រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពិតជាឈាមស្រែកស្បែកហៅ សំណុំរឿងឃាតកម្មសម្លាប់ដុតសពស្ត្រីរងគ្រោះជាជនជាតិចិនមានផ្ទៃពោះនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ត្រូវបានវែកមុខរកជនជាឃាតករឃើញហើយ កាលពីថ្ងៃទី២២ ខែកក្កដានេះ តាមពិតជនដៃដល់ គឺជាជនចិនដូចគ្នា ។

ជនសង្ស័យខាងលើមានឈ្មោះ Yang Yang ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ជាបុគ្គលិកក្រុមហ៊ុន ដឹផាកវេ ស្ថិតនៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំណែកជនរងគ្រោះឈ្មោះ Mou Xiao Lin ភេទស្រី អាយុ២៧ឆ្នាំ នាងមានផ្ទៃពោះ បានចូលមកប្រទេសកម្ពុជានៅខែមេសា ឆ្នាំ២០១៩ ស្នាក់នៅសណ្ឋាគារ ញូវហ្វី ប៉ារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងមានសង្សារឈ្មោះ Yang Yang ជនជាតិចិនដូចគ្នា ។

ទាក់ទិននឹងការចាប់ខ្លួនជនសង្ស័យជាឃាតករខាងលើនេះ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ មិថុនា មានការភ្ញាក់ផ្អើលនៅចំណុចដីឡូតិ៍របស់ឧកញ៉ា លី យ៉ុងផាត់ ដោយគេឃើញសពមនុស្សម្នាក់ត្រូវជនមិនស្គាល់ដុតចោលបណ្តាលរោលខ្លោចក្លាយទៅជាផេះ ។ ក្រោយពីភ្ញាក់ផ្អើលនោះ ក៏ដាក់ដាក់បទបញ្ជាឲ្យចុះបើកការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មនេះជាបន្ទាន់ ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់រូបនេះតែម្តង។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងឈានដល់ការឃាត់ខ្លួនជនដៃដល់នេះ គឺខណៈជនរងគ្រោះបាត់ខ្លួន ពីបន្ទប់ដែលស្នាក់នៅ រហូតដល់ម៉ោង៩និង២០នាទីយប់ ក៏មានប្រជាពលរដ្ឋប្រទះឃើញគេយកសពទៅដុតចោលនៅដីឡូត៍ ហើយបើតាមពិនិត្យ និងឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់នៅថ្ងៃទី២៩ មិថុនា គឺមានបុរសជនជាតិចិនម្នាក់បានអូសវ៉ាលីសពណ៌ទឹកប្រាក់ ចេញពីបន្ទប់លើកដាក់រថយន្តចេញទៅបាត់ ។ លុះដល់ថ្ងៃទី៧ កក្កដា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវរកឃើញរថយន្តនោះជារថយន្តដឹកសពយកទៅដុតចោលរបស់ឈ្មោះ Jiang Qing Hua ជនជាតិចិន ដែលម្ចាស់រថយន្តបានឲ្យឈ្មោះ Yang Yang ខ្ចីដឹកមិត្តភក្តិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ក្រោយទទួលព័ត៌មាននេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យជាឃាតកររួចស្រេចទៅហើយ តែដោយសារជនដៃដល់គេចខ្លួនទៅស្រុកចិនបាត់ ទើបបានជារង់ចាំឲ្យគេត្រឡប់មកវិញ ។ លុះ នៅថ្ងៃទី២២ កក្កដា ជនសង្ស័យជាឃាតករចូលមកស្រុកខ្មែរវិញ ហើយក៏ត្រូវចាប់ខ្លួនប្រគល់ខ្លួនឲ្យសមត្ថកិច្ចខ្លួននាំទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង ។
គួររំលឹកថា ៖ សម្លាប់នារីមានផ្ទៃពោះដុតសពកម្ទេចចោល
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ