ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បើតាមប្រភពព័ត៌មានចេញពីមន្ត្រីនគរបាលស្នងការខេត្តប៉ៃលិនបានបង្ហើបឱ្យដឹងថា ស្ត្រីជាមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ពូកែខាងទ្រឹស្តី និយាយសម្តីផ្អែមពិរោះធ្វើឱ្យគេជឿទុកចិត្តរហូតដល់ម្ចាស់ប្រគល់ប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឱ្យយកទៅទិញដីរត់ការប្លង់ ស្រាប់តែរូបគេយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៅវិញ ។
ក្រោយពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោកនេះ នគរបាលក៏បានបញ្ជូនទៅតុលាការកាលពីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី ។ តែទោះបីជាយ៉ាងណាស្ត្រីវ័យក្មេងពូកែល្បិចខាងលើមិនព្រមសារភាព និងទទួលសងលុយគេវិញនោះទេ ទើបនៅរសៀលថ្ងៃទី២៣ ខែកក្កដាដដែលនេះម្ចាស់លុយរកមេធាវី ដើម្បីធ្វើការដោះស្រាយបន្តនៅក្នុងតុលាការខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានច្បាស់ការពីនគរបាលបានឱ្យដឹងថា ស្ត្រីឆបោកប្រាក់គេមានឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។ ចំណែក ឯជនរងគ្រោះមិនបញ្ចេញឈ្មោះទេ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវគេបោកលុយអស់ជាង២០ម៉ឺនដុល្លារ ខណៈជនរងគ្រោះបានពឹងពាក់ឱ្យស្ត្រីឆបោកខាងលើយកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ លុះម្ចាស់ប្រាក់ទើបតែប្រគល់ឱ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដី និងរត់ការប្លង់ ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំនួស ហើយតែងតែនិយាយកុហក់ម្ចាស់ប្រាក់ និងម្ចាស់ដី ដោយបង្វែរមិនឱ្យពួកគេជួបគ្នាអស់រយៈពេលជាច្រើនខែ ហើយគេចមុខថែមទៀត លុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដី ទើបដឹងរឿងពិតប្រាកដថា ស្ត្រីជាមន្ត្រីសុរិយោដីខាងលើជាជនឆបោកអស់រាប់ម៉ឺនដុល្លារ ។ ប្រភពបញ្ជាក់ទៀតថា ស្ត្រីជើងឆើតរូបនេះមិនត្រឹមតែឆបោកប្រាក់ស្ត្រីម្នាក់ខាងលើប៉ុណ្ណោះទេ គឺបោកអ្នកដទៃជាច្រើនទៀត ហើយក៏មានពាក្យបណ្តឹងបន្តបន្ទាប់ផងដែរ ។
ចំណែកស្ត្រីម្ចាស់ប្រាក់មិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា ប្រាក់ដែលគាត់ប្រគល់ឱ្យជនសង្ស័យយកទៅទិញដីនោះមិនបានដីជាកម្មសិទ្ធិរបស់ខ្លួននោះទេ គឺស្ត្រីជនឆបោកឈ្មោះ រឿន ចរិយា បានដាក់ឈ្មោះរបស់គេទាំងអស់ ។ ប្រភពបន្តទៀតថា ស្ត្រីឆបោកខាងលើមិនត្រឹមតែយកប្រាក់ទៅទិញដីធ្វើជាកម្មសិទ្ធិខ្លួនឯងនោះទេ ថែមទាំងយកទៅសាងសង់ផ្ទះសំណាក់មួយយីហោ «កូឡាបប៉ៃលិន» ស្ថិតនៅក្បែរស្ពានថ្មជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសាងសង់រួចរាល់អស់ហើយថែមទាំងជិតដំណើរការបើកសម្ពោធដាក់ឱ្យភ្ញៀវស្នាក់នៅថែមទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយម្ចាស់ប្រាក់នៅតែកើតទុក្ខមិនសុខចិត្ត គឺនឹងប្តឹងទាមទារយកលុយរបស់ខ្លួនទាំងអស់នោះមកវិញ ហើយឱ្យតុលាការចាត់ការតាមនីតិវិធី ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក សូ សុខុន ប្រធានមន្ទីរសុរិយោដីខេត្តបានទទួលស្គាល់ថា ស្ត្រីជា ជនឆបោកម្នាក់ឈ្មោះ រឿន ចរិយា ពិតជាមន្ត្រីរបស់លោកប្រាកដមែន ដោយទទួលបន្ទុកផ្នែកលំនៅឋានពីមុនជាមន្ត្រីផ្នែកភូមិបាលក្រុង ។ លោកបន្តទៀតថា ស្ត្រីខាងលើត្រូវបាននគរបាលឃាត់ខ្លួនសួរនាំបន្ទាប់ពីមានការពាក់ព័ន្ធនឹងករណីឆបោកលុយកាក់គេអស់រាប់ម៉ឺនដុល្លារ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ