រាជធានីភ្នំពេញ ៖ ស្រ្ដីម្នាក់ដោយសារមានទំនាស់ក្នុងគ្រួសារ និងចោទថាប្ដីតែងវាយធ្វើបាបចាក់សោមិនឱ្យចូលផ្ទះ បាននាំកូនស្រីម្នាក់អាយុ ៥ឆ្នាំ ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៦ មករា តែមិនបានសម្រេចដោយសារប៉ូលិសអង្គភាពការពារគោលដៅទី៣ ព្រមទាំងអ្នកដំណើរនាំគ្នាឃាត់ទាន់ពេល ។
ស្រ្ដីដែលប៉ងលោតទឹកសម្លាប់ខ្លួននេះឈ្មោះ អ៊ូ ចាន់ណុន ហៅស្រីអូន អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលតាមផ្លូវរទេះភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកប្ដីឈ្មោះ សុខ ផាន់រិទ្ធ អាយុ ៣១ឆ្នាំ ជាកម្មករលីសែងពេលយប់ ។ តាមមន្ដ្រីប៉ូលិសការពារស្ពានជ្រោយចង្វាឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្ដីរូបនេះបណ្ដើរកូនស្រីមានអាយុទើបតែ ៥ឆ្នាំ ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ។ ពេលធ្វើដំណើរជិតដល់កណ្ដាលស្ពាន ស្រាប់តែស្រ្ដីនេះដើរទៅតោងបង្កាន់ដៃស្ពានប៉ងលោតទឹកសម្លាប់ខ្លួន ខណៈនោះប៉ូលិសដែលប្រចាំការរួមទាំងអ្នកដំណើរផងបានឃាត់នាំមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីឈ្មោះ អ៊ូ ចាន់ណុន រៀបរាប់ថា មូលហេតុដែលនាងមិនចង់រស់ ដោយសារតែប្ដីវាយធ្វើបាប និងបានចាក់សោមិនឱ្យចូលផ្ទះ ព្រមទាំងបង្ខាំងកូនស្រី២នាក់នៅក្នុងផ្ទះ ។ ស្រ្ដីរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា មុនដំបូងនាងជាស្រ្ដីមេម៉ាយមានកូនស្រីមួយ ដោយសារប្ដីមានស្រីលែងលះ ។ រយៈពេល៦ឆ្នាំមកហើយ នាងបានស្រឡាញ់គ្នាជាមួយបុរសម្នាក់ទៀតឈ្មោះ សុខ ផាន់រិទ្ធ ធ្វើជាកម្មករលីសែង ហើយរស់នៅជាមួយគ្នាជាប្ដីប្រពន្ធរហូតបានកូនស្រី២នាក់ ដែលពេលនេះកូនបងអាយុ៥ឆ្នាំ និងកូនប្អូនអាយុ ៤ខែ ។ ការរស់នៅជាមួយគ្នាមិនដែលមានសេចក្ដីសុខទេ ត្រូវប្ដីផឹកស្រវឹងវាយធ្វើបាបស្ទើររាល់ថ្ងៃ ដើរចោលផ្ទះទុកឱ្យនាងអត់បាយអត់ទឹក ។ ស្រ្ដីរូបនេះរៀបរាប់ទៀតថា នៅវេលាម៉ោង១២យប់ថ្ងៃទី ២៥ មករា បន្ទាប់ពីទៅណាបាត់៣យប់ ប្ដីក៏ត្រឡប់មកផ្ទះវិញ ពេលនាងសួរនាំពីរឿងប្រាក់ប្ដីប្រាប់ថា ចាញ់ល្បែងអស់ហើយក៏កើតមានទំនាស់គ្នា ហើយប្ដីវាយធ្វើបាប ។ លុះព្រឹកឡើងក៏មានទំនាស់គ្នាម្ដងទៀត ប្ដីចាក់សោមិនឱ្យចូលផ្ទះ ព្រមទាំងបង្ខាំងទុកកូនតូច២នាក់នៅក្នុងផ្ទះ ទើបនាងមិនចង់រស់ក៏ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួន តែប៉ូលិសឃាត់ទាន់ ។ នៅព្រឹកនោះ ប៉ូលិសអង្គភាពការពារគោលដៅទី៣ បានធ្វើការអប់រំស្រ្ដីរូបនេះកុំឱ្យគិតខ្លី ហើយនាំទៅឱ្យប៉ូលិសប៉ុស្ដិ៍ឫស្សីកែវណែនាំបន្ដ រួចឱ្យត្រឡប់ទៅផ្ទះវិញ ។
មន្ដ្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា ស្រ្ដីរូបនេះនិងប្ដីតែងមានទំនាស់គ្នាជាញឹកញាប់ ហើយបានហៅមកអប់រំជាច្រើនលើកច្រើនសាមកហើយ ។ ចំណែកការចោទថា ប្ដីចាក់សោបង្ខាំងមិនមែនទេ គឺប្ដីចាក់សោទៅធ្វើការ ទុកឱ្យកូនស្រីបងមើលប្អូននៅក្រៅផ្ទះ ។ គួរបញ្ជាក់ថា នេះជាអ្នកមានវិបត្ដិទី៣ដែលធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វានៅដើមឆ្នាំ២០១៤នេះ ។ នៅឆ្នាំ២០១៣ កន្លងមក មានបុរស-ស្រ្ដីមានវិបត្ដិចំនួន៣២នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហើយបានស្លាប់ចំនួន៧នាក់ ៕
ចែករំលែកព័តមាននេះ