មនុស្សជាច្រើនពេលដែលគិតពីអ្នកដែលជោគជ័យក្នុងអាជីវកម្ម ឬការវិនិយោគប្រហែលជាគិតថា ពួកគេមានជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម ឬផ្នែកទីផ្សារជាដើម ។ ប៉ុន្តែអ្នកដែលជោគជ័យជាច្រើនមិនពឹងផ្អែកលើជំនាញនេះឡើយ ។ ផ្ទុយមកវិញពួកគេជោគជ័យព្រោះតែជំនាញខាងក្រោមនេះ ៖
១. ការយល់ដឹងពីខ្លួនឯង
អ្នកប្រាជ្ញ សូក្រាត (Socrates ) ធ្លាប់និយាយថា ចំណេះដឹងចាប់ផ្តើមពីការស្គាល់ខ្លួនឯង ។ ការស្គាល់ពីខ្លួនឯង គឺជាកត្តាដ៏សំខាន់មួយក្នុងការដឹងពីហានិភ័យដែលអ្នកអាចទទួលយកបានស្ថានការដែលជំរុញឲ្យអ្នកមានអាកប្បកិរិយាណាមួយ និងចំណុចខ្លាំងដែលអ្នកអាចបន្តអភិវឌ្ឍន៍ ដើម្បីកាន់តែជោគជ័យបន្ថែម ។
ឧទាហរណ៍ដូចជា អ្នកដែលជោគជ័យក្នុងការសន្សំលុយ គឺជាមនុស្សដែលយល់ដឹងថាអារម្មណ៍ដែលពួកគេចង់ទិញសម្ភារៈណាមួយ បន្ទាប់ពីឃើញការផ្សាយពាណិជ្ជកម្ម គឺគ្រាន់តែជាអារម្មណ៍មួយពេលប៉ុណ្ណោះ ដែលជួយឲ្យពួកគេកាត់បន្ថយការខ្ជះខ្ជាយលុយ ។
២. ការគ្រប់គ្រងខ្លួនឯង
អ្នកមិនអាចជោគជ័យក្នុងរឿងលុយបានទេ ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការគ្រប់គ្រងការចាយវាយរបស់ខ្លួន ។ អ្នកដែលជោគជ័យ គឺជាអ្នកដែលអាចទ្រាំទ្រនឹងអារម្មណ៍ចង់ចាយលុយលើសម្ភារៈថ្មីៗដូចជា ទូរស័ព្ទដៃ ឬរថយន្ត និងជាមនុស្សដែលគោរពតាមផែនការចំណាយរបស់ពួកគេ ។
៣. ការជឿជាក់លើខ្លួនឯង
មនុស្សជាច្រើនចូលចិត្តចាយវាយ ដើម្បីអួតអាងគ្នា និងដើម្បីឲ្យចូលចំណោមក្រុមណាមួយចុះ ។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងល្អមួយឡើយ ជាពិសេសប្រសិនបើប្រភពចំណូលរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់ ។ ទម្លាប់នេះកើតមានពីទម្លាប់ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ព្រោះពួកគេមិនមានជំនឿចិត្តលើខ្លួនឯង ។
៤. ការត្រិះរិះពិចារណា
ក្នុងសង្គមយើងនេះមានមនុស្សជាច្រើនដែលមានគោលបំណងមិនល្អ និងចង់ដណ្តើមទ្រព្យសម្បត្តិដែលអ្នកមាន ឬកេងប្រវ័ញពីអ្នក ។ ជារៀងរាល់ថ្ងៃមនុស្សបោកប្រាស់តែងតែគិតពីវិធីថ្មីៗក្នុងការឆបោកអ្នកដទៃ ។ ក្នុងបរិស្ថានបែបនេះ ការត្រិះរិះពិចារណា គឺជាជំនាញមួយដ៏សំខាន់ដែលជួយឲ្យអ្នកការពារខ្លួនបាន ។
អ្នកដែលចេះត្រិះរិះពិចារណាជាមនុស្សដែលអាចថ្លឹងថ្លែងជម្រើសបានល្អ និងអាចដឹង និងជៀសវាងមនុស្សដែលមានគោលបំណងមិនល្អ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ