ខេត្តឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ក្មេងប្រុសម្នាក់រត់លេងឆ្លងផ្លូវលំក្រាលក្រួសក្រហមមួយខ្សែក្នុងភូមិ ក៏ត្រូវម៉ូតូបុកយ៉ាងពេញទំហឹង បណ្តាលឱ្យក្មេងប្រុសរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្មេងប្រុសដែលស្លាប់ឈ្មោះចាន់ រាជ អាយុ៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកម៉ូតូមួយគ្រឿងខាងលើម៉ាកហុងដាឌ្រីម ធុនC១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភំពេញ ១Z-១៤៤៣ បើកបរដោយឈ្មោះខុន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមប្រភពពីប៉ូលិសផ្នែកចរាចរណ៍ស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះកំពុងតែជាប់រវល់ធ្វើការងារនៅនឹងផ្ទះសម្បែង ហើយក្មេងប្រុសរងគ្រោះរត់លេងនៅក្នុងផ្ទះ លុះពេលឪពុកម្តាយភ្លេចខ្លួនមួយភ្លែត ស្រាប់តែក្មេងប្រុសរងគ្រោះរត់លេងឆ្លងផ្លូវលំ ក៏ត្រូវម៉ូតូបុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះទៅធ្វើការពិនិត្យ និងធ្វើការវាស់វែង រួចប៉ូលិសបានប្រគល់សពក្មេងប្រុសរងគ្រោះទៅឱ្យក្រុមគ្រួសារ និងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ