយច្រើន តែរកចំណូលទ្រទ្រង់អត់បាន គាត់នឹងបិទក្លិបវិញហើយ។
ចំពោះការបើកក្លិប ឬសាលាគុនល្បុក្កតោ នៅខេត្តសៀមរាប លោក ពក អៀង បានទម្លាយថា ម្ចាស់ក្លិបត្រូវហ៊ានលះបង់ទាំងពេលវេលា និងថវិកា ទើបអាចឈរជើងបានយូរ។
ជាក់ស្តែងដូចរូបលោកផ្ទាល់ បើទោះបីជាមានទីកន្លែងហ្វឹកហាត់ខ្លួនឯង ក៏ត្រូវឆ្លៀតទៅធ្វើការងារបន្ថែមដើម្បីរកថវិកាមកទ្រទ្រង់ដល់សាលាគុន ដែលក្នុង១ខែៗត្រូវចំណាយចន្លោះពី១៥០ទៅ២០០ដុល្លារ ។ ទោះបីជាយ៉ាងណា លោកបានអះអាងថា ការស្វែងរកចំណូលពីខាងក្រៅរបស់លោកនាពេលនេះ ក៏មានបញ្ហា ដែលមិនអាចធានាបន្តបើកក្លិបបានយូរដូចគ្នា ។ លោកសង្ឃឹមថា ស្ថានភាពសេដ្ឋ
កិច្ចនៅកម្ពុជានឹងមានភាពប្រសើរឡើងវិញ ហើយសិស្សរបស់លោកនឹងទទួលបានឱកាសចេញប្រកួត និងសម្តែងកាន់តែច្រើននៅតាមព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអាចទទួលបានចំណូល
បន្ថែមមកទ្រទ្រង់ដល់សាលាគុនបន្តទៀត ព្រោះលោកចង់ឃើញគុនល្បុក្កតោ នៅខេត្តសៀមរាប មានការរីកចម្រើនបន្តទៅមុខទៀត។
សិស្សរបស់សាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ មានសមត្ថភាពល្អ ព្រោះពួកគេមានលទ្ធភាពប្រកួតដណ្តើមបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប៉ុន្តែបញ្ហាសំខាន់ អត់សូវមានព្រឹត្តិការណ៍ប្រកួត គឺភាគច្រើនពួកគេមានឱកាសត្រឹមសម្តែងពីការប្រើបច្ចេកទេស និងស្នៀត នៅតាមកម្មវិធីមួយចំនួន។ នៅត្រង់ចំណុចនេះ លោក ពក អៀង ចង់ឱ្យសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងភាគីពាក់ព័ន្ធ រៀបចំឱ្យមានការប្រកួតថ្នាក់តំបន់ នៅតាមខេត្តយ៉ាងហោច១ខែឱ្យបានម្តង ដើម្បីផ្តល់ឱកាសកីឡាករ កីឡាការិនីគុនល្បុក្កតោ បានបញ្ចេញសមត្ថភាព និងបានប្រាក់ចំណូលផង ព្រោះកាលណាពួកគេចង់ឈ្នះដើម្បីបានប្រាក់រង្វាន់
គឺនឹងកាន់តែខិតខំហ្វឹកហាត់ អ៊ីចឹងសមត្ថភាពក៏នឹងមានការកើនឡើងទៅតាមហ្នឹងដែរ។
ផ្ទុយទៅវិញ បើនៅតែខ្សត់ការប្រកួត គឺការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីក៏មានការធ្លាក់ចុះ ហើយបញ្ហានេះ អាចនឹងប៉ះពាល់ដល់ការរក្សាឈ្មោះ«គុនល្បុក្កតោ»នៅស្ថាប័នអង្គការយូណេស្កូផងដែរ។
ជុំវិញការងារនេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា «គុនល្បុក្កតោ» អាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ យូណេស្កូមែន បើសិនជាកម្ពុជាមិនអាចរក្សាបាននូវទម្រង់ដើមជាប្រពៃណីរបស់គុនល្បុក្កតោ នៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកីឡានេះ មានភាពផុសផុល ហេតុនេះទើបកម្ពុជា បានដាក់បញ្ជូលគុនល្បុក្កតោទៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋដើម្បីធ្វើឱ្យមាននិរន្តរភាពនៃគុនល្បុក្កតោរបស់កម្ពុជា។
គួរឱ្យដឹងផងដែរថា ថ្នាលបណ្ដុះបណ្ដាលគុនល្បុក្កតោនៅខេត្តសៀមរាបមានចំនួន៤ទីតាំង
រួមមាន៖
១-សាលាក្បាច់គុនល្បុក្កតោស្រីជ័យដំរីសាមពាន់ ដែលមានលោក ពក អៀង ជាប្រធាន មានទីតាំងស្ថិតនៅភូមិតាចេក សង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប និងមានសិស្សកំពុងហ្វឹកហាត់ចំនួន៤០នាក់(ស្រី៧នាក់) ។
២-សាលាក្បាច់គុនល្បុក្កតោ កំហែងជ័យមានលោក ពិន សំណាង ជាគ្រូបង្គោល និងមានសិស្សប្រុស-ស្រីកំពុងហ្វឹកហាត់ ចំនួន១៧នាក់ ។
កាលពីមុនបើកទីតាំងនៅក្នុងភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុងសៀមរាប តែពេលនេះ
ផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
៣-សាលាក្បាច់គុនល្បុក្កតោខ្មែរអង្គរ មានលោក ម៉ក់ សំរិទ្ធ ជាគ្រូបង្គោល មានសិស្សសរុប៣០នាក់(ស្រី៥នាក់)មកដល់ពេលនេះនៅសល់១៥នាក់ ។
កាលពីមុន សាលាមានទីតាំងនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប តែពេលនេះផ្លាស់ប្តូរទីតាំងថ្មីនៅភូមិភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង៤-សាលាក្បាច់គុនល្បុក្កតោនគរស្រីធម្មរាជ មានលោក វណ្ណ សុភា ជាគ្រូបង្គោល ។ សាលាមានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានសិស្សសរុបចំនួន៤០នាក់ ស្រី១០នាក់ តែបច្ចុប្បន្ននៅសល់តែជាង១០នាក់ប៉ុណ្ណោះ៕







ចែករំលែកព័តមាននេះ