ខេត្តតាកែវ ៖ ព្រះសង្ឃ៣អង្គ និងកូនសិស្សលោក២នាក់ត្រូវប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង៤១នាទីយប់ ថ្ងៃទី១ កុម្ភៈ ២០១៤ ខណៈកំពុងសម្ងំសេពគ្រឿងញៀននៅក្នុងកុដិមួយ ដែលស្ថិតក្នុងវត្តគិរីជុំដោម ឃុំតាអូ ស្រុកគិរីវង់ ។
ក្នុងប្រតិបត្តិការនេះប៉ូលិសដកហូតបានថ្នាំញៀនម៉ាទឹកកកដែលនៅសេសសល់១គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ព្រះសង្ឃទាំង៣អង្គ ១-ព្រះនាមសួស ចាន់ណា អាយុ២២ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ, ២-ព្រះនាម ម៉ម សុភា អាយុ២១ឆ្នាំ រស់នៅភូមិសូរិយា ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត និង៣-ព្រះនាម ញ៉ែត សុផា អាយុ១៨ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ចំណែកកូនសិស្សលោក២នាក់ទៀតម្នាក់ឈ្មោះស៊ុន គឹមហេង ហៅម៉េង អាយុ១៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ និងម្នាក់ទៀតឈ្មោះង៉ិល ម៉េងហៀង ហៅមាំង អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ។
ក្រោយពីប៉ូលិសឃាត់ខ្លួន ព្រះសង្ឃទាំង៣អង្គនេះត្រូវគណៈកម្មការសង្ឃសម្រេចចាប់ផ្សឹក ហើយប្រគល់ឱ្យប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ព្រះសង្ឃ និងកូនសិស្សលោកទាំង៥អង្គ/នាក់នេះត្រូវប៉ូលិសស្រាវជ្រាវស្វែងរកចាប់ខ្លួនតាំងពីពាក់កណ្តាលឆ្នាំ២០១៣មកម្ល៉េះ ។
ចែករំលែកព័តមាននេះ